បងប្រុស​សកម្មជន​ដែល​ត្រូវបញ្ជូន​មកពីថៃ ទទូច​ឲ្យ​ប្អូនស្រី​ឈប់​ធ្វើ​នយោបាយ នៅពេល​ត្រូវដោះលែង

លោក ឡាញ់ ថាន អាយុ៣៥ឆ្នាំ បងប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅ​បន្ទប់​ជួល​របស់​លោក​ក្នុង​ខេត្តបាត់ដំបង។ (ស៊ុន ណារិន/វីអូអេ)

កាលពី៥ឆ្នាំមុន លោក ឡាញ់ ថាន មិន​ចង់​ឲ្យ​ប្អូនស្រីរ​បស់​លោកប្រឡូក​ក្នុង​នយោបាយ​ឡើយ ហើយ​លោក​ក៏មានការភ្ញាក់ផ្អើលដែល​ប្អូនស្រី គឺអ្នកស្រី ឡាញ់ ថាវរី សម្រេច​ចិត្ត​ធ្វើ​នយោបាយ​នៅ​ថ្នាក់​ក្រោម​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ជាមួយ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវបាន​រំលាយចោល។

លោក​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​កាលពីពេលថ្មីៗ​ថា៖ «អ្នក​ដែល​ប្រឆាំង​ជាធម្មតា​ពិបាក​ហើយ។ មតិ​ដែល​ប្រឆាំង គឺ​ពិបាក​ហើយ។ សូម្បីតែ​យើង​តែង​សេចក្តី មតិ​ស្រប​ គឺ​វា​ស្រួល។ ដល់​មតិ​ប្រឆាំង យើង​រក​ហេតុ​ផល​ផ្សេងៗមក វាពិបាក​ហើយ។ ហើយ​សម្រាប់​អ្នក​ដឹកនាំ ដូច​ប្អូន​ខ្ញុំ​ដើរ​នយោបាយ​អញ្ចឹង គឺពិបាក​មែនទែន»។

អ្នកស្រី ឡាញ់ ថាវរី អាយុ​៣៣ឆ្នាំ ដែល​ជា​អតីតមេឃុំឫស្សី​ក្រោក និង​បាន​រត់គេច​ខ្លួន​ទៅ​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង ត្រូវបាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ហើយ​បញ្ជូន​មក​ជាប់​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ។ ការណ៍​នេះ​នាំ​ឲ្យ​បងប្រុសនឹក​ឃើញ​រឿង​កាលពី​កន្លង​ទៅដែល​លោក​ធ្លាប់​ប្រាប់​ប្អូនស្រី​ឲ្យ​ចុះចូលជាមួយគណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិនចាំ​បាច់​ចាក​ចេញ​ពីប្រទេស​កម្ពុជា​ឡើយ។

រូបឯកសារ៖ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ។ (Facebook / Lanh Thavry)

លោក ថាន អាយុ​៣៥ឆ្នាំ ដែល​ជា​អ្នក​បើក​រថយន្ត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ ថ្លែងថាលោក​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែល​ប្អូន​ស្រី​ត្រូវបាន​បញ្ជូន​មក​កម្ពុជា ដោយលោក​បញ្ជាក់​ថា​ប្អូន​នឹង​មាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ពន្ធនាគារ លែង​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន ដូច​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេសថៃ។

លោក​ប្រាប់វីអូអេ​ថា៖ «តែ​ខ្ញុំ​សប្បាយចិត្ត​នេះ បើ​ស្តាប់​ទៅ​ដូច​ខ្ទាស់​តិច។ ប្អូន​ជាប់​ពន្ធនាគារ​ទៅជាសប្បាយ​ចិត្ត[ទៅវិញ]។ សប្បាយ​ចិត្ត​នេះ ត្រង់ថា​នៅ​ពេល​ដែល​រដ្ឋាភិបាល​កោះ​ហៅ​មក​ឬ​ក៏​សមត្ថកិច្ច​កោះ​ហៅ​មក គាត់​បាន​ជាប់​ពន្ធនាគារ។ ក្រោយ​ពីគាត់​ចេញ​ពីឃុំ​ចេញពីពន្ធនាគារ​ គាត់​មាន​សិទ្ធិ​ដូចថា​គាត់​រួច​ស្ថានទម្ងន់​ទោស។ គាត់​រួចទោស គាត់​អាច​ប្រកប​មុខ​របរ​រក​ស៊ីបាន​ជា​ទូទៅ…កុំឲ្យ​គាត់​នៅ​មាន​អាផ្នត់គំនិត​មួយ​ថា​ចូល​មក​មិន​បាន​ទេ ចូល​មក​ចាប់ ចូល​មកចាប់ អញ្ចឹងណាស់។ នៅ​ពេល​ដែល​គាត់​ជាប់​ពន្ធនាគារ គាត់​ចេញ​មក​វិញ បាន​ន័យ​ថា​គាត់​មានសេរីភាព។ គាត់​ធ្វើ​អ្វី​ ក៏​បាន​ដែរ​ពេល​ហ្នឹង»។

