ការ​ផ្ទុះ​អាវុធ​នៅ​ភូមា​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​សាយភាយ​នៃ​ជម្លោះ

Indian Air Force helicopters cross paths while performing an aerobatic flight on the opening of the Aero India 2013 at Yelahanka air base in Bangalore.

ការ​ប្រយុទ្ធ​គ្នារវាង​កង​ទ័ព​ភូមា​ និង​ក្រុម​បះបោរ​ជនជាតិ​ភាគ​តិច​ កាឈិន ​(Kachin)​ នៅ​ភាគ​ឦសាន​ប្រទេស​នេះ​បាន​រាល​ដាល​ទៅ​ដល់​ខេត្ត​សាន​( Shan)​ ដែល​នៅ​ជិត​ខាង។ ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​កើន​ឡើង​អំពី​ការ​រាល​ដាល​នៃ​ជម្លោះ​នេះ។​ ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​ព្រំ​ប្រទល់​ប្រទេស​ចិន ​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់​ទាំង​សង​ខាង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១១​សប្តាហ៍​មុន​នេះ ​ការ​ផ្ទុះ​អាវុធ​នៅ​តែ​បន្ត​រវាង​កង​ទ័ព​ភូមា​ និង​ក្រុម​បះបោរ​ជន​ជាតិ​ភាគ​តិច​កាឈិននៅ​តំបន់​ភ្នំ​ជាប់​នឹង​ព្រំដែន​ប្រទេស​ចិន។

ការ​ប្រយុទ្ធ​នៅ​ខេត្ត​កាឈិន​ ភាគ​ខាង​ជើង​ ដែល​បាន​ចាប់​ផ្តើម​អស់​រយៈ​ពេល​មួយ​អាទិត្យ​កន្លង​មក​ហើយ​នោះ​ បាន​រាលដាលទៅ​ដល់​ខេត្ត​សាន ​(Shan)​នៅ​ ជិត​នោះ​ដែលជា​តំបន់​របស់​ជនជាតិ​សាន​រស់​នៅ។

Shan​ Herald​ ជា​ក្រុម​អ្នក​សារ​ព័ត៌មាន​និរទេស​ដែល​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​បាងកក​ បាន​រាយ​ការណ៍​ថា​ កង​ទ័ពភូមា​ចំនួន​ប្រាំ​វរសេនា​តូច​កំពុង​វាយ​ប្រហារ​លើ​ក្រុម​បះបោរ​មួយ​ទៀត​គឺ​កង​ទ័ព​របស់​ខេត្ត​សាន។

ប្រយុទ្ធ​គ្នារាលដាល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ជម្លោះ​នេះ​ប្រហែល​ជា​មិន​អាច​គ្រប់គ្រង​បាន​ទេ។

ខូន​ សី​យេ​ ជី​យេន ​(Khuensai Jaiyen)​ ជា​បណ្ណាធិការ​របស់​សារ​ព័ត៌មាន​ Shan​ Herald​ និយាយ​ថា​ ប្រសិន​បើ​ក្រុម​ជនជាតិ​ផ្សេង​ទៀត​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នេះ​ វា​នឹង​អាច​ក្លាយ​ជា​សង្រ្គាម​ដែល​មាន​ទ្រង់ទ្រាយ​ធំ។ ​លោក​ក៏​បាននិយាយ​ផង​ដែរ​ថា​ មេ​ដឹកនាំ​ជនជាតិ​ទាំង​នោះ​សង្ឃឹម​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​នេះ​មុន​ពេល​ វា​រីករាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។

ផែនទី​នេះ​បង្ហាញ​រដ្ឋ​កាឈិន (Kachin) នៅ​ភាគ​ខាង​ជើង​ប្រទេស​ភូមា ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន។

«ពួក​គេ​គិត​ថា​ ប្រទេស​ចិន​ចង់​បាន​សន្តិសុខ​ និង​ស្ថិរភាព​នៅ​តាម​ព្រំដែន។ ​សូម្បី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​និយាយ​ដូច្នេះ​ដែរ ​តាំង​ពី​កងទ័ព​ភូមា​វាយ​ប្រហារ​កូកាង ​(Kokang)​ ដែល​ជា​ក្រុម​ជនជាតិ​មួយ​ផ្សេង​ទៀតនៅ​ឆ្នាំ​២០០៩»។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ភូមា​ និង​ក្រុម​បះបោរ​កូកាង​ (Kokang)​ កាល​ពី​២​ឆ្នាំ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន។ ​អស្ថិរភាព​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចេញ​សេចក្តី​រិះគន់​មួយ​យ៉ាង​កម្រ​លើ​រដ្ឋាភិបាល​ភូមា​ដែល​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​របស់​ចិន។

