​ពលរដ្ឋ​ក្រុង​ភ្នំពេញ​សប្បាយ​នឹង​ការ​ដាក់​ទោស​ធ្ងន់​លើ​នួន ជា​និង​ខៀវ សំផន

ប្រជា​ពលរដ្ឋ​​បាន​សាទរ​​សេចក្តី​សម្រេច​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ផ្តន្ទា​ទោស​​នួន ជា ​និងខៀវ សំផន​ ឲ្យ​ជាប់​ពន្ធនាគារ​​មួយ​ជីវិត​។

ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នានាក្នុង​ទីក្រុង​ភ្នំពេញភាគ​ច្រើន​បាន​សម្តែង​ការ​សាទរ​នឹង​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​ផ្តន្ទា​ទោសនួន ជា ​និងខៀវ សំផន​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​នេះ។

​នេះជា​សាល​ក្រម​សម្រាប់​ការ​កាត់​ទោសជនជាប់​ចោទ​ទាំងពីរ​ដំណាក់​កាល​ទី​១​ក្នុង​សំណុំ​រឿង​០០២។

កំពុង​អង្គុយ​តាម​ដាន​ការ​ផ្សាយ​បន្តផ្ទាល់តាម​កញ្ចក់​ទូរទស្សន៍​អំពី​ការ​ប្រកាស​សាល​ក្រម​ដែល​អាន​ដោយ​លោក​ចៅ​ក្រម​និល ណុន ​ប្រធានអង្គ​ជំនុំជម្រះ​សាលា​ដំបូង ​លោក​ឈឹម​ វុត្ថា​ ​គឺ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​សង្កាត់​ទឹក​ថ្លា។ ​បុរស​អាយុ​ ៤៦​រូបនេះ​និយាយ​ថា​លោក​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការនេះ។​

«ទង្វើ​របស់​អ្នក​ទាំងពីរ​ដែល​បាន​ធ្វើ​កន្លង​មក​គឺ​សក្តិសម​នឹងឲ្យ​តុលាការ​សម្រេច​ដូច្នេះ​ហើយ។ អ្នកណា​ក៏​ដឹងដែរថា​គាត់​ទាំង​ពីរ​ហ្នឹងសុទ្ធ​តែ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ដែរ»។

Your browser doesn’t support HTML5

មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហមកាត់ទោស​មួយ​ជីវិត

ក្នុង​ហាង​កាហ្វេ​មួយ​ស្ថិត​ក្នុង​ម្តុំ​ផ្សារ​អូរ​ឬស្សីដែល​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ពីការ​ប្រកាស​សាល​ក្រម​នេះ​ដែរ​ ​លោក​ ទី​ សុ​វ៉ា​វ៉ាត់​គឺ​ប្រជាពលរដ្ឋរស់​នៅ​ក្នុង​សង្កាត់ទន្លេបាសាក់។​ ក្នុងវ័យ​៥២​ឆ្នាំ​លោកថ្លែង​ថា​សាលក្រម​នេះ​មិន​មាន​ជា​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ។​

«អ្វី​ដែល​សំខាន់​គឺ​មេរៀន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​តើ​ ​មិនមែន​សំខាន់​រឿង​ជាប់​គុក​មួយ​ជីវិត​ទេ​ប៉ុណ្ណឹង​ទេពីព្រោះ​ប្រជា​ជន​ខ្មែរ​អ្នកណា​ក៏​ដឹង​ដែរ។​ខ្ញុំ​មើល​ទៅ​ខៀវ​ សំផន​គាត់​អាយុ​៨៤​ហើយ​ហ្នឹងហើយ​អាយុ​ប៉ុណ្ណឹងជា​ភ័ព្វ​វាសនា​របស់​គាត់​ទៅ​ហើយ។ ​អ្នក​ខ្លះ​គាត់​រស់​មិន​ដល់​ប៉ុណ្ណឹង​ផង»។