ជាកូនកំព្រា​ម្តាយ​លោក ឡាញ់ ថាន ​និង​អ្នកស្រី ឡាញ់ ថាវរី មានបងប្អូន​តែ​ពីរ​នាក់ប៉ុណ្ណោះ។ លោក ថាន ជា​អ្នក​ផ្គត់ផ្គង់​ប្អូនស្រី ឲ្យតស៊ូ​រៀនសូត្រ រហូត​ដល់​ចប់ថ្នាក់ទី​១២​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ស្រុក​កំណើត​របស់​ពួកគេ។ ប៉ុន្តែ​អ្នកស្រី ឡាញ់ ថាវរី​មិន​បាន​រៀន​បន្ត​ថ្នាក់បរិញ្ញាបត្រដូចបងប្រុសឡើយ ហើយ​បានរៀបការ​ ក្រោយ​ចប់​បាក់ឌុប និង​ផ្លាស់ប្តូរ​ពី​ការរស់នៅ​ក្នុង​ខេត្ត​បាត់ដំបង មក​រស់នៅ​ក្នុងឃុំ​ឫស្សីក្រោក ស្រុក​មង្គល​បុរី ខេត្តបន្ទាយ​មានជ័យ​ជាមួយ​ស្វាមី ​ហើយមាន​កូន​ពីរនាក់ ប្រុសម្នាក់​ ស្រី​ម្នាក់។

នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះហើយ​ដែលអ្នកស្រី ថាវរី​បាន​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវបានរំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ មួយឆ្នាំ​បន្ទាប់​ពី​ចូលរួម​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​អ្នកស្រី ថាវរី បានជាប់ឆ្នោត​ជាមេឃុំ​ឫស្សីក្រោក ដែល​មាន​សំឡេង​ឆ្នោត​លើស​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៨០០​សំឡេង។ នៅ​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់ កាលពី​ឆ្នាំ​២០១៧ សម្រាប់ឃុំឫស្សី​ក្រោក ស្រុកមង្គលបុរី គណបក្ស​សង្រ្គោះជាតិទទួលបានសំឡេង​ប្រមាណ​៤.៨៦៨ លើសគណបក្ស​ប្រជាជនកម្ពុជា​ដែល​មានសំឡេង​៤.០០៣។ គណបក្សសង្រ្គោះជាតិ​ទទួល​បាន​៦អាសនៈ​ក្នុងចំណោម​១១អាសនៈ​ដែល​ឈ្នះតំណែង​មេឃុំឫស្សី​ក្រោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណកម្មាធិការជាតិ​រៀបចំការបោះឆ្នោត(គ.ជ.ប)។

ប៉ុន្តែការ​ដឹកនាំ​របស់អ្នកស្រី ឡាញ់ ថាវរី ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ដោយសារ​គណបក្ស​ត្រូវបាន​រំលាយ​ចោល។

បើទោះប្អូនស្រី​ជាប់ឆ្នោតជា​មេឃុំក៏ដោយ លោក ថាន អះអាង​ថា​លោក​មិន​សប្បាយ​ចិត្ត​ឡើយ​។ ក្តីព្រួយ​បារម្ភ ដោយសារ​ប្អូននៅក្មេង មិនមានបទពិសោធន៍ ហើយ​បារម្ភអំពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​ប្អូនស្រី​នៅ​ពេល​អនាគត។

