កម្ពុជា​បន្ត​ទទូច​ឱ្យ​វៀតណាម​គោរព​ព្រំដែន

បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ដើរ​ដង្ហែរ​ក្បួន​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​ឆ្នាំ​២០១៤​ ទាម​ទារ​អោយ​អ្នក​នាំ​ពាក្យ​នៃ​ស្ថាន​ទូត​វៀតណាម​ ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ជុំ​វិញ​ការ​លើក​ឡើង​ថា​ទឹក​ដី​កម្ពុជា​ក្រោម​គឺ​ជា​របស់​វៀតណាម​តាំង​ពី​យូរ​ណាស់​មក​ហើយ។ (រូប​ថត​ដោយ៖ ស៊ុយ ហ៊ាមខេមរា)

ក្រសួង​ការ​បរទេស​កម្ពុជា​អះអាង​ថា ​ប្រទេស​វៀតណាម​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ពិនិត្យ​មើល​ករណី​ជីក​ស្រះ​ទឹក​ចូល​ទឹកដី​ប្រទេស​កម្ពុជា​និង​ការ​សាងសង់​ប៉ុស្តិ៍​យោធា​តាម​ព្រំដែន​ដែល​នាំ​ឱ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។​

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ក្នុង​ជំនួប​រវាង​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជាមួយ​នឹង​លោក​ Le Hoai Trungអនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ ភាគី​កម្ពុជា​បាន​លើក​ពី​ករណី​វៀតណាម​ជីក​ស្រះ​នៅ​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី ​និង​ករណី​សាងសង់​ប៉ុស្តិ៍​យាម​នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ​ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ និង​បាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ ទោះបី​ជា​ក្នុង​ករណី​ជា​ការ​ជួសជុល​ប៉ុស្តិ៍​យាម​ចាស់​ដូច​ការ​អះអាង​របស់​ភាគី​វៀតណាម​ក៏​ដោយ។​

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​កំណត់​ការទូត​របស់​ក្រសួង​ការបរទេស​កម្ពុជា​នា​ពេល​កន្លង​មក ថ្នាក់​ដឹកនាំ​វៀតណាម​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​វៀតណាម​ហើយ​បច្ចុប្បន្ន​ក៏​កំពុង​រង់ចាំ​របាយការណ៍​នេះ។ ​

ក្រសួង​ការបរទេស​និង​សកម្មជន​ព្រំដែន​បាន​រក​ឃើញ​ថា​ ថ្មីៗ​នេះប្រទេស​វៀតណាម​បាន​ចូល​ជីក​ស្រះ​ទឹក​ចំនួន​ប្រាំបី​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​មាន​ស្រះ​ទឹក​មួយ​បាន​ចូល​ជ្រៅ​លើស​ពី​កន្លះ​គីឡូម៉ែត្រ។ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​និង​សុំ​ឱ្យ​វៀតណាម​លុប​ស្រះ​នោះ​ចោល​វិញ។​

អង្គការ​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ​នៅ​ក្នុង​ចំណាត់ការ​រដ្ឋបាល​មួយ​ លោក ​រចំ ជិប ប្រធាន​ប៉ុស្តិ៍​ព្រំដែន​ត្រូវ​បានផ្លាស់​ប្តូរ​ចេញ​ពី​ការងារ​ផង​ដែរ។​

លោក ​ឆាយ ធី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា៖

«នៅ​ក្នុង​នោះ​ពលរដ្ឋ​ក៏​គាត់​ធ្វើ​លិខិត​មក​សមាគម​អាដហុក​ផង​ដែរ ​ដែល​គាត់​ស្នើ​សុំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ហើយ​គាត់​បាន​ចាត់​ទុក​ថា​ មេប៉ុស្តិ៍​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​បូរណភាព​ដែនដី​ហើយ​ថែម​ទាំង​បណ្តែត​បណ្តោយ​ឱ្យ​ពលរដ្ឋ​វៀតណាម​ចូល​ក្នុង​ទឹកដី​ខ្មែរ​រហូតដល់​បណ្តោយ​ឱ្យ​មាន​ភ្នាក់ងារ​វៀតណាម​ចូល​មក​ធ្វើការ​ថត​រូប​ក្នុង​អង្គប្រជុំ​ជាដើម​ដែល​សហគមន៍​គាត់​ប្រជុំ​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ឯកឧត្តម​ ម៉ៅ មុនីវណ្ណ​ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​‍ជាដើម‍»។​

លោក​ ងួន គឿន ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ថា​ មិន​មាន​សកម្មភាព​ពលរដ្ឋ​វៀតណាម​ចូល​មក​ទៀត​ទេ។ លោក​បដិសេធ​មិន​ឆ្លើយ​នឹង​បញ្ហា​អ្វី​ផ្សេង​ដោយ​បង្វែរ​សំណួរ​ទៅ​ថ្នាក់​ដឹកនាំ​ខេត្ត។ VOA ​មិន​អាច​ទាក់​ទង​លោក​ ថង សារុន​ អភិបាល​ខេត្ត​បាន​ទេ​ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។

បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​កក្រើក​ឡើង​វិញ​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាមបាន​ចូល​មក​បាញ់​ថ្នាំ​កម្ទេច​ដំណាំ​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​មាន​សកម្មជន​ព្រំដែន​និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​មាន​ការ​រំលោភ​ចូល​ជាច្រើន​កន្លែង។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ប្រទេស​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ចំនួន​១១​តវ៉ា​នឹង​ការ​ចូល​រំលោភ​ព្រំដែនពី​សំណាក់​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា៕