អ្នកទោស​នយោបាយ​ភូមាធ្វើ​កូដកម្ម​អត់​អាហារ​

អ្នកទោស​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ប្រទេស​ភូមា​ក្រោយ​ពី​រដ្ឋាភិបាល​ភូមា​បន្ថយ​សាលក្រម​ជាប់​ពន្ធនាគារ​ជាទូទៅ​​មួយ​ឆ្នាំ យោង​តាម​ការ​លើក​លែង​ទោស​ជា​ទូទៅ​ នៅ​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ឆ្នាំ​២០១១។​

អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​អ្នកទោស​នយោបាយ​ជាង២០​នាក់​ដែល​ត្រូវបាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ អ៊ិនសេន​ (Insein) យ៉ាង​អប្រិយ៍​នៃ​ប្រទេស​ភូមា ​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​អត់​អាហារ​កាលពី​អាទិត្យ​មុន​ដើម្បី​ប្រឆាំងតវ៉ា​នឹង​ការ​ខ្វះ​ចំណី​អាហារឲ្យ​ដល់​អ្នកទោស​ទាំង​អស់ហើយ​អំពាវនាវ​ឲ្យផ្ដល់​សិទ្ធិជា​មូលដ្ឋាន។ ​ ​អ្នកទោសសកម្មជន​មួយ​ក្រុម​និយាយ​ថា​អ្នក​ធ្វើ​កូដកម្មខ្លះ​ត្រូវបាន​គេ​ដាក់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ដាច់​តែ​ឯង។

អង្គការ​សិទ្ធិ​មនុស្ស​នានា​ឲ្យ​ដឹង​ថា​ អ្នកទោស​នយោបាយយ៉ាង​តិច​៣៣​នាក់​នៅ​ក្នុង​ពន្ធនាគារ​អ៊ិនសេន​យ៉ាង​អប្រិយ៍នៅ​ជិត​ទី​ក្រុង​ រ៉ង់ហ្គូន (Rangoon) ​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​អត់​អាហារ​កាល​ពី​អាទិត្យ​មុននៅ​ពេល​ដែល​ស្ដ្រី​អ្នក​ទោស​មួយ​ក្រុម​តវ៉ា​ចំពោះ​ការ​លើក​លែង​ទោស​របស់​រដ្ឋាភិបាល​ដែល​បន្ថយ​សាលក្រម​ជាប់​ពន្ធនាគារ​ជាទូទៅមួយ​ឆ្នាំ។

អង្គការ​ (Assistance Association for Political Prisoners) ឬ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ មាន​ទី​ស្នាក់ការ​នៅ​ប្រទេស​ថៃ​ហៅ​កាត់​ថា​ អេអេភីភី​ (AAPP) ឲ្យ​ដឹង​ថា​ ការ​ទាមទារ​របស់ក្រុម​អ្នក​ធ្វើ​កូដកម្មមាន​រួម​ទាំង​ចំណី​អាហារ​ ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ សម្លៀក​បំពាក់​ល្អ​ជាង​មុន​ ការ​បញ្ចប់​ការ​ដាក់​នៅ​ក្នុង​បន្ទប់​ដាច់​តែ​ម្នាក់​ឯងឆ្ងាយ​ពី​អ្នក​ទោស​ដទៃ​ទៀត​ ហើយ​អនុញាតឲ្យ​គ្រួសារ​ មាន​សិទ្ធិ​ទៅ​សួរ​សុខទុក្ខ​បាន។​ អង្គការ​នោះឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ពេល​នោះ​មក​ អាជ្ញាធរ​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ដោយ​បាន​បញ្ជូន​ អ្នក​តវ៉ា​ ដែល​គេ​មិន​បាន​ដឹង​ចំនួន​យក​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​ដាច់​តែ​ម្នាក់​ឯង​ដែល​មិន​ធំ​ជាងទ្រុង​ដាក់​ឆ្កែ​ប៉ុន្មាន​ទេ។

