ប្រធាន​ទីភ្នាក់ងារ​តាមដាន​ការវិវត្តន៍​វីរុស៖ ជំងឺ​កូវីដ១៩​ប្រភេទ​អង់គ្លេស​«អាច​ឆ្លង​រាលដាល​នៅ​ជុំវិញ​ពិភពលោក»

រូបឯកសារ៖ បុគ្គលិក​ផ្នែក​សេវាកម្ម​សុខាភិបាល​ជាតិ បាន​បញ្ជូន​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ទៅ​ឲ្យ​អ្នកបើកបរ​ម្នាក់​នៅ​ឯ​មជ្ឈមណ្ឌល​ធ្វើតេស្ត​ចល័ត​ក្នុង​អំឡុងពេល​មាន​ការផ្ទុះឡើង​នៃ​វីរុសកូរ៉ូណា​នៅក្នុង​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​លើក​ឡើង​ថា​ វីរុស​កូរ៉ូណា​ទម្រង់​ថ្មី​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​អង់គ្លេសកាលពី​ចុង​ឆ្នាំ​២០២០នោះ​ «កំពុង​ឆ្លងរាលដាល​ក្នុងប្រទេស​អង់គ្លេស» ​ហើយ​អាច​នឹង​ «រាលដាល​ឆ្លង​ទៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក» ​ផង​ដែរ។​

អ្នកស្រី​ Sharon Peacock ​ប្រធាន​ទីភ្នាក់ងារ​ស្តីពី​ហ្សែន​ជំងឺកូវីដ​១៩​របស់​អង់គ្លេស​ បាន​ប៉ាន់ស្មាន​យ៉ាង​ដូច​នេះកាលពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ BBC។

ជំងឺ​កូវីដ​១៩​ទម្រង់​ថ្មី​ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​នោះ​ ត្រូវបានគេ​រក​ឃើញជា​លើក​ដំបូង​ក្នុងស្រុក Kent​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០​ ហើយ​បន្ទាប់ពី​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ជាង​៥០​ ដែល​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

ទីភ្នាក់ងារ​ស្រាវជ្រាវ​ទាក់​ទង​នឹង​ហ្សែនជំងឺ​កូវីដ​១៩​របស់​អង់គ្លេស ​តាមដាន​ត្រួត​ពិនិត្យដំណើរការ​ផ្លាស់ប្តូរ​និងការវិវត្តន៍​របស់​វីរុស​កូរ៉ូណា។​ អ្នកស្រី ​Peacock ​បញ្ជាក់​ថា​ ការផលិត​វ៉ាក់សាំង​បង្ការ​ថ្មីៗ​ មាន​ប្រសិទ្ធភាពប្រឆាំង​នឹង​ការវិវត្តន៍​នៃវីរុស​កូរ៉ូណា​ ប៉ុន្តែ​អ្នកស្រី​ព្រមាន​ថា​ ក្រុមអ្នកវិទ្យាសាស្ត្រ​ ​អាច​តាមដានការវិវត្តន៍​បម្លែង​រូប​នៃ​វីរុស​នេះ​បាន នៅ​ទសវត្សរ៍​ក្រោយ​ រហូត​ដល់​វីរុស​នេះ​ «​ប្រែ​រូបភាព​ចេញ​ពី​ភាព​កាច​សាហាវ​របស់​ខ្លួន»។

ការសិក្សា​ថ្មី​មួយ​ បង្ហាញ​ថា​ ថ្នាំ​ steroid ​ដែល​ជា​ទូទៅ​គេ​ប្រើ​សម្រាប់ព្យាបាល​ជំងឺ​ហឺត​អាច​ជួយ​កាត់​បន្ថយ​ការព្យាបាល​មនុស្សដែល​ឆ្លងជំងឺ​កូវីដ​១៩ផង​ដែរ៕​