ចក្រភព​អង់គ្លេស​ចាប់ផ្តើម​សិក្សា​ដើម្បី​ពិនិត្យ​មើល​ថា​តើវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ផ្សេង​គ្នា អាច​ប្រើ​រួម​គ្នា​បាន​ឬ​ក៏​យ៉ាងណា

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca នៅឱសថស្ថានមួយកន្លែងក្នុងទីក្រុង Widnes នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ការសាកល្បង​បាន​ចាប់ផ្តើម​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បី​កំណត់​ថា​តើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ផ្សេង​គ្នា​អាច​ប្រើ​រួម​គ្នា​នៅ​ក្នុង​ការ​ចាក់​ ២ ដូស​បាន​ ឬ​មួយ​ក៏​យ៉ាង​ណា​នោះ។

ក្រុមអ្នក​ស្រាវជ្រាវ​មាន​បំណង​ចាក់​វ៉ាក់សាំង​ដូស​ទី​មួយ​របស់​ក្រុមហ៊ុន Pfizer និង BioNTech លើ​អ្នក​ស្ម័គ្រចិត្ត​ជាង​ ៨០០​ នាក់ ហើយ​រយៈពេល​ ៤ ឬ​ ១២ សប្តាហ៍​ក្រោយមក​ទៀត ពួកគេ​នឹង​ចាក់​វ៉ាក់សាំង​មួយ​ដូសទៀត ​ដែល​ផលិតឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកល​វិទ្យាល័យ Oxford។​

មន្ត្រី​សុខាភិបាល​និយាយ​ថា ប្រសិន​បើ​វ៉ាក់សាំង​ទាំង​ ២ ​ប្រភេទ​នេះ ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​ខុសៗ​គ្នា អាច​ត្រូវ​បាន​គេ​ប្រើរួម​គ្នា​បាន នោះ​គេ​នឹង​អាច​មាន​ភាព​បត់បែន​កាន់តែ​ខ្លាំង​ឡើងនៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ នៅ​ទូទាំង​សាកល​លោក៕