ក្រសួង​ការ​បរទេស​ខ្មែរ​អះអាង​ថា​អង់គ្លេស​សុំ​ឱ្យ​គណបក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​និង​ទាម​ទារ​ឱ្យ​​ធ្វើ​កំណែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​និង​បោះ​ឆ្នោត​ឡើង​វិញ។​

ក្នុង​ខណៈពេល​ដែល​រលក​កម្តៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ក្រោយ​ពី​បាន​ស្ងប់​ស្ងាត់​អស់​រយៈពេល​ជិតពីរ​ខែ​ ​ប្រទេស​អង់​គ្លេស​បានជំរុញ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ពិភាក្សា​គ្នា​ទៀត​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។​

លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​អះអាង​ដូចនេះ​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះរវាង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ លោក ​William Jesse Longhurst​ ឯក​អគ្គរាជទូត​អង់គ្លេស​ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ថ្មីប្រចាំ​ប្រទេស​កម្ពុជា​ថា​លោក​ឯក​អគ្គរាជ​ទូត​អង់​គ្លេស​ស្វាគមន៍​ឱ្យគណបក្ស​ទាំង​ពីរ​បន្ត​ជួប​ប្រជុំ​គ្នា​និង​ជំរុញ​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ចូល​រួម​ប្រជុំ​សភា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​តាម​ផ្លូវ​ច្បាប់។​

លោក​និយាយ​ថា៖​ «លោក​ស្វាគមន៍​ឱ្យមាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ហើយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ហើយ​ដោះ​ស្រាយ​នៅ​តាម​សភា​ពីព្រោះ​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​លោក​បាន​បញ្ជាក់​ហើយ​ថា​ការ​កែទម្រង់​ផ្សេងៗ​ត្រូវការ​ឱ្យមាន​ការ​ប្រជុំ​នៅ​ឯសភា។​ដូច្នេះ​ហើយ​មិន​អាច​ដោះ​ស្រាយ​ផ្លូវ​គ្រាន់​តែ​ស្រែក​នោះ​បាន​ទេ»។​

មន្ត្រី​ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេនៅ​ពេល​ដែល​វីអូអេ​បាន​ព្យាយាម​សាក​សួរ​តាម​ប្រព័ន្ធ​សារ​អេឡិក​ត្រូ​និក​ឬ​អ៊ីម៉ែលថា​តើ​ចក្រភព​អង់គ្លេស​បាន​ស្នើ​សុំ​ឱ្យគណបក្ស​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ដែរ​ឬយ៉ាង​ណា?​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រួមមាន​ លោក​ សម រង្ស៊ី​ លោក​ កឹម សុខានិង​មន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា​មាន​លោក​ ជាម យៀប​ និង​លោក​ ឈាង វ៉ុន​ មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​នឹង​ដឹក​នាំ​ធ្វើ​សមាជ​មហាជន​សារ​ជាថ្មី​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

គោល​បំណង​នៃ​ការ​ធ្វើ​សមាជ​មហាជន​គឺ​ដើម្បី​បូក​សរុប​លទ្ធផល​សេចក្តី​សម្រេច​មហា​សមាជ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៦​ខែតុលា​ឆ្នាំ​២០១៣​ និង​បញ្ជាក់​ពី​គោល​ជំហរ​និង​លទ្ធផល​នៃ​កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្សប្រជាជន​កម្ពុជាព្រម​ទាំង​សុំ​មតិ​យោបល់​ពី​ប្រជា​ពលរដ្ឋ​ដើម្បី​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​អនុវត្តន៍​គោល​នយោបាយ​បន្ត។​ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ដល់គណបក្ស​សង្គ្រោះជាតិមិន​ឱ្យបង្ក​ហិង្សា​ដោយ​លោក​អះអាង​ថា​វាអាច​នឹង​បង្ក​សង្គ្រាម​ស៊ីវិល​សារ​ជាថ្មី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

រលក​តាន​តឹង​នយោបាយ​នៃ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយ​សារ​តែ​ភាគី​ទាំង​ពីរ​មាន​ចំណុច​ផ្ទុយ​គ្នា​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ការបោះ​ឆ្នោត។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​និង​ទាម​ទារ​ឱ្យធ្វើ​កំណែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​និង​បោះ​ឆ្នោត​ឡើង​វិញ។​ដោយ​សារ​តែ​គណបក្ស​នេះ​បាន​ចោទ​ប្រកាន់​ថា​ស្ថាប័ន​បោះ​ឆ្នោតមាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​ ធ្លាប់​បាន​បង្ក្រាប​ក្រុមបាតុករ​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា។ មាន​មនុស្ស​យ៉ាង​តិច​ចំនួន​៦នាក់​បាន​ស្លាប់​ និង​ជាច្រើននាក់​ផ្សេង​ទៀត​រង​របួស​ព្រម​ទាំង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ៕