សៅប៉ៅឡូ ប្រេស៊ីល៖ មិនដូចជាប្រទេសដទៃទៀត ដែលមើលឃើញសេដ្ឋកិច្ចរបស់ខ្លួនចុះដុនដាប ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចសកលនោះទេ ប្រទេសប្រេស៊ីលបានងើបឡើង ដោយគ្មានផលប៉ះពាល់។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលនៅទីនោះ ប្រេស៊ីលនឹងមានការកើនឡើងចំនួន៧ភាគរយក្នុងឆ្នាំនេះ។ អ្នកវិភាគមួយចំនួននិយាយថា ការរីកលូតលាស់នេះបានមកពីការបង្កើនការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូរពាណិជ្ជកម្មធំបំផុតរបស់ប្រេស៊ីល នាពេលនេះ។ ប៉ុន្តែអ្នកសង្កេតផ្សេងទៀតនិយាយថា ការនាំចេញបច្ចុប្បន្ននេះនឹងមិនធ្វើឲ្យប្រេស៊ីលខ្លាំងក្នុងរយៈពេលវែងឡើយ។
លោកស៊ើជីអូ អាម៉ារ៉ាល (Sergio Amaral) មន្ត្រីជើងចាស់ម្នាក់នៅក្នុងក្រសួងការបរទេសប្រេស៊ីល មានប្រសាសន៍ថា ប្រេស៊ីលបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចសកល ដោយគ្មានផលប៉ះពាល់ ដោយសារតែហេតុផលពីរយ៉ាង។ លោកបានឲ្យដឹងថា ហេតុផលទីមួយនោះគឺដោយសារប្រាក់កម្ចីរបស់រដ្ឋាភិបាល ដែលធ្វើឲ្យផលិតផលក្នុងស្រុកស្ថិតក្នុងកម្រិតខ្ពស់ដដែល។
«ចំណុចទីពីរគឺ ខ្ញុំគិតថា ចិនបានដើរតួនាទីយ៉ាងសំខាន់ ដោយសារតែឥឡូវនេះចិនជាដៃគូរពាណិជ្ជកម្មទីមួយរបស់យើង ហើយចិនបាននិងកំពុងពង្រីកការនាំចូលរបស់ខ្លួនពីប្រេស៊ីល»។
កាលពីឆ្នាំ២០០៩ ចិនបានជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូរពាណិជ្ជកម្មកំពូលរបស់ប្រេស៊ីល។ ប៉ុន្តែ លោកអាម៉ារ៉ាល ដែលជាប្រធានក្រុមប្រឹក្សាជំនួញប្រេស៊ីល ចិន និយាយថា ចិនបានឡើងដល់កម្រិតខ្ពស់នោះ ក៏ដោយសារតែផលប៉ះពាល់ ដែលបង្កឡើងដោយការធ្លាក់ចុះជាសកល ទៅលើសេដ្ឋកិច្ចរបស់អាមេរិក។ លោកបន្តថា៖
«ការនាំចេញទៅអាមេរិកបានធ្លាក់ចុះ មិនមែនដោយសារចិនទេ ប៉ុន្តែដោយសារការធ្លាក់ចុះនៃតម្រូវការពីអាមេរិក។ ខ្ញុំគិតថា នៅពេលណាដែលសេដ្ឋកិច្ចអាមេរិកងើបឡើងវិញ យើងក៏នឹងបង្កើនការនាំចេញទៅអាមេរិកដែរ។ ដោយសារផលិតផលទាំងអស់នេះខុសគ្នា យើងអាចលក់ទៅឲ្យទាំងអាមេរិក និងចិន»។
លោកអាម៉ារ៉ាលបានពន្យល់ថា ទីផ្សារនៅអាមេរិកខាងជើង និងទី្វបអឺរ៉ុប នាំចូលទំនិញឧស្សាហកម្ម ដែលមានតម្លៃថ្លៃ ដោយរាប់បញ្ចូលទាំងដែកថែប និងគ្រឿងបន្លាស់យន្តហោះជាដើម ខណៈដែលការធ្វើពាណិជ្ជកម្មជាមួយចិនបានវិវត្តជាចំបងជុំវិញការនាំចេញវត្ថុធាតុដើម មានដូចជារ៉ែដែក និងផលិតផលកសិកម្ម ដូចជាសណ្តែកសៀង។
