លិខិតនេះបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់តំណែងអស់រយៈពេលជាង២៧ឆ្នាំហើយ។ ហើយលោកគ្រោងនឹងបន្តកាន់មុខតំណែងនេះរហូតដល់អាយុ៩០ឆ្នាំ។
ភ្នំពេញ៖ សមាជិកសភាសហរដ្ឋអាមេរិកដ៏មានឥទ្ឋិពលចំនួន១២រូបបានសរសេរលិខិតមួយជូនលោកប្រធានាធិបតេ្យបារ៉ាក់ អូបាម៉ា ដើម្បីជំរុញឲ្យលោកប្រធានាធិបតីលើកយកបញ្ហាការរំលោភសិទ្ឋិមនុស្សនៅកម្ពុជាដាក់នៅក្នុងរបៀបវារៈនៃជំនួបកំពូលរវាងសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ។
នៅក្នុងលិខិតដែលមានចុះហត្ថលេខាពីសមាជិកព្រឹទ្ឋសភាចំនួនប្រាំរូប និងសហជិករដ្ឋសភាចំនួនប្រាំពីររូបក្នុងនោះមានលោក ចន ម៉ាក់ខេន (John McCain) អតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាមួយលោកបារ៉ាក់ អូបាម៉ានៅក្នុងអណ្តត្តិទី១នោះបានបញ្ជាក់ថា ខណៈដែលលោកបារ៉ាក់ អូបាម៉ា មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅក្នុងអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខាងមុខនេះយើងមាន ការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហារំលោភសិទ្ឋិមនុស្សកាន់តែអាក្រក់ហើយយើងជំរុញឲ្យលោកប្រធានាធិបតីលើកយកបញ្ហាព្រួយបារម្ភនេះជាសាធារណៈក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅកម្ពុជា។
លិខិតនេះបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់តំណែងអស់រយៈពេលជាង២៧ឆ្នាំហើយ។ ហើយលោកគ្រោងនឹងបន្តកាន់មុខតំណែងនេះរហូតដល់អាយុ៩០ឆ្នាំ។
ក្នុងរយៈពេលនៃការកាន់កាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានការរំលោភសិទ្ឋិមនុស្សយ៉ាងច្រើន ដោយរាប់បញ្ចូលទាំងការបាញ់សម្លាប់សកម្មជនការពារព្រៃ ឈើគឺលោក ឈុត វុទ្ឋីការបាញ់សម្លាប់កុមារីម្នាក់នៅភូមិប្រម៉ា និងការកាត់ទោសលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសម្បុកឃ្មុំឲ្យជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំ។ ការចាប់ខ្លួនព្រះតេជគុណលួន សុវ៉ាត និងការកាត់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ឋនាគារចំនួន១២ឆ្នាំ ដែលសុទ្ឋសឹងជាបញ្ហារំលោកការសិទ្ឋិមនុស្សហើយប្រសិនបើលោកបារ៉ាក់ អូបាម៉ា មិនលើកយកបញ្ហាទាំងនេះទេគឺជាបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រលិទ្ឋិប្រជាធិបតេយ្យក្នុងតំបន់អាស៊ី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានហៅការលើកឡើងរបស់សមាជិកសភារបស់សហរដ្ឋអាមេរិកថា មិនបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជាទេ។ លោកបានបញ្ជាក់ថាសារទាំងនេះគ្មានតម្លៃអ្វីសម្រាប់កម្ពុជាក៏ដូចជាប្រជាពលរដ្ឋអាមេរិក។
«គ្រាន់តែជាវោហាសព្ទមួយដើម្បីពង្រឹងគណបក្សប្រឆាំងតែប៉ុណ្ណោះ ដោយសារក្រុមគេទាំងអស់ហ្នឹងជាអ្នកគាំទ្រគណបក្សប្រឆាំងតាំងពីដើមមក។ ហើយគេទទួលបរាជ័យពីរបីអណត្តិមកហើយ»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា ការលើកឡើងរបស់សមាជិករដ្ឋសភានិងព្រឹទ្ខសភាសហរដ្ឋអាមេរិកគឺជារឿងត្រឹមត្រូវដែលអាចនឹងដឹកនាំកម្ពុជាទៅរកស្ថិរភាព និងសន្តិភាពពិតបា្រកដ។
«ជាការពិតដោយគ្មានការក្រឡៃអ្វីទេពីព្រោះសហគមន៍អន្តរជាតិ អង្កការសហប្រជាជាតិប្រទសមហាអំណាចធំៗអត់មានទំនាស់ផលប្រយោជន៍អ្វីនៅក្នុងប្រទេសកម្ពុជានេះទេ ក្រៅពីតែជួយធ្វើបំពេញកាតព្វកិច្ចអន្តរជាតិដើម្បីស្វែងរកសុភមង្គល យុត្តិធម៌ ការគោរពសិទ្ឋិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពិភពលោកតែប៉ុណ្ណោះ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យបាននិយាយថា លោកប្រធានាធិបតេយ្យបារ៉ាក់ អូបាម៉ាគួរតែធ្វើការថ្លឹងថ្លែងមើលថាតើលិខិតនោះរវាងបញ្ហាក្នុងស្រុកនិងក្នុងប្រទេសវាមានសារៈសំខាន់ប៉ុណ្ណាក្នុងគោលនយោបាយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ លោកបានបញ្ជាក់តើវាសំខាន់គួរតែលើកឬក៏ជាបញ្ហាបន្ទាប់បន្សំ។ លោកបានបញ្ជាក់ទៀតថាបញ្ហានេះគួរតែលោកអូបាម៉ាឲ្យអ្នកថ្នាក់ក្រោមជាអ្នកនិយាយ។
«លោកអាចចាត់ឲ្យខាងលំដាប់ទាបដូចជាខាងក្រសួងការបរទេសឬរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកទៅលោកមិនលើកខ្លួនគាត់ទេ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក អូបាម៉ា លោកស្រីហ៊ីល ឡារីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងលី អូនប៉ានេតា រដ្ឋមន្ត្រីក្រសួងការពារជាតិគ្រោងនឹងមកកម្ពុជានៅថ្ងៃទី១៩ខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក៕