លោក​ប្រាប់វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ផ្ទះជួល​របស់​លោក​ក្នុង​ខេត្ត​បាត់ដំបង​ថា៖ «ហើយ​បើ​សិន​គាត់​និយាយទៅ គាត់​ក្មេង គាត់​ប៉ះពាល់អីទៅ គេអាច​នឹង​បើក​ឡាន​កៀ ឬ​ក៏​ប្រើ​ហិង្សាណា​លើ​គាត់មួយ អាច​គាត់ពិការ​ជើង ពិការ​ដៃ ឬក៏បាត់​បង់ជីវិត។ ហ្នឹង​បាន​ខ្ញុំថា​ប្អូន​ជាប់​មេឃុំ ខ្ញុំអត់​សប្បាយ​ចិត្ត បែរជា​ស្រងាក​ចិត្ត​វិញ។ ស្រងាកចិត្ត ​ភ័យ​ព្រួយ​បារម្ភ​គ្រប់បែប​យ៉ាង​ចំពោះ​ប្អូន»។

លោក​ ថាន បន្ត​ថា​លោក​មិន​ដែល​គិត​ថា​ប្អូនស្រី«​មុះមុត» ដូចបច្ចុប្បន្ន​នឹង​នយោបាយ​ឡើយ។​ពេល​គណបក្សសង្រ្គោះជាតិ​ត្រូវបាន​រំលាយ​ លោក ថាន បានស្នើ​ប្អូនស្រី​ឲ្យ​«សម្របខ្លួន» «សហការ» ជាមួយ​រដ្ឋាភិបាល​ក្នុង​ការដឹកនាំឃុំ ក្រោយ​មាន​ការ​អំពាវនាវ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ថ្នាក់ក្រោម ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ហើយ​នៅ​អាច​បន្ត​ដឹកនាំ​ឃុំសង្កាត់។

លោក ថាន ថ្លែងថា៖ «ក្រោយ​ពេល​ខ្ញុំ​ពន្យល់​មក ស្រាប់​តែគាត់ មិនតបត​នឹង​ខ្ញុំ បែរ​ជា​គាត់​តាម​មេ​របស់​គាត់ តាម​បក្ស​របស់​គាត់ គាត់​អត់​នៅ​ក្នុង​ស្រុក​ទេ គាត់ទៅក្រៅស្រុក រត់​ចំណាក​ស្រុក​ឆ្លង​ប្រទេស។ នៅ​ពេល​ចំណុច​នេះហើយ ខ្ញុំ​គិត​ថា​ប្អូនស្រីរបស់ខ្ញុំ​ជាមនុស្ស​មុះមុត​ម្នាក់​ដែរ ដែល​ពីមុន​មក​ខ្ញុំ​គិត​ថា​គាត់​មិន​មែន​ជា​មនុស្ស​មុះមុត​ដល់​ប៉ុណ្ណឹងទេ»។

លោក ថាន​ជំរុញ​ឲ្យតុលាការកាត់ទោស​ប្អូនស្រី​ឲ្យបាន​ឆាប់ ដោយសារ​លោក​បារម្ភ​អំពីជំងឺសួតរ៉ាំរៃ​របស់​ប្អូនស្រី ដែល​ត្រូវការព្យាបាល​ឲ្យបានត្រឹមត្រូវ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ​ធ្លាប់​ប្រាប់​វីអូអេ​កាលពី​កន្លង​ទៅ​ថា​ការ​ចាប់ខ្លួន​អ្នកស្រី​ ឡាញ់ ថាវរី​ហើយ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​គឺ​យោងទៅលើ​ការ​អនុវត្ត​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ថៃ​ខណៈ​លោក​លើក​ឡើង​ថា​សកម្មជន​រូប​នោះក៏​ជាប់​ចោទ​ពី​បទ​«រួម​គំនិត​ក្បត់»​ដែល​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា​។

​កាល​ពីដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ សកម្មជន​ពីរនាក់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ហើយ​បញ្ជូន​មក​កម្ពុជា​ដែរ។​ សកម្ម​ជន​ទាំង​ពីរ​នាក់​នោះ​រួម​មាន​លោក ​វឿន វាសនា​ដែល​ជា​សកម្ម​ជន​សង្គម​ហើយ​តែងតែ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ចំណែក​សកម្ម​ជន​ម្នាក់​ទៀត​មក​ពី​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ វឿង សំណាង។​