ប៉ុន្តែ អ្នកវិភាគមួយចំនួននិយាយថា ដោយសារការពឹងផ្អែកលើការនាំចេញវត្ថុធាតុដើមទាំងនេះទៅកាន់ប្រទេសចិនបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រេស៊ីលប៉ុន្មានឆ្នាំថ្មីៗនេះ ការពឹងផ្អែកនេះនឹងមិនធ្វើឲ្យការរីកចម្រើនមាននិរន្តរភាពទេក្នុងរយៈពេលយូរ។
លោក ហ្គីលម៉ា ម៉ាស៊ើរ៉ូ (Gilmar Masiero) បង្រៀនមុខវិជ្ជាសេដ្ឋកិច្ច នៅឯសាកលវិទ្យាល័យសៅប៉ូឡូ (University of Sao Paulo)។ លោកមានប្រសាសន៍ថា ការនាំចេញសណ្តែកសៀង និងរ៉ែដែកមិនបានបង្កើតការងារគ្រប់គ្រាន់ ដើម្បីមានឥទ្ធិពលទៅលើសេដ្ឋកិច្ចប្រេស៊ីលឡើយ។ លោកម៉ាស៊ើរ៉ូ បន្តថា ប្រសិនបើការធ្វើពាណិជ្ជកម្មជាមួយចិនធ្វើឲ្យសេដ្ឋកិច្ចប្រេស៊ីលរីកចម្រើនបន្តទៀត ព្រមទាំងបង្កើតការងារឲ្យពលរដ្ឋប្រេស៊ីលនោះ ពាណិជ្ជកម្មនេះត្រូវតែពង្រីកឲ្យលើសពីមុខទំនិញទាំងនេះ។ លោកថ្លែងថា៖
«ប្រសិនបើយើងកសាងដៃគូបច្ចេកវិជ្ជាកាន់តែច្រើនជាមួយប្រទេស ដែលស្ទើរតែស្ថិតក្នុងកម្រិតអភិវឌ្ឍដូចយើងដែរ យើងអាចរីកលូតលាស់ទាំងអស់គ្នា ហើយយើងកាន់តែមានភាពប្រកួតប្រជែងក្នុងវិស័យជាក់លាក់ ដែលជាវិស័យបច្ចេកវិជ្ជា ដែលទើបលេចឡើងថ្មីៗ ហើយមិនត្រូវដាក់កិច្ចប្រឹងប្រែងរបស់យើងទៅលើវិស័យឧស្សាហកម្មចាស់ៗនោះទេ»។
លោកស៊ើជីអូ អាម៉ារ៉ាល នៃក្រុមប្រឹក្សាពាណិជ្ជកម្មចិនប្រេស៊ីល បានយល់ស្របថា ប្រភេទនៃការនាំចេញត្រូវតែផ្លាស់ប្តូរ។ ប៉ុន្តែ លោកនិយាយថា លោកបានមើលឃើញពីការផ្លាស់ប្តូរក្នុងទំនាក់ទំនងចិន និងប្រេស៊ីលកើតមានរួចហើយ។ លោកបន្តថា៖
«ខ្ញុំគិតថា កាលពីពេលថ្មីៗនេះ មានការវិវត្តទៅមុខ។ ខ្ញុំគិតថា ក្នុងឆ្នាំនេះ ចំណុចលេចធ្លោគឺមិនមែនខាងពាណិជ្ជកម្មទេ តែជាការវិនិយោគ។ ក្រុមហ៊ុនចិនត្រូវបានរំពឹងថានឹងវិនិយោគក្នុងទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ នៅប្រេស៊ីលក្នុងឆ្នាំនេះ ហើយឆ្នាំនេះ ចិននឹងក្លាយជាអ្នកវិនិយោគធំជាងគេបង្អស់នៅប្រេស៊ីល»។
លោកអាម៉ារ៉ាល់ បានឲ្យដឹងថា ក្រុមហ៊ុនចិននឹងវិនិយោគលើគម្រោងទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ។ ហើយការវិនិយោគនោះក៏រាប់បញ្ចូលទាំងការដេញថ្លៃសាងសង់ខ្សែរថភ្លើងល្បឿនលឿន ដែលភ្ជាប់ទីក្រុងសៅប៉ូឡូ និងរីយ៉ូឌឺជេណេរ៉ូ (Rio de Janeiro) មុនពេលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៤ខាងមុខ៕
ប្រែសម្រួលដោយ លី សុខឃាង