សមាជិក​រដ្ឋភារ​អង់គ្លេស​មាន​សំណួរ​បន្ថែម​​ទៀត​សម្រាប់​ លោក​ ចេមស៍​ មឺដកហ៍​

លោក​ ចេមស៍  មឺដកហ៍​ (James​ Murdoch)​ ​ប្រធាន​សាជីវកម្ម​សារព័ត៌មាន​ (News​ Corporation)​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ និង​អាស៊ី​នៅ​ទីស្នាក់ការ​​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​នៅ​ទី​ក្រុង​ឡុង​ នៅ​ថ្ងៃ​ទី​១៩​កក្កដា​ ឆ្នាំ​២០១១។​

អ្នក​តំណាង​រាស្រ្ត​អង់គ្លេស​មួយ​រូប​ បាន​ស្នើ​ឱ្យ​ប៉ូលីស​ធ្វើ​ការ​ស៊ើប​អង្កេត​ភស្តុតាង​ ដែល​លោក​ ចេមស៍​ មឺដកហ៍​ (James Murdoch)​ បាន​ផ្តល់​ឱ្យ​សមាជិក​រដ្ឋសភា​អង់គ្លេស​ កាល​ពី​ដើម​សប្តាហ៍​នេះ។​ កាល​ពី​ថ្ងៃ​អង្គារ​ កូន​ប្រុស​របស់​មហា​សេដ្ឋី​សារព័ត៌មាន​ លោក រ៉ូភឺត​ មឺដកហ៍​ (Rupert​ Murdoch)​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ អំពី​រឿង​អាស្រូវ​លួច​ចូល​ស្តាប់​ទូរស័ព្ទ​ នៅ​ក្នុង​បណ្តាញ​សារព័ត៌មាន​អង់គ្លេស​មួយ​ដែល​ច្រើន​តែ​រាយការណ៍​បំផ្លើស។​ ក៏​ប៉ុន្តែ​ភស្តុ​តាង​របស់​លោក​ តាំង​ពី​ពេល​នោះ​ មក​ មាន​ភាព​ផ្ទុយគ្នា។

លោក​ ចេមស៍​ មឺដកហ៍​ (James​ Murdoch)​ ប្រហែល​ជា​សង្ឃឹម​ថា​នឹង​បាន​បញ្ជាក់​អំពី​តួនាទី​របស់​លោក​នៅ​ក្នុង​រឿង​អាស្រូវ​លួច​ស្តាប់​ទូរស័ព្ទ​ បន្ទាប់​ពី​បាន​ផ្តល់​សក្ខីកម្ម​ជូន​ក្រុម​អ្នក​តំណាង​រាស្រ្ត​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​ ឥឡូវ​នេះ​ សក្ខីកម្ម​របស់​លោក​មាន​ការ​ប្រឆាំង​ជំទាស់​ ហើយ​អ្នក​តំណាង​រាស្រ្ត​អង់គ្លេស​មួយ​រូប​និយាយ​ថា​ នេះ​គឺ​ជា​រឿង​មួយ​សម្រាប់​ឲ្យ​ប៉ូលីស​ធ្វើ​ការ​ស៊ើប​អង្កេត។

លោក​ ដេវីដ​ កាមឺរ៉ន​ (David​ Cameron)​ នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ បាន​មាន​ប្រសាសន៍​ថា​ ការ​បញ្ជាក់​បំភ្លឺ​គឺ​ត្រូវ​តែ​ធ្វើជា​ចាំ​បាច់។

«ជាក់​ច្បាស់​ណាស់​ លោក​ ចេមស៍​ មឺដកហ៍​ (James​ Murdoch)​ មាន​សំណួរ​ដែល​ត្រូវ​ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា​ ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា​ លោក​មុខ​ជា​នឹង​ធ្វើ។​ ហើយ​ជាក់​ច្បាស់​ណាស់​ដែល​ថា​ បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ (News​ International)​ មាន​បញ្ហា​ធំៗ​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ​ និង​រឿង​ស្មុគ​ស្មាញ​មួយ​ដែល​ត្រូវ​សម្អាត»។

រឿង​រ៉ាវ​ដ៏​វែង​ដែល​កំពុង​តែ​មាន​បន្ត​ ទាក់​ទង​ទៅ​នឹង​សារព័ត៌មាន​របស់​អង់គ្លេស​ដែល​និយម​ផ្សាយ​រឿង​បំផ្លើស​ឈ្មោះ​ ‘ព័ត៌មានៃ​ពិភពលោក​’ (News​ of​ the​ World)។​ សារព័ត៌មាន​នេះ​ត្រូវ​បាន​បិទ​ទ្វារ​កាល​ពី​ដើម​ខែ​នេះ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​ ក្រុម​អ្នក​កាសែត​នៃ​សារព័ត៌មាន​នេះ​ បាន​លួច​ចូល​ស្តាប់​សម្លេង​សារ​ទូរស័ព្ទ​ដោយ​ខុស​ច្បាប់។

នៅ​ពេល​ដែល​ការ​ចោទ​ប្រកាន់​បាន​លេច​ឡើង​ជា​លើក​ដំបូង​ ក្រុម​នាយក​ប្រតិបត្តិ​បាន​និយាយ​ថា​ ការ​លួច​ចូល​ស្តាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​កាសែត​ «ដែល​មាន​អាកប្បកិរិយា​មិន​ល្អ​»តែ​មួយ​រូប​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ វា​បាន​បង្ហាញ​ថា​ ការ​លួច​ចូល​ស្តាប់​ប្រហែល​ជា​បានរីក​សាយ​ភាយ​ ហើយ​ទូរស័ព្ទ​របស់​មនុស្ស​ប្រមាណ​៤​ពាន់​នាក់​ត្រូវ​គេ​លួច​ស្តាប់។