លោក ឡាញ់ ថាន បាន​ការពារ​ថា​ប្អូនស្រីរបស់​លោក គឺ​អ្នកស្រី ឡាញ់ ថាវរី​គ្រាន់តែនិយាយ​«តាម​ឧត្តម​គតិ»​របស់គាត់ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​មិនខុស​ឆ្គងអ្វី​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​មិន​ដល់​ទោស​ថា​ក្បត់ជាតិ​ទេ។ ទោស​ហ្នឹង ខ្ញុំ​គិត​ថា​ជា​ទោស​ឧត្តម​គតិ​ច្រើន​ជាង។ ទោស​នៃ​ការ​គាំទ្រ​ច្រើន​ជាង។ ហើយ​ទោស​នៃ​ការ​គាំទ្រ និង​ទោស​ឧត្តម​គតិ​ហ្នឹង ភាគច្រើន​វា​ខុស​តែ​ចិត្ត​បុគ្គល​ទេ។ ទាក់ទង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ខ្ញុំ​គិត​ថា​អត់ខុស​ទេ…បើ​សិន​ថា​ជាទោស​ក្បត់ជាតិ បើ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​អយុត្តិធម៌​ណាស់​សម្រាប់​អ្នកគាំទ្រ​និន្នាការ​នយោបាយ ឬក៏​អ្នក​ហ៊ាន​បញ្ចេញ​មតិនៅក្នុង​ប្រទេសដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។

នៅ​ក្នុង​ឃុំឫស្សី​ក្រោក ប្រជាពលរដ្ឋប្រមាណ​១០នាក់ ដែល​វីអូអេ​ស្នើ​សុំ​ធ្វើ​បទសម្ភាសន៍​អំពីរឿង​នយោ​បាយ ការរំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការបោះឆ្នោតនៅ​ពេល​ខាង​មុខ​ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍ឡើយ។

ទោះជាយ៉ាងណា កសិករម្នាក់ ​លោក ម៉ាន តប អាយុ​៦២ឆ្នាំ រស់នៅ​ក្នុង​ភូមិ​នាងកេត ឃុំឫស្សី​ក្រោក ស្រុក​មង្គលបុរី ដែល​កំពុង​មើលស្រែ​របស់​លោក បាន​ប្រាប់វីអូអេ​ថាលោក​ចង់​ឲ្យ​អ្នក​នយោបាយ​ស្រុះស្រួលគ្នា ដើម្បី​ប្រយោជន៍ជាតិ និង​ប្រយោជន៍​ប្រជាជន។ ​

លោក​បញ្ជាក់ថា៖ «បើ​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ ប្រជាពលរដ្ឋ​សប្បាយ។ សប្បាយ​ម៉េច កាលពី​លើក​មុន ត្រូវរ៉ូវគ្នា​មួយ​ប្រាវ ស្រូវបាន​ថ្លៃ ដូច​ថា​គេ​មិន​បិទ​អឺរ៉ុប អានោះ​បាន​ថ្លៃ។ ដល់តែ​គេប្រេះឆា​គ្នាប្រឹប នេះ[ធ្លាក់]ក្តុក​។ កាល​ហ្នឹង​ស្រួល​ណាស់ មួយ​តោន មួយ​ម៉ឺន​២ពាន់​ៗ[បាត]»។

លោក​អះអាងបន្ត​ថា​ប្រជាពលរដ្ឋ​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ​ឡើយ ក្រោយ​ការ​រំលាយ​គណបក្សសង្រ្គោះជាតិ ដោយ​បារម្ភ​អំពី​សុវត្ថិភាព។

លោក​ប្រាប់វីអូអេ ខណៈ​កំពុង​អង្គុយ​មើល​ស្រែ​របស់​លោក​ថា៖ «ខ្ញុំ​ក៏​មិនហ៊ាន ហ៊ាន​ទៅ​ខ្លាច​បាត់​ខ្លួន។ យើង​និយាយ​ទៅ​ មាន​ប៉ះពាល់​អ្នកណា បើ​គេ​ត្រូវគ្នា។ ដល់​សព្វថ្ងៃ យើង​និយាយ​អីបាន? និយាយអី ថា​សុខចិត្ត​ធ្វើ​គ ធ្វើ​ថ្លង់»។ លោក​បន្ថែមថា៖ «[មាន]ប្រជាធិបតេយ្យណា។ ប្រជាធិបតេយ្យ​គេរំលាយ​ហើយ មានស្អីទៀត?»។

