ក្នុងឆ្នាំ១៩៨៩ ប្រជាជនអាល្លឺម៉ង់បានទម្លាយជញ្ជាំងដែលបានខណ្ឌចែកប្រទេសអាល្លឺម៉ង់ ហើយក៏ជាជញ្ជាំងតំណាងការខណ្ឌចែកសាកលលោកទាំងមូលផងដែរ។
សព្វថ្ងៃ ផ្នែកខ្លះនៃជញ្ជាំងបែរឡាំងដែលនៅសេសសល់ គឺជាការរំឮកនៃសម័យកាលខ្មៅងងឹតក្នុងទ្វីបអឺរ៉ុបទាំងមូល។
បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប យុវជនមួយចំនួនមានការងឿងឆ្ងល់ថាតើអឺរ៉ុបកំពុងតែបោះជំហានថយក្រោយឬយ៉ាងណា។
យុវជនម្នាក់ឈ្មោះ JESS KORZENYOWSKA មកពីចក្រភពអង់គ្លេស បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ចម្លែកខ្លះដែរដែលមកទស្សនាជញ្ជាំងនេះ ស្របពេលដែលយើងកំពុងនិយាយអំពីការខណ្ឌចែកគ្នាឡើងវិញ វាជារឿងដ៏គួរឲ្យចម្លែកណាស់»។
អ្នកបោះឆ្នោតជាយុវជននៅចក្រភពអង់គ្លេសភាគតិចណាស់ដែលបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែយុវជនមិនបានរួបរួមប្រឆាំងនឹងនិន្នាការចាកចេញនេះឡើយ។
យុវជនម្នាក់ឈ្មោះ JARNO KIRI មកពីប្រទេសហ្វាំងឡង់ បាននិយាយថា៖ «សម្រាប់ខ្ញុំ វាគឺជាអារម្មណ៍ច្របូកច្របល់មួយ។ គ្មាននរណាអាចដឹងពីផលប៉ះពាល់វាលើទ្វីបអឺរ៉ុប និងពិភពលោកឡើយ។ ទីមួយ ខ្ញុំគិតថា នេះជាការផ្តល់អំណាចដល់ប្រជាជន ឬអ្វីៗដូច្នោះដែរ។ ឯទីពីរទៀត ខ្ញុំគិតថា ការណ៍នេះនឹងផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ច»។
ឈរពីមុខកម្រងរូបថតលើជញ្ជាំងបង្ហាញពីសោកនាដកម្មនៃសង្រ្គាមសម័យទំនើប យុវជនម្នាក់នេះបាននិយាយថា គាត់មិនចូលចិត្តការបោះឆ្នោតនេះឡើយពីព្រោះ វាជាលទ្ធផលនៃបោះឆ្នោតដែលកើតឡើងដោយសារតែការភិតភ័យនឹងអន្តោប្រវេសន៍។
រឿងដែលច្បាស់ប្រាកដនោះគឺ ប្រសិនបើ ឬខណៈពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នោះនឹងបង្កើតរនាំងទំនាក់ទំនង និងសេដ្ឋកិច្ចថ្មីមួយទៀត ហើយគ្មាននរណាអាចដឹងថាតើវាអាចខណ្ឌចែកដល់កម្រិតណានោះទេ។
យុវជនម្នាក់ឈ្មោះ DOMENICO MANFREDELLI មកពីប្រទេសអ៊ីតាលី បាននិយាយថា៖ «សម្រាប់ខ្ញុំ ទីក្រុងឡុងដ៍ គឺជានិមិត្តរូបនៃការរួបរួម ដែលជាកន្លែងដែលយើងអាចជួបមនុស្សមកពីគ្រប់ទិសទីនៃពិភពលោក។ អីចឹង វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា... ខ្ញុំមិនដឹងដែរ។ វាជាស្ថានភាពមួយដ៏ចម្លែកណាស់»។
យ៉ាងណាក៏ដោយ យុវជនទាំងអស់នេះ បាននិយាយថា លទ្ធផលនៃការបោះឆ្នោតអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប គឺជាព្រឹត្តិការណ៍ «ជញ្ជាំងបែរឡាំង» សម្រាប់មនុស្សជំនាន់នេះ។
យុវជនJARNO KIRI មកពីប្រទេសហ្វាំងឡង់ បានបន្ថែមថា «រឿងនេះនឹងត្រូវបានគេក្រឡេកមើលជាក់ជាមិនខាននៅក្នុងអំឡុងពេល២០ឆ្នាំខាងមុខនេះ ប្រធានបទនោះគឺ៖ មុនពេល និងក្រោយពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប»។
យុវជនផ្សេងទៀតបាននិយាយថា ពួកគេជឿជាក់ថា សន្តិសុខ និងវិបុលភាពនៃអឺរ៉ុបក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះមានទំនាក់ទំនងនឹងការរួបរួមរបស់អឺរ៉ុប ស្របពេលដែលគណបក្សនយោបាយនានាក្នុងប្រទេសផ្សេងៗទៀតពិភាក្សាលើការចាកចេញពីសហភាពអឺរ៉ុប។
ប៉ុន្តែ យុវជនទាំងនោះបានបន្ថែមថា វាពិបាកនឹងនិយាយឲ្យច្បាស់ថាតើនឹងមានអ្វីកើតឡើងបន្តទៀត៕
ប្រែសម្រួលដោយ កោះ សុគន្ធី