ប្រទេស​បុតស្វាណា​នឹង​បញ្ជូន​ដំរី​ត្រឡប់​ទៅ​អង់ហ្គោឡា​វិញ​ដើម្បី​បន្ថយ​ចំនួន​ដ៏​លើស​លប់​ក្នុង​ប្រទេស​ខ្លួន

រូបឯកសារ៖ ដំរី​ឈ្មោះ​អាហ្វ្រិក​កំពុង​​ធ្វើ​សកម្មភាព​នានា​នៅ​តាម​ដងទន្លេ​ Boteti ប្រទេស​បុតស្វាណា ឆ្នាំ២០១៦។

សត្វដំរី​ច្រើន​ជាង​១៣០.០០០​ក្បាល​រស់នៅ​ក្នុង​ប្រទេស​បុតស្វាណា​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

ប៉ុន្តែ​ដំរី​រាប់​ម៉ឺនក្បាល​គឺ​ជា​ដំរី​ដែល​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍​ក្នុង​ប្រទេស​អង់ហ្គោឡា​ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​២០០២។

អ្នក​អភិរក្ស​ដូចជា​លោក Mike Chase ​នៃ​អង្គការ​ដំរី​គ្មាន​ព្រំដែន (Elephants Without Borders)​និយាយ​ថា ​ចំនួន​ដំរី​ក្នុង​ប្រទេស​បុតស្វាណា​បាន​កើន​ឡើង​ច្រើន​ពេក​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​កសិករ​និងមាន​កង្វះ​អាហារ​និង​ទឹក។​

លោក Chase ថ្លែងថា៖«ដូច្នេះ​ដើម្បីដោះ​ស្រាយ​បញ្ហានេះ​ គឺ​ត្រូវ​បញ្ជូន​ដំរី​ទាំងនេះ​ទៅ​កាន់​ទីដែល​មាន​សុវត្ថិភាព​ ទីដែល​ពួកគេ​អាច​រស់នៅ​បង្កើត​កូន​បង្កើត​ចៅ និង​អាច​តាំងទីលំនៅ​ឡើង​វិញ​ក្នុង​ភាគ​អាគ្នេយ៍​នៃប្រទេស​អង់ហ្គោឡា ដែល​មិន​សូវមាន​សត្វ​ដំរី»។

ដើម្បី​ធ្វើ​បែប​នោះបាន ប្រទេស​អង់ហ្គោឡា​បាន​យល់​ព្រម​សម្អាត​មីន​ពី​សង្គ្រាម ហើយ​ប្រទេស​បុតស្វាណានឹង​ដក​របងរារាំង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​សត្វដំរី។

អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​សត្វព្រៃ​លោក Erik Verreynne ​និយាយ​ថា​ ការ​ធ្វើ​ដំណើរ​របស់​សត្វ​នៅ​ទាប​នៅ​ឡើយ។

«យើង​នៅតែ​ទទួល​បាន​ការរាយការណ៍​ពី​ការ​ប្រមាញ់​សត្វ​ក្នុង​ប្រទេស​អង់ហ្គោឡា។ យើង​ដឹង​ថា​គ្រាប់មីន​នៅ​តែ​ជាបញ្ហា ទោះ​បីជា​ពួកគេ​កំពុង​ព្យាយាម​យក​វា​ចេញ។ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំដឹងនៅពេល​នេះ​គឺ​ថា​វា​សំខាន់​ក្នុង​ការ​បើក​ច្រក​ព្រំដែន​ឲ្យ​ដំរី​ធ្វើ​ដំណើរ»។

ប្រទេស​បុតស្វាណា​ជា​ផ្នែក​មួយ​ក្នុង​តំបន់​អភិរក្ស Kavango-Zambezi Trans-frontier ដែល​មាន​ប្រាំប្រទេស​ជា​ដៃគូ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​រួម​គ្នា។

នាយកប្រតិបត្តិ​នៃ​ក្រុម​នោះ​គឺលោក Nyambe Nyambe ​និយាយ​ថា​ គោល​ដៅក្នុង​ភាព​ជាដៃគូ​គឺ​ដើម្បីឲ្យ​សត្វ​ព្រៃ​ធ្វើ​ចលនា​ដោយសេរី​ក្នុង​តំបន់។​

«ការ​រស់​រាន​រយៈពេល​វែងរបស់​សត្វ​ដំរី​ពឹង​លើ​ការ​ធានា​ឲ្យ​បាន​ថា​យើង​រក្សា​សន្តិសុខ​និង​ភ្ជាប់​ឡើង​វិញ​នូវ​ច្រក​សម្រាប់​សត្វ​ព្រៃ​ឆ្លង​ព្រំដែន។ នៅពេល​ដែល​យើង​និយាយ​អំពី​អ្វី​ដែល​ប្រទេស​ជា​ដៃ​គូ​កំពុង​ធ្វើ​ដើម្បី​គាំទ្រ​ប្រទេស​អង់ហ្គោ​ឡា​ជាពិសេស​ គ្រប់គ្នា​កំពុង​រួមចំណែក​ក្នុង​ដំណើរការ​នេះ»។

ប្រធានា​ធិបតីប្រទេស​បុតស្វាណា​លោក Mokgweetsi Masisi បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ពិត​ជា​មាន​ឆន្ទៈ​យ៉ាង​ខ្លាំង​ក្នុង​ការ​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ ដើម្បី​បើក​ច្រក​ព្រំដែន​សម្រាប់​ការ​ចំណាកស្រុក​របស់​សត្វ​ដំរី​និង​គ្រប់គ្រង​ចំនួន​សត្វ​ដំរីបានប្រសើរ​ជាង​មុន៕

ប្រែសម្រួលដោយ​កញ្ញា ទុំ ម្លិះ