ការ​វាយ​ប្រហារ​នៅក្រុង​​ប៊្រុចសែល​មាន​ឥទ្ធិពល​លើ​វោហារសាស្រ្ត​នៃ​យុទ្ធនាការ​​ប្រធានាធិបតី​អាមេរិក

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ Ted Cruz ស្វាគមន៍​អ្នក​គាំទ្រ​មុន​នឹង​ឡើង​និយាយ​នៅ​ឯ​យុទ្ធនាការ​មួយ​ក្នុង​រដ្ឋ​ Wisconsin កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិនា​ ឆ្នាំ​២០១៦។​

ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​នៅក្នុង​ក្រុង​ប្រ៊ុចសែល​ បាន​នាំ​ឱ្យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រទេស​អាមេរិក​ត្រូវ​ផ្តោត​សារ​ជា​ថ្មី​ទៅ​លើ​ភេរវកម្ម​និង​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ជាតិ​ ក្លាយ​ទៅ​ជា​ប្រធានបទ​មួយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានា​ធិបតី​ស.រ.អា.។

ការ​វាយ​ប្រហារ​ភេរវកម្ម​ធំ​ទី​ពីរ​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​រយៈពេល​៥​ខែ​កន្លង​ទៅ​នេះ​ បាន​នាំ​ឱ្យ​មាន​វោហារ​សាស្ត្រ​ក្តៅ​គគុក​នៅ​ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក។​ លោក​ Ted Cruz ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ប្តេជ្ញា​ថា​ នឹង​បំផ្លាញ​ក្រុម​រដ្ឋ​ឥស្លាម​។ លោក​ Cruz បាន​និយាយ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ជា​សាធារណៈ​មួយ​នៅ​ក្នុង​រដ្ឋ​ Wisconsin ថា​៖ «ហើយ​យើង​នឹង​បំផ្លាញ​ក្រុម​រដ្ឋ​ឥស្លាម​តាម​រយៈ​កម្លាំង​នៃ​កងទ័ព​អាកាស​ តាម​រយៈ​ការទម្លាក់​គ្រាប់​បែក​សុះ​ដីដោយ​គ្មាន​រវល់​នឹង​ពួក​វា»។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក Donald Trump ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​ ស.រ.អា.កំពុង​មាន​គ្រោះថ្នាក់។​

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កម្មវិធី​ This Week នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC ថា​៖ «ភេរវកម្ម​មាន​ភាព​មិន​អាច​ត្រួត​ត្រា​បាន​ទេ។​ ហើយ​ប្រសិន​បើ​យើង​មិន​ខ្លាំង​ទេ​ ហើយ​បើ​យើង​មិន​ឆ្លាត​ទេ​ យើង​នឹង​មាន​បញ្ហា​ធំ​នៅ​ពេល​ខាង​មុខ​»។

ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ មិន​បាន​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ​កែ​ប្រែ​ផ្លូវ​ធ្វើ​ដំណើរ​របស់​លោក​ក្នុង​ប្រទេស​គុយបា​និង​ប្រទេស​អាហ្ស៊ង់ទីន​ទេ​កាល​ពី​សប្តាហ៍​មុន។​

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា៖​ «យើង​នឹង​វាយ​ប្រហារ​រំលើង​ឬស​និង​យក​ជ័យ​ជម្នះ​លើ​ពួក​ ISIL» ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា ​កម្លាំង​យោធា​តែ​មួយ​គត់​មិន​អាច​បំផ្លាញ​ភេរវកម្ម​បាន​ទេ​ ហើយ​ថា​ប្រទេស​អាមេរិក​ត្រូវ​ដឹក​នាំ​ដោយ​ធ្វើ​ជា​គម្រូ​គេ។​

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​៖​ «ការ​បើក​ចំហ​របស់​យើង​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ដែល​រត់​គេច​ចេញ​ពី​អំពើ​ឃោរឃៅ​របស់​ពួក​ ISIL។​ ការ​ប្តេជ្ញា​របស់​យើង​ក្នុង​ការយក​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការឃោសនា​ប្រកប​ដោយ​សម្អប់​និង​ហិង្សា​របស់​ពួក​ ISIL ដែល​ជា​ទស្សនៈ​កែ​បំភ្លៃ​នៃ​សាសនា​ឥស្លាម​ ដើម្បី​ធ្វើ​ឱ្យ​ពួក​យុវជន​ឥស្លាម​មាន​ភាព​ជ្រុល​និយម​តាម​បុព្វហេតុ​របស់​ពួកវា។​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ក្រុម​ដៃ​គូ​សំខាន់​បំផុត​របស់​យើង​គឺ​ប្រជារាស្ត្រ​អាមេរិកាំង​គោរព​សាសនា​ឥស្លាម​»។

លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​សា​ជាថ្មី​នូវ​សារ​នេះ​របស់​លោកប្រធានាធិបតី​អូបាម៉ា។​

លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​ថា​៖​«យើង​មិន​ត្រូវ​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លាច​ទេ។​ ការ​ភ្ញាក់ផ្អើល​និង​ការ​ភ័យ​ខ្លាច​មិន​សក្តិសម​នឹង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​យើង​ទេ។​វា​គ្មាន​ប្រសិទ្ធិភាព​ក្នុង​ការការពារ​យើង​ទេ​ ហើយ​វា​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ដល់​ពួក​ភេរវជន​ទៅវិញ»៕