អ្នកជំនាញ​ព្រំដែន​លោក ស៊ាន ប៉េងសែ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨២ឆ្នាំ

រូបឯកសារ៖ លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ នៅ​គេហដ្ឋាន​របស់​លោកក្នុងទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង កាលពីឆ្នាំ២០១៦។

លោកស៊ាន ប៉េងសែ​បាន​បង្កើត​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅប្រទេស​បារាំង​និង​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩៩ ​​ដើម្បី​តាម​ដាន​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ដែល​លោក​យល់​ថា​នៅមាន​ការរំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ លោក​បាន​ធ្វើ​ជា​ប្រធាន​រហូតដល់​ពេល​លោក​ទទួល​មរណភាព។​

លោក ​ស៊ាន ប៉េងសែ ​អ្នកជំនាញ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ជន្មាយុ​៨២ឆ្នាំដោយ​រោគាពាធ​នៅ​ប្រទេស​បារាំង។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់​របស់​អតីត​សហការី​របស់លោក។​

លោក ឌី ការ៉េត ​អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នេះ​គឺជា​ការបាត់បង់​មួយ​ដ៏​ធំ​ណាស់​ចំពោះ​សមាជិក​សមាជិកា​ទាំងអស់​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា‍»។

លោក ស៊ាន ប៉េងសែ ​បាន​បង្កើត​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅប្រទេស​បារាំង​និង​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​តាម​ដាន​មើល​បញ្ហា​ព្រំដែន​កម្ពុជា​ដែល​លោក​យល់​ថា​នៅមាន​ការរំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ លោក​បាន​ធ្វើ​ជា​ប្រធាន​រហូតដល់​ពេល​លោក​ទទួល​មរណភាព។​

លោក ស៊ាន ប៉េងសែ ​ធ្លាប់កាន់តំណែង​ជារដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​សិប្បកម្ម​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរហើយ​ក៏​ធ្លាប់​ជា​ប្រធាន​គណៈ​ប្រតិភូ​កម្ពុជា​សម្រាប់​ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាមនៅក្នុង​ឆ្នាំ១៩៧៤។ លោក​បាន​រស់នៅក្នុង​ប្រទេស​បារាំង​តាំងពីមុន​ពេល​ដែល​របបខ្មែរ​ក្រហម​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥។

រូបឯកសារ៖ លោក ឌី ការ៉េត ​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ខួប​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ George Mason University នៅ​រដ្ឋ Virginia ក្នុង​ខែ​តុលា ឆ្នាំ២០១៦។

លោក ​ឌី ការ៉េត ​បាន​រំលឹក​ពី​ស្នាដៃ​របស់​លោក​ស៊ានប៉េងសែ​ថា៖

«គាត់​ជា​អ្នកជំនាញការ​យ៉ាង​សំខាន់​បំផុត​អំពី​រឿង​ផែនទី​ទាំង​ផែនទី​ដីគោក​និង​ផែនទី​សមុទ្រ​ដែល​ខ្លួន​គាត់​បាន​រៀបចំ​ធ្វើ​សឹងតែ​ម្នាក់ឯង​ដោយមានការចូលរួម​ខ្លះ​ពី​អ្នក​ឯកទេស​មក​ពី​ប្រទេស​បារាំង​។ មានការ​ចូលរួម​អំពី​មន្ត្រីធំៗរដ្ឋមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែរ​ប៉ុន្តែ​គាត់​រៀបចំ​ខ្លួន​ឯង​ច្រើនណាស់‍»។​

កាលពី​នៅ​រស់រាន​មានជីវិត​ លោកស៊ានប៉េងសែ​តែងតែរិះគន់ថា​ការវាស់វែង​កំណត់ព្រំដែន​នា​ពេល​បច្ចុប្បន្ន​ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​ប្រទេស​វៀតណាម​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​មិន​បាន​អនុវត្តតាម​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ដែលតម្រូវ​ឱ្យ​កម្ពុជា​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណាដែល​វៀតណាម​បាន​ចុះហត្ថលេខាក្នុង​ពេល​ដែល​ខ្លួន​គ្រប់គ្រង​លើប្រទេស​កម្ពុជា​រយៈពេល​១០ឆ្នាំតាំងពីឆ្នាំ​១៩៧៩។​ ជាពិសេស​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​វៀតណាម​ដែល​បាន​ចុះហត្ថលេខា ​ឆ្នាំ​១៩៨២និង​១៩៨៥។