រី​ឯ​លោក​ស៊ុន សុខាប្រជាពលរដ្ឋ​រស់​នៅ​ក្នុងសង្កាត់​បឹងកេងកង​វិញ​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ។

​«ការ​កាត់​ក្តីរបស់តុលា​ការ​នេះ​សម្រាប់​ពូគឺថា​វាមាន​យុត្តិធម៌​ហើយ​ទោសកំហុស​របស់​គាត់​ទាំង​ពីរ​ហ្នឹង​វា​ធំ​ខ្លាំង​ណាស់ការ​ដឹកនាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ប្រ​ជាពលរដ្ឋឯង​អស់​ដល់​ជិត​ ២​លាន​នាក់​ហ្នឹង»។

​កញ្ញា​លី​ យូអ៊ី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​វិញនិយាយ​ថា កញ្ញា​ និងក្រុមគ្រួសារ​របស់​កញ្ញា​គាំទ្រ​ទៅនឹង​ការ​សម្រេច​របស់​តុលាការ​នេះ​ដែរ។

«ចំពោះ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​ឮ​គាត់​និយាយ​ដែរ​ថា​គាត់​មិន​បាន​បង្ហាញ​ការ​អាក់អន់​ស្រពន់​ចិត្ត​អ្វីទេ។ ខ្ញុំ​យល់​ថា​វាបាន​ផ្តល់​យុត្តិធម៌ ចំពោះ​ខ្ញុំ​ខ្លួន​ឯង​ខ្ញុំ​ប្រហែល​អត់​ដឹងថា​វា​លំបាក​យ៉ាង​ម៉េច​ទេ​ប៉ុន្តែនៅ​ពេល​មើល​ឃើញ​អ្នក​នៅទី​នោះផ្ទាល់​គាត់​បាន​ទះដៃ​គាត់​សប្បាយ​ចិត្ត​នឹង​លទ្ធផល​មើលទៅ​គាត់​ទទួលបាន​យុត្តិធម៌​ហើយ»។

សម្រាប់អ្នក​រត់​ម៉ូតូ​កង់​បី​អាយុ​ ៧០​ឆ្នាំ​នៅ​ខណ្ឌ​សែន​សុខ លោក​ កាវ​ យ៉ិល វិញសម្តែង​ការ​គាំទ្រ​សាលក្រម​របស់​តុលាការ​ ក៏​ប៉ុន្តែមិន​បាន​ទម្លាក់​កំហុស​ទាំងស្រុង​លើ​លោក​នួន​ ជា​ និង​ខៀវ​ សំផន​នោះ​ទេ។

«ខ្ញុំ​យល់​ថា​វា​សមរម្យ​ហើយ​គ្នា​វា​ជិត​អស់​ជីវិត​ឥឡូវ​ហើយ​ ធ្វើ​តាម​គេ​ដូច​តែ​គ្នាអាហ្នឹង​នៅ​ក្រោយ​គេចឹង​ធ្វើ​តាម​គេ​នៅ​ពេល​បញ្ជា​មក​ហើយ​ គ្នា​ត្រូវ​តែ​ប្រឹង​ធ្វើ​ហើយ។​គ្មានអាណា​ខូច​ជាង​អាណា​នោះ​ទេដូចៗ​តែ​គ្នា​ទេ។ការ​សម្លាប់​មនុស្ស​របស់​វា​ហ្នឹង​ក៏​មិនមែនជា​បំណង​របស់​វា​ដែរ ​ដូច​ថា​បន្ត​ៗគ្នា​មក»។​

​ដំណាល​គ្នា​នឹង​ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​បាន​អបអរសាទរ​ការផ្តន្ទាទោស​នួន ជា ​និង​ខៀវ សំផន​ក្រុម​មេធាវី​ការពារក្តី​ជនជាប់ចោទ​ទាំងពីរ​បាន​ប្រកាស​ប្តឹង​សារទុក្ខ​ក្នុង​ពេល​ខាងមុខនេះ៕