លោក​ ចេមស៍ មឺដកហ៍ (James​ Murdoch)​ ដែល​ជា​ប្រធាន​សាជីវកម្ម​សារព័ត៌មាន​ (News​ Corporation) នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ត្រូវ​បាន​ចោទ​សួរ​ដោយ​សមាជិក​សភា​របស់​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ។

ពួកគេ​ចង់​ដឹង​ថា​ តើ​ក្រុម​នាយក​ប្រតិបត្តិ​បាន​ដឹង​អ្វី​ខ្លះ​អំពី​ទំហំ​នៃ​ការ​លួច​ស្តាប់​ទូរស័ព្ទ។​ ពួកគេ​បាន​សួរ​លោក​ មឺដកហ៍​ អំពី​សារ​អ៊ីម៉ែល​មួយ​ ដែល​បាន​ស្នើ​ថា​ ការ​លួច​ស្តាប់​ទូរស័ព្ទ​បាន​កើត​ឡើង ​មិន​មែន​ត្រឹម​តែ​អ្នក​សារព័ត៌មាន​ម្នាក់​នោះ​ទេ​ ហើយ​ជា​ពិសេស​ថា​តើ​លោក​បាន​ដឹង​អំពី​សារ​អ៊ីម៉ែល​នោះ​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ទៅលើ​ការ​អនុញ្ញាត​ឲ្យ​បង់​ទឹក​ប្រាក់​ដែល​មាន​តូ​លេខ​ចំនួន​៦​ខ្ទង់​ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល​បាន​អះអាង​ថា​ ទូរស័ព្ទ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ស្តាប់។

លោក​ មឺដកហ៍​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​នោះ​លោក​មិន​បាន​ដឹង​អំពី​អ៊ីម៉េល​នោះ​ទេ។

ប៉ុន្តែ​ ខូលីន​ ម៉ៃល័រ​ (Colin​ Myler)​ អតីត​បណ្ណាធិការ​នៃ​កាសែត​នេះ​ និង​ ថម​ គ្រោន​ (Tom​ Crone)​ ដែល​ជា​អតីត​ប្រធាន​ផ្នែក​ច្បាប់​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក​ មឺដកហ៍​ ពិត​ជា​បាន​ដឹង​អំពី​អ៊ីម៉ែល​នោះ​ ថា​ពួកគេ​បាន​ប្រាប់​លោក​អំពី​រឿង​នេះ។​ លោក​ ថម​ វ៉ាត់សុន​ (Tom​ Watson)​ សមាជិក​សភា​មួយ​រូប​ពី​គណបក្ស​ការងារ​ បាន​និយាយ​ជា​មួយ​ទូរទស្សន៍​ ប៊ីប៊ីស៊ី​ (BBC)​ អំពី​សារៈសំខាន់​នៃ​ការ​រៀប​រាប់​បង្ហើប​រឿង​សម្ងាត់​នេះ។

«ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ពេល​វេលា​ដ៏​មាន​សារៈសំខាន់​បំផុត​ នៃ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​ក្នុង​រឿង​លួច​ស្តាប់​ទូរស័ព្ទ»។

លោក​មាន​ប្រសាសន៍​ថា​ វា​មិន​ច្បាស់​លាស់​ទេ​ ថា​តើ​ការ​ពិត​ស្ថិត​នៅ​ទី​ណា។

ប៉ុន្តែ​ លោក​មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​សេចក្តី​ថ្លែងការណ៍​របស់​បុរស​ទាំង​ពីរ​នាក់​ជា​ពាក្យ​ត្រឹម​ត្រូវ​មែន​ នេះ​មាន​ន័យ​ថា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៨​មក​ លោក​ មឺដកហ៍​ បាន​ដឹង​ថា​ អ្នក​ផ្សេង​ទៀត​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​លួច​ស្តាប់​ទូរស័ព្ទ​ ហើយ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​ដើម្បី​ចាត់​វិធានការ​លុប​បំបាត់​បញ្ហា​នេះ។

សំខាន់​ជាង​នេះ​ទៅ​ទៀត​ លោក​មាន​ប្រសាសន៍​ថា​ នេះ​មាន​ន័យ​ថា​ លោក​ មឺដកហ៍​ ប្រហែល​ជា​បាន​ធ្វើ​ឱ្យ​ខូច​ដល់​លំនាំ​នៃ​យុត្តិធម៌​ ដែល​ជា​បទឧក្រិដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

«ប្រសិន​បើ​ការ​បក​ស្រាយ​ហេតុការណ៍​របស់​អ្នក​ទាំង​ពីរ​ជា​រឿង​ត្រឹម​ត្រូវ​ វា​មិន​ត្រឹម​តែ​មាន​ន័យ​ថា​ សភា​ត្រូវ​បាន​នាំ​ឱ្យ​យល់​ខុស​ប៉ុណ្ណោះ​ទេ។​ វា​មាន​ន័យ​ថា​ ប៉ូលីស​មាន​ការ​ស៊ើប​អង្កេត​មួយ​ទៀត​ដែល​ពួកគេ​ត្រូវ​ធ្វើ»។

លោក​ ចេមស៍​ មឺដុហ៍​ និយាយ​ថា​ លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​នៃ​សក្ខីកម្ម​ ដែល​លោក​បាន​ផ្តល់​ជូន​សភា​កាល​ពី​ថ្ងៃ​អង្គារ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី