អ៊ុយក្រែន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​នៅ​ក្នុង​ទីក្រុង​មូស្គូ

បុគ្គលិកលើក​សាកសព​លោកឧត្តមសេនីយ៍​ទោ Igor Kirillov ប្រធាន​កងកម្លាំង​ការពារ​នុយក្លេអ៊ែរ ជីវសាស្ត្រ និង​គីមី​របស់​រុស្ស៊ី​ដាក់​ក្នុង​ឡានក្រុង បន្ទាប់​ពី​លោកនិង​ជំនួយការ​ត្រូវ​បាន​សម្លាប់​ដោយ​ឧបករណ៍​បំផ្ទុះ​​នៅ​​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី១៧ ខែធ្នូ។

អ៊ុយក្រែន​បាន​អះអាង​ទទួល​ខុសត្រូវ​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​ការធ្វើឃាត​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​មូស្គូ​ដោយ​ប្រើ​គ្រាប់បែក​ចុច​បំផ្ទុះ​ពីចម្ងាយដែល​ត្រូវ​បាន​លាក់​នៅ​ក្នុង Scooter នៅ​ខាង​ក្រៅ​អគារ Apartment របស់​លោក។

លោក​ឧត្តមសេនីយ៍​ទោ​ Igor Kirillov ប្រធាន​កងកម្លាំង​ការពារ​នុយក្លែអ៊េរ ជីវសាស្ត្រ​និង​គីមី​របស់​យោធា​បាន​ត្រូវ​សម្លាប់​នៅពេល​ដែល​លោក​ចាកចេញ​ពី​ការិយាល័យ​របស់​លោក​ ហើយ​អ្នក​ជំនួយការ​ម្នាក់​របស់​លោក Kirillov ក៏​ត្រូវបាន​សម្លាប់​ផងដែរ។

ប្រទេស​ជា​ច្រើន រួមមាន​ចក្រភព​អង់គ្លេស​និង​កាណាដា​បាន​ដាក់ទណ្ឌកម្ម​លោក Kirillov អាយុ៥៤ឆ្នាំ​ចំពោះ​សកម្មភាព​របស់​លោក​នៅ​ក្នុង​សង្គ្រាម​ជិត៣ឆ្នាំ​របស់​រដ្ឋាភិ​បាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ចន្ទ សេវាកម្ម​សន្តិសុខ​របស់​អ៊ុយ ក្រែន​បាន​បើក​ការស៊ើបអង្កេតព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក ដោយ​បាន​ចោទ​ប្រកាន់​លោក​ពី​ការបញ្ជា​ឱ្យ​ប្រើប្រាស់​អាវុធ​គីមី​ដែល​បាន​ហាមឃាត់។

មន្ត្រីសន្តិសុខ​ម្នាក់​ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ពីព្រោះ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ចេញ​ព័ត៌មាន​បាន​និយាយ​ថា​សេវាកម្ម​សន្តិសុខ​អ៊ុយក្រែន​បាន​ស្ថិត​ពី​ក្រោយ​នៃ​ការវាយ​ប្រហារ​នេះ។

មន្ត្រី​រូប​នោះ​បាន​ពណ៌នា​លោក Kirillov ជា«ឧក្រិដ្ឋជន​សង្គ្រាម​និង​ជា​ទីដៅ​ស្រប​ច្បាប់​ទាំង​ស្រុង»។

សេវាកម្ម​សន្តិសុខ​អ៊ុយក្រែន​បាន​និយាយ​ថា​ខ្លួន​បាន​កត់ត្រា​ការប្រើប្រាស់​ជាង៤.៨០០ លើក​នៅពេល​ដែល​រុស្ស៊ី​បាន​ប្រើប្រាស់​អាវុធ​គីមី​នៅ​លើ​សមរភូមិ​ចាប់តាំង​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០២២។ កាលពី​ខែ​ឧសភា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​បាន​កត់ត្រា​ការប្រើប្រាស់ chloropicrin ដែល​ជា​ឧស្ម័ន​ពុល​ដែល​ត្រូវ​បាន​ប្រើប្រាស់​លើក​ដំបូង​ក្នុង​សង្គ្រាម​លោក​លើក​ទី១​ប្រឆាំង​នឹង​កងទ័ព​អ៊ុយក្រែន។

រុស្ស៊ី​បាន​ច្រានចោល​ការប្រើប្រាស់​អាវុធ​គីមី​ណាមួយ​ក្នុង​ប្រទេស​អ៊ុយក្រែន ផ្ទុយ​ទៅ​វិញ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​កៀវ​ពី​ការប្រើប្រាស់​ភ្នាក់ងារ​ពុល​ក្នុង​សង្គ្រាម។

ក្នុង​ការងារ​របស់​លោក​នៅពេល​បច្ចុប្បន្ន​ចាប់តាំង​ពី​ឆ្នាំ២០១៧មក លោក Kirillov ជា​ឥស្សរជន​ជាន់​ខ្ពស់​បំផុត​ម្នាក់ដែល​បាន​ចោទប្រកាន់​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​កៀវ។ លោក​បាន​ធ្វើ​សន្និសីទ​កាសែត​ជា​ច្រើនដែលចោទប្រកាន់​យោធា​អ៊ុយក្រែន​ពី​ការប្រើ​ប្រាស់​ភ្នាក់ងារ​ពុល​ហើយ​នឹង​រៀបចំ​ផែនការ​ដើម្បី​ចាប់ផ្តើម​វាយប្រហារ​ដោយ​ប្