មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅប្រទេសភូមា លោកស្រី Aung San Suu Kyi កំពុងអំពាវនាវទៅអង្គការពលកម្មពិភពលោកដើម្បីបន្តជួយធ្វើឲ្យប្រសើរឡើងនូវ កំនត់ត្រាមិនល្អស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសលោកស្រី។ ដោយសារលោកស្រីមិនអាចចាកចេញពីប្រទេសភូមាបាន លោកស្រីបានអំពាវនាវតាមរយៈទូរទស្សរ៍ទៅកាន់គណៈប្រតិភូជាច្រើន ដែលចូលរួមក្នុងសនិ្នសីទរបស់អង្គការពលកម្មពិភពលោកនៅទីក្រុងហ្សឺណែវ (Geneva)។
នៅក្នុងសារជាវីដេអូរបស់លោកស្រី Aung San Suu Kyi ជាមេដឹកនាំគាំទ្រប្រជាធិបតេយ្យបានបង្ហាញពីការដឹងគុណ ដល់អង្គការពលកម្មពិភពលោក ក្នុងនាមប្រជាពលរដ្ឋភូមាសម្រាប់ការងារដ៏ហ្មត់ចត់របស់អង្គការនេះ លោកស្រីមានប្រសាសន៍ថា យុត្តិធម៌សង្គមគឺជាមូលដ្ឋានគ្រឹះមួយក្នុងការទទួលបាននូវសន្តិភាពដ៏យូរអង្វែង។ ហើយមានអង្គការតិចតួចណាស់ដែលបានទទួលជោគជ័យក្នុងការបន្តគោលដៅនេះដូចជាអង្គការពលកម្មពិភពលោក។
លោកស្រីបានកោតសរសើរដល់ជោគជ័យនានាក្នុងការធ្វើឲ្យប្រសើរឡើងនូវ ស្តង់ដាការងារជាអន្តរជាតិផ្សេងៗ ការជ្រើសរើសបុគ្គលិក និងការការពារផ្នែកសង្គមដល់កម្មករ កម្មាការីជាច្រើនជុំវិញពិភពលោក។ លោកស្រី Aung San Suu Kyi មានអាយុ៦៥ឆ្នាំ និងទទួលបានពានរង្វាន់ណូបែល ជំរុញឲ្យអង្គការពលកម្មពិភពលោកពង្រឹងបន្ថែមលើជោគជ័យនេះដើម្បីធានាថា ប្រទេសទាំងអស់ទទួលយកនយោបាយនានាដែលនាំទៅរកយុត្តិធម៌សង្គម។
«នៅទីនេះ ខ្ញុំសូមធ្វើការអំពាវនាវជាពិសេសមួយសម្រាប់ប្រទេសរបស់ខ្ញុំ គឺប្រទេសភូមា។ ក្នុងខណៈពេលមួយនោះ ប្រទេសភូមាធ្លាប់ត្រូវបានគេចាត់ទុកជាប្រទេសដែលទំនងជាមានជោគជ័យមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ឥឡូវនេះ ប្រទេសនេះស្ទើរតែចាញ់ប្រទេសទាំងអស់ក្នុងតំបន់នេះ។ ការងាររបស់អង្គការពលកម្មអន្តរជាតិនៅប្រទេសរបស់យើង បានបង្ហាញពីការព្រួយបារម្ភនូវការមិនអាចបែងចែកបានខាងសង្គម នយោបាយ និងសេដ្ឋកិច្ច»។
លោកស្រីបានធ្វើការកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការពលកម្មពិភពលោកក្នុងការលប់បំបាត់នូវពលកម្មដោយបង្ខំ និងការយកកុមារមកធ្វើជាទាហាន និងបានរួមបញ្ចូលទាំងមូលហេតុនៃអ្នកទោសមនសិកា និង សេរីភាពនៃការបញ្ចេញមតិ និងធ្វើឲ្យមេដឹកនាំយោធាភូមាគោរពតាមនីតិរដ្ឋ។
អង្គការពលកម្មពិភពលោកកំពុងធ្វើការងារប្រឆាំងនឹងពលកម្មដោយបង្ខំនៅក្នុងប្រទេសភូមាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ឃើញមានការរីកចម្រើនបន្តិចបន្តួចក្នុងការលប់បំបាត់ការអនុវត្តទាំងនេះ ទោះជាមានការសន្យាដដែលៗពីមេដឹកនាំយោធាក្នុងការបញ្ចប់ពលកម្មដោយបង្ខំ និងកែទម្រង់ច្បាប់ការងារផ្សេងៗរបស់ប្រទេស។
កាលពីដើមខែនេះ គណៈកម្មាធិការពិសេសរបស់អង្គការ IlO ទទួលខុសត្រូវស្ថានភាពនៅប្រទេសភូមា ដែលគេស្គាល់ថាជា Myanmar ផងដែរបានបង្ហាញពីការសោកស្តាយដែលថាគ្មានភាពរីកចម្រើនឆ្ភោះទៅរកការអនុវត្តតាមគណៈកម្មាការស៊ើបអង្កេតក្នុងឆ្នាំ១៩៩៨ ក្នុងការបញ្ចប់ពលកម្មដោយបង្ខំ និង ការដាក់ទោសអ្នកដែលមានការពាក់ពន្ធ័នឹងការប្រព្រឹត្តទាំងនោះ។
លោកស្រី Aung San Suu Kyi និយាយថា ប្រជាពលរដ្ឋភូមាកំពុងតែតស៊ូក្នុងការផ្លាស់ប្តូរនយោបាយក្នុងប្រទេសភូមាក្នុងរយៈកាលជាយូរអង្វែង។ លោកស្រីមានប្រសាសន៍ថា ប្រជាពលរដ្ឋភូមាកំពុងមានការស្រេកឃ្លានចង់បានសង្គមមួយដែលផ្អែកលើយុត្តិធម៌ ភ្ជាប់ជាមួយនឹងការរីកចម្រើនខាងនយោបាយ និងសេដ្ឋកិច្ច។
«យើងសង្ឃឹមថា អង្គការ IlO នឹងពង្រីកសកម្មភាពក្នុងប្រទេសភូមា ដើម្បីជួយជំរុញក្នុងវិស័យយុត្តិធម៌សង្គមនៅប្រទេសរបស់យើង។ យើងមានការព្រួយបារម្ភជាពិសេសចង់ឲ្យកម្មកររបស់យើងអាចនឹងបង្កើតជាសហជីពពាណិជ្ជកម្មនានាដែលគិតពីស្តង់ដាការងារអន្តរជាតិកម្រិតខ្ពស់បំផុត»។
ក្នុងការអំពាវនាវទៅកាន់អង្គការ ILO មេដឹកនាំគាំទ្រប្រជាធិបតេយ្យរូបនេះបានកត់សម្គាល់ពីការបរាជ័យរបស់ប្រជាជាតិមួយនឹងបង្កើតជាឧបសគ្គនានាក្នុងការរីកចម្រើនរបស់ប្រទេសដទៃផ្សេងទៀត។ លោកស្រីមានប្រសាសន៍ថា គេមិនគួរទុកឲ្យប្រទេសភូមាបរាជ័យទេ ហើយពិភពលោកក៏មិនត្រូវទុកឲ្យភូមាបរាជ័យដែរ៕
ប្រែសម្រួលដោយ នាង ហ៊ុយ សម្ផស្ស ។