ការ​ប្រយុទ្ធ​ចុង​ក្រោយ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ ដែល​ចិន​កំពុង​តែ​សង់​ទំនប់​វារី​អគ្គិសនី​ជា​ច្រើន។​ គេ​មិន​ដឹង​ច្បាស់​ពី​ដើម​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នោះ​ទេ។​ លោក​ខូអេនសៃ​ (Khuensai) ​និយាយ​ថា​ ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​ចាប់​ផ្តើម​នៅ​ពេល​ដែលប្រទេស​ភូមា​បញ្ជូន​កងទ័ព​ទៅ​មើល​សណ្តាប់​ធ្នាប់​សន្តិសុខ​នៅ​កន្លែង​សាង​ទំនប់​ទាំង​នោះ​ រីឯ​អ្នក​សេចក្តី​រាយ​ការណ៍​ផ្សេង​ទៀត​និយាយ​ថា​ ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​មាន​ការ​ដោះដូរ​អ្នក​ទោស​រវាង​ភាគី​ទាំង​សង​ខាង​មាន​បញ្ហា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ហុង​ ឡៃ​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រយុទ្ធ​នេះ។

លោក​មាន​ប្រសាសន៍​ថា​ ពួក​គេ​កំពុង​តែ​តាម​ដាន​ស្ថានភាព​នៅ​តាម​ព្រំដែន​យ៉ាង​ដិត​ដល់​ និង​ជំរុញ​ឲ្យ​រាល់​ភាគី​ទាំងអស់​ប្រកាន់​ភាព​ស្ងប់ស្ងាត់​ និង​ការ​អត់ធ្មត់​ដើម្បី​ជៀសវាង​ការ​ជំរុញ​ស្ថានភាព​ឲ្យ​កាន់​តែ​តានតឹង​ និង​ជំរុញ​ឲ្យភាគី​ទាំងអស់​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នានា​តាម​រយៈ​ការ​ចរចា​គ្នា។

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខេត្ត​កាឈិន ​(Kachin)​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់ពាន់​នាក់​រត់​ទៅ​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​ថា​ អាជ្ញាធរ​ចិន​បាន​រារាំង​ពួក​គេ​ភាគ​ច្រើន​នៅ​ឯ​ព្រំដែន។

លោក​ហុង​បដិសេធ​ថា​ ប្រទេស​ចិន​មិន​បាន​រារាំង​ប្រជា​ពលរដ្ឋ​ដែល​រត់​គេច​ពី​កន្លែង​ប្រយុទ្ធ​គ្នា​នោះ​ទេ។

ក្រុម​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ​ទាហាន​ជា​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ។

រដ្ឋាភិបាល​ប្រទេស​ភូមា​មិន​បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ផ្ទុះ​អាវុធ​នោះ​ទេ​ ហើយ​គេ​ស្ទើរ​តែ​មិន​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​អំពី​ស្ថាន​ការណ៍​នោះ​បាន​ទេ​ ពីព្រោះ​តំបន់​នោះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ និង​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​នៅ​មើល​តំបន់​នោះ​ទេ។

នៅ​ទសវត្សរ៍​១៩៩០​ ​កង​ទ័ព​ដើម្បី​ឯករាជ្យភាព​កាឈិន​ (Kachin)​ ក៏​ដូច​ជា​កង​កម្លាំង​នៃ​ជនជាតិ​ភាគ​តិច​ដទៃ​ផ្សេង​ទៀត​ដែរ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ច្រើនជា​មួយ​អាជ្ញាធរ​ភូមា​អំពី​បទ​ឈប់​បាញ់​គ្នា​ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ឆ្នាំ​ដើម្បី​ឯករាជ្យ។

ក៏​ប៉ុន្តែ​ការ​ផ្ទុះ​អាវុធ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​រដ្ឋាភិបាល​យោធា​ភូមាចាប់​ផ្តើម​ដាក់​សំពាធ​លើ​ក្រុម​ជា​ច្រើន​ ក្នុង​បំណង​ចង់​ឲ្យ​ក្រុម​ទាំង​នោះ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ​ដូច​កង​កម្លាំង​ការពារ​ព្រំដែន៕

ប្រែ​សម្រួល​ដោយ ហ៊ុយ​ សម្ផស្ស