ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្លែងការពាររបាយការណ៍របស់ខ្លួននិងហ៊ានបង្ហាញភស្តុតាង តទល់នឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដែលធ្វើឡើងដោយមេទ័ពទាំង១២រូបរបស់លោក។
ការអះអាងរបស់លោក ប្រេដ អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ហ៊ុន សែន ថ្លែងការពារមេទ័ពរបស់លោក ដោយអះអាងថា មេទ័ពជំនិតទាំង១២រូបរបស់លោកគឺ«ជាមនុស្សស្អាតស្អំ»។
លោក ប្រេដ អាដាម បានប្រាប់ VOA នៅព្រឹកថ្ងៃអង្គារនេះថា របាយការណ៍ដែលចេញដោយអង្គការរបស់លោកដែលបង្ហាញថា មេទ័ពទាំង១២រូបមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះគឺ«ជាការណ៍ពិត» ហើយថា លោក ហ៊ុន សែន បរាជ័យក្នុងការការពារពួកគេ ដោយថា លោក ហ៊ុន សែន ព្យាយាមរិះគន់អង្គការរបស់លោកដើម្បីបង្វែរប្រធានបទ ដែលរកឃើញថា ពួកគេពិតជាបានរំលោភសិទ្ធិមនុស្សមែននោះ។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រូបនេះក៏បាននិយាយបន្ថែម ដោយជំរុញឲ្យលោក ហ៊ុន សែន បង្ហាញភស្តុតាងដែលថា មេទ័ពទាំង១២រូបរបស់លោកពិតជាស្អាតស្អំដូចការអះអាងរបស់លោក។
លោក ប្រេដ អាដាម បញ្ជាក់តាមន័យដើមជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ឯកសារជាង២០០ទំព័រនេះត្រូវបានចងក្រងយ៉ាងល្អ។ ខ្ញុំហ៊ានតទល់នឹងលោក ហ៊ុន សែន ដែលនិយាយថា ឯកសារនេះមិនត្រឹមត្រូវ។ ពួកយើងអាចបន្ថែមនូវឧទាហរណ៍ជាច្រើនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដោយមេទ័ពទាំង១២នាក់ និងដោយលោក ហ៊ុន សែន ខ្លួនឯង ព្រមទាំងដោយមេទ័ពជាច្រើននាក់ទៀតក្នុងវិស័យយោធា»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានចេញផ្សាយរបាយការណ៍របស់ខ្លួនចំនួន២១៣ទំព័រ ដែលមានចំណងជើងថា «រឿងទុច្ចរិតរបស់ឧត្តមសេនីយ៍ទាំង១២នាក់របស់កម្ពុជា៖ ប្រវត្តិសាស្រ្តយូរអង្វែងនៃការរំលោភបំពានសិទ្ធិមនុស្សដោយឧត្តមសេនីយ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
របាយការណ៍នោះបានបញ្ជាក់ថា មេទ័ពកម្ពុជាទាំងនោះបានកាន់តួនាទីនាំមុខទ្រង់ទ្រាយធំៗនៃអំពើហិង្សាខាងនយោបាយក្នុងប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ។ ក្នុងនោះមានយុទ្ធនាការបោះឆ្នោត ដែលមានការសម្លាប់ក្នុងឆ្នាំ១៩៩៣ ការវាយប្រហារដោយគ្រាប់បែកដៃនៅឆ្នាំ១៩៩៧លើការប្រមូលផ្តុំរបស់ក្រុមជំទាស់ និងការវាយយកអំណាចយោធាយ៉ាងហិង្សារបស់លោក ហ៊ុន សែន នាពេលក្រោយមកទៀត នៅក្នុងឆ្នាំនោះ និងការសម្លាប់ខាងនយោបាយជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់។
ក្រោយការចេញរបាយការណ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានថ្លែងការពារមេទ័ពទាំង១២នាក់នោះ ដោយនិយាយថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សណាមួយនោះទេ។ លោក ហ៊ុន សែន ចាត់ទុកថា របាយការណ៍នោះជាការចោទប្រកាន់គ្មានមូលដ្ឋាន និងថា មិនមានហេតុផលណាមួយដែលចាំបាច់ត្រូវស៊ើបអង្កេតឡើយ។
ក្រៅពីថ្លែងការពារមេទ័ពទាំង១២រូបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិហៅថា «ជាមេដឹកនាំផ្តាច់ការ» ក៏បានចំអកឲ្យលោក ប៊្រេដ អាដាម ប្រធានអង្គការអន្តរជាតិមួយនេះ ដោយនិយាយថា ការធ្វើរបាយការណ៍វាយប្រហារមេទ័ពកម្ពុជាត្រឹមតែ១២រូបនោះគឺ មិនទាន់គ្រប់ចំនួននៅឡើយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ លោក ហ៊ុន សែន ដែលជាមេទ័ពពាក់ផ្កាយមាស៥ផុតលេខ បានបញ្ជាក់ថា៖
«សូមផ្តាំទៅ ប្រេដ អាដាម អើយ! មេទាហាននៅកម្ពុជាគេថា តិចណាស់! ទាល់តែដាក់ទាំងអស់ អាហ្នឹងបានវាគ្រប់! ព្រោះមិនមាននាយទាហានត្រឹម១២នាក់នោះទេ ដែលស្មោះត្រង់ជាមួយ ហ៊ុន សែន ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល។ មេទាហានមួយប្រទេសឯណោះ! គេនៅខ្វះ គេសុំឲ្យអ្នកឯងដាក់ទាំងអស់១១ម៉ឺននាក់ដាក់ទាំងអស់មក»!