លោក ឌី ការ៉េត​ បាន​បន្ថែមថា៖

«ដូច្នេះ​គាត់​ថា​ត្រូវ​តែ​បន្តការងារ​ហ្នឹង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មានការទទួលស្គាល់​នូវ​សន្ធិសញ្ញា​ទាំងអស់​ហ្នុង​‍»។

លោក ​ឌី ការ៉េត ​បាន​ប្តេជ្ញា​បន្ត​កិច្ចការ​ព្រំដែន​កម្ពុជា៖

«ដរាបណាខ្ញុំ​នៅរស់​ខ្ញុំ​នៅតែ​បន្តកិច្ចការ​ហ្នឹង‍។ ខ្ញុំ​អត់​មាន​បោះបង់​ចោល​ទេ​ហើយ​មិត្តភក្តិដែល​នៅ​ជួយធ្វើការ​ទាំងអស់​ទាំងប៉ុន្មាន​ក៏មានការប្តេជ្ញាចិត្ត​ដូច​ខ្ញុំ​អីចឹងដែរ​ហើយ​យើ​ងខ្ញុំ​កំពុងតែ​ស៊ើបសួរស្នើ​ឱ្យ​យុវជន​អ្នកក្មេងៗ​អាយុក្រោម​៥០ឆ្នាំ ក្រោម​៤០ឆ្នាំឱ្យ​ចូលមក​រួមទៀតជាអ្នក​បច្ចេកទេសក្តី​ជាអ្នកធ្វើវិភាគតាម​ផ្លូវច្បាប់​និង​ផ្លូវបច្ចេកទេសក្តី​»។​

លោក ស៊ាន ប៉េងសែ​ កើត​នៅថ្ងៃទី​១ខែមករា​ឆ្នាំ​១៩៣៦​នៅ​ឃុំស្ពឺ ​ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម។ លោក​មាន​បងប្អូនប្រុស​ពីរនាក់​និង​បងប្អូនស្រី​ពីរនាក់។ លោក​បាន​រៀបការ​ជាមួយ​នឹង​ភរិយា​គឺ​លោក ​ស្រី​វណ្ណ ដារ៉េត ​នៅឆ្នាំ​១៩៦៦ហើយ​មាន​បុត្រ​ចំនួន​បួននាក់​ស្រីម្នាក់និង​ប្រុស​បីនាក់។

លោក ស៊ាន ប៉េងសែ ​ទទួល​សញ្ញាបត្រ​វិស្វករ​ពីសាលា​ Ecole des Mines d’Alèsនៃប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៦៥។ នេះ​បើ​តាម​ប្រវត្តិរូប​សង្ខេប​ដែល​គណៈកម្មាធិការ​ព្រំដែនកម្ពុជា​បាន​ចែកចាយ​ដល់​បណ្តាញ​សារព័ត៌មាន។

លោក​បាន​សរសេរ​អត្ថបទស្រាវជ្រាវ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម​និង​រ៉ែ​ក្នុង​នោះ​មាន​សំណេរ ​«ការស្រាវជ្រាវ​រកប្រេង​នៅ​លើ​ដី​គោក​និង​ក្នុង​សមុទ្រ​នៅកម្ពុជា (ប្រេង​និង​នយោបាយ​នៅ​កម្ពុជា)‍» «ព្រំដែន​ដីគោក​និង​ដែន​សមុទ្រ​របស់​កម្ពុជា‍»​និង​«បន្ទាត់មូលដ្ឋាន​និង​ផែនទី​នៃខ្ពង់រាប​បាតសមុទ្រ​របស់​កម្ពុជា‍»។​

ពិធី​បុណ្យសព​របស់​លោក ស៊ាន ប៉េងសែ ​នឹង​រៀបចំ​នៅថ្ងៃទី ២៩ ខែ​មករា​ខាងមុខ​នេះ​នៅ​វត្តពោធិវង្ស​ នៅក្រុង​ សង់-សួរ-ម៉ាន៕