ខណៈផ្តល់​បទ​សម្ភាស​ន៍​អ្នកជិត​ខាង​របស់​លោក​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ បាន​ជិះម៉ូតូចេញ ហើយ​លោកក៏ជិះត្រឡប់​មកវិញ ដោយ​ប្រាប់​អ្នកសារព័ត៌មាន​វីអូអេកុំ​ឲ្យ​ដាក់ឈ្មោះ​របស់​លោក​ក្នុង​ការ​ចុះ​ផ្សាយ ប៉ុន្តែ​បុរស​រូប​នោះ​មិន​បាន​និយាយ​រឿង​នយោបាយ​អ្វី​ឡើយ​ជាមួយ​អ្នកសារព័ត៌មាន​វីអូអេ។

បុរស​ម្នាក់​នោះថ្លែង ខណៈ​លោក​អង្គុយ​លើ​ម៉ូតូ​ថា​៖ «អធ្យាស្រ័យ សម្ភាសន៍គាត់​សម្ភាសន៍​ទៅ តែ​អត់​យក​ឈ្មោះខ្ញុំ​ទេណា។ ខ្លាច​ខ្ញុំទៅ អូនឯង សុំឈ្មោះខ្ញុំ[ពីគាត់] ព្រោះខ្ញុំអត់បាន​ចូលរួម​សម្ភាសន៍​ទេ»។

ត្រឡប់​ទៅ​លោក ឡាញ់ ថាន វិញ​ នៅពេល​ប្អូនស្រី​ចេញពី​ពន្ធនាគារ លោក​នឹង​ទទូច​ជាថ្មី​ឲ្យ​ប្អូនស្រី អ្នកស្រី ឡាញ់ ថាវរី​ឈប់​ធ្វើ​នយោបាយ​តទៅទៀត ហើយ​រស់នៅ​ជា​ពលរដ្ឋ​ធម្មតា​ម្នាក់។

លោក​ថ្លែង​ថា​៖ «ហើយ​សារ​នេះ ខ្ញុំគិត​ថា​នឹង​ឮដល់​ប្អូនស្រីខ្ញុំ ក្រោយ​ពេល​ដែល​គាត់​ចេញ​ពី​ពន្ធនាគារ។ ទទូចសុំ​ជា​សាធារណៈ​នេះ ឲ្យ​គាត់​ឈប់​តែ​ម្តង​។ ឲ្យ​គាត់​រកស៊ី​ចិញ្ចឹម​ជីវិត​តាម​សម្មាអាជីវោ​លក់ដូរ​ អី រក​ស៊ី​អីធម្មតា អត់​ឲ្យ​គាំទ្រ​និន្នា​ការ​នយោបាយ​ណាមួយ​ទេ»។

លោក​បន្ថែម​ថា៖ «ខ្ញុំអត់​ហាមឃាត់​គាត់ទេ គ្រាន់​តែ​ក្នុងនាម​ជា​បងប្រុស​ម្នាក់ ដែល​មានតែ​បងប្អូនពីរនាក់ គឺសូម​ឲ្យ​ប្អូនឈប់​ហើយ តែ​ត្រង់​ថាគាត់​ឈប់​ឬ​មិន​ឈប់ អាហ្នឹង​ជា​រឿង​របស់​គាត់​បន្ត​ទៀត​ហើយ។ ខ្ញុំ​អត់​អាច​ទៅហាមឃាត់ ឬ​បិទ​សិទ្ធិ​គាត់​បាន​ទេ ព្រោះគាត់ធំ​ហើយ​ គាត់​មាន​គ្រួសារ។ ការ​សម្រេច​ចិត្ត ​គឺ​នៅ​លើ​គាត់ហើយ។ បាន​ត្រឹមតែមក​ពន្យល់ណែនាំ​ប្រាប់​ថា​ឲ្យ​ឈប់ វា​អត់មាន​ប្រយោជន៍ចេះ​មួយ​ចេះ​ពីរ។ វាខាត​ពេល​វេលា អាយុ​យើង​កាន់​តែ​វែង​ហើយ។ បើ​ដើរ​ទៀត វាអាច​បញ្ហា​ចេះមួយ​ចេះ​ពីរ។ សូម​ឲ្យ​គាត់​រកស៊ី​ធម្មតា។ តែ​បើ​គាត់​នៅ​តែ​គាំទ្រ​ទៀត ខ្ញុំ​ក៏អត់ដឹង​ធ្វើ​ម៉េច​ដែរ មានតែ​ពាក្យ​ចុង​ក្រោយ គឺ​សោក​ស្តាយ​តែ​ប៉ុណ្ណឹង»៕