លោក ហ៊ុន សែន ក៏បានថ្លែងរិះគន់អ្នកវិភាគមួយចំនួនដោយមិនចំឈ្មោះដែលបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតករណីនេះដើម្បីបង្ហាញពីការពិតថា៖
«អីចឹងហ្អែងចោទអញរហូត! អញស្រាវជ្រាវរហូតទៅ? អត់បានធ្វើការអី...។ បើទ័ពមិនការពាររាជរដ្ឋាភិបាលទេ មិនមែនទ័ពទេ។ នរណាអ្នកចិញ្ចឹមទ័ព? ទ័ពជាឧបករណ៍ការពាររដ្ឋ។ ប៉ូលិសជាឧបករណ៍ការពាររដ្ឋ។ ត្រូវស្តាប់ឲ្យបាន! បើមិនយល់ទេ ទៅរៀនម្តងទៀតទៅ អាបណ្ឌិតឆ្កួត»!
នៅមុនប្រតិកម្មរបស់លោក ហ៊ុន សែន មេទ័ពមួយចំនួនដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចាត់ទុកថា ជាមេទ័ពទុច្ចរិតទាំង១២នោះ បានច្រានចោលរបាយការណ៍នេះថា ជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងពីការណ៍ពិតនៅកម្ពុជា។
នៅថ្ងៃចន្ទ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដែលវាយបកទៅលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដោយនិយាយថា ជារបាយការណ៍ក្លែងក្លាយ ដែលបង្កប់ឧបាយកលដ៏ពិសពុល។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនោះសរសេរក្នុងន័យដើមថា៖
«ក្រសួងមហាផ្ទៃប្រកាសថ្កោលទោសចំពោះអង្គការយូមែនរ៉ាយវ៉ច (HRW) ដែលមានបុគ្គលឈ្មោះ ប្រេដ អាដាម ជាប្រធាន ហើយចាត់ទុកថា ការផលិតរបាយការណ៍នេះជាទង្វើមិនអាចអត់ឱនឲ្យបាន និងទាមទារឲ្យបុគ្គលនេះឈប់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការផលិតរបាយការណ៍ក្លែងក្លាយ ដែលបង្កប់ឧបាយកលដ៏ពិសពុលក្នុងបំណងញុះញង់ ប្រកបដោយគំនុំបុគ្គល និងមាននិន្នាការគាំទ្រជនក្បត់ជាតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា មេទ័ពទាំង១២រូប គឺជាឥស្សរជនរបស់កម្ពុជាដែលបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ លោកបន្ថែមថា លោក ប្រេដ អាដាម ជាសកម្មជនសិទ្ធិមនុស្ស តែជាអ្នករំលោភសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖
«ខ្ញុំយល់ថា ប៊្រេដ អាដាម នេះដែលវាយតម្លៃថា ឥស្សរជនទាំង១២រូបជាឧក្រិដ្ឋកម្មសង្គ្រាម ឬមួយក៏ប្រឆាំងមនុស្សជាតិអី តាមគាត់ថានោះ ខ្ញុំយល់ថា ប្រេដ អាដាម ក៏ជាឧក្រិដ្ឋកម្មប្រឆាំងនឹងសិទ្ធិមនុស្សដែរ។ យកសិទ្ធិមនុស្សមកដើម្បីរំលោភលើសិទ្ធិមនុស្សដោយខ្លួនឯង»។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបស់មេទ័ពខ្មែរទាំង១២រូប ត្រូវបានផ្សព្វផ្សាយមិនប៉ុន្មានថ្ងៃក្រោយពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិប្រធានអង្គរក្សនាយករដ្ឋមន្ត្រីគឺលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតាមច្បាប់ Magnitsky Act របស់អាមេរិក។ ការណ៍នេះបានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មន្ត្រីដែលស្និតនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