លោក​ បូជី​ (Bo Kyi) ​ជា​សហ​លេខាធិការ​នៃ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​នៅ​ប្រទេសភូមាមាន​ទី​ស្នាក់​ការ​នៅ​ប្រទេស​ថៃ។

«តាម​ដែល​យើង​ដឹង​គឺ​ថា​ អ្នក​ទោស​ខ្លះ​ត្រូវ​បាន​ផ្លាស់​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​ដូច​ទ្រុង​ដាក់​ឆ្កែ។​ យើង​មិន​ដឹង​អំពី​សេចក្ដី​លម្អិត​នៃ​ការ​ប្រព្រិត្ដិ​ធ្វើទៅ​លើ​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ទេ។​ មាន​អ្នក​ខ្លះ​ត្រូវ​បាន​គេ​ប្រាប់ថា​ឲ្យ​រៀប​អីវ៉ាន់​ពីព្រោះ​ពួក​គេ​អាច​ត្រូវ​បាន​ផ្លាស់​ទៅ​ពន្ធនាគារផ្សេង​ទៀត»។

លោក បូជី​និយាយ​ថាអាជ្ញាធរ​សង្ឃឹម​ថា​នឹង​បន្ថយ​កម្លាំង​នៃ​ការ​តវ៉ា​ដោយ​បំបែក​ជួរ​ក្រុម​អ្នក​តវ៉ា​ ហើយបញ្ជូន​ពួក​គេ​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ផ្សេង​ទៀត។​ លោក​និយាយ​ថា​ គ្រួសារ​របស់​អ្នកទោស​កំពុង​តែ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​សុខុមាលភាព​របស់​អ្នក​ទោស​។

«គ្រួសារ​ខ្លះ​របស់​អ្នកទោស​នយោបាយ​ពិត​ជា​ព្រួយ​បារម្ភ​អំពី​អ្នក​ធ្វើ​បាតុកម្ម​ ជា​ពិសេស​សេចក្ដី​ ព្រួយ​បារម្ភយ៉ាង​ធំ​ចំពោះ​ការ​ប្រព្រិត្ដ​អំពើ​យ៉ាង​ឃោរឃៅ​ ទៅ​លើ​ពួក​គេ»។

ការ​លើក​លែង​ទោស​ឲ្យ​ពួក​អ្នក​ទោស​ ដោយ​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​ភូមាដែល​គេ​ស្គាល់​ហៅ​ថា​ Myanmar​ ដែរ​នោះ​ កាត់​បន្ថយ​អាណត្ដិ​ពន្ធនាគារ​មួយ​ឆ្នាំ ក៏​ប៉ុន្ដែ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​នៅ​ទូទាំង​ពិភព​លោក​ ថា​មិន​គ្រប់​គ្រាន់។

អង្គការ​សិទ្ធិ​មនុស្ស​នានា​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​ដោះ​លែង​អ្នកទោស​ប្រមាណ​មួយម៉ឺន​បួន​ពាន់​នាក់​ដែល​ ត្រូវ​ជាប់​ពន្ធនាគារ​ មិន​ដល់​មួយ​ឆ្នាំ​ទៀត។​ ក៏​ប៉ុន្ដែ​មាន​ចំនួន​ប្រមាណ​តែ​៥៥​នាក់​ប៉ុណ្ណោះ​ដែល​គេ​ជឿ​ថា​ជា​អ្នកទោស​នយោបាយ។​ គេ​ជឿ​ថា​មានអ្នក​ទោស​ប្រមាណ​ជាង​២​ពាន់​នាក់​ជាប់​ក្នុង​ពន្ធនាគារនៅ​ក្នុង​ប្រទេស​ភូមា។

ជន​ដែល​ជាប់​ឃុំ​ឃាំង​រួម​មាន​ព្រះ​សង្ឃជាង​២០០​អង្គ​ហើយនឹង​សមាជិក​៣០០​នាក់នៃ​គណបក្ស​សម្ព័ន្ធភាពដើម្បី​ប្រជាធិបតេយ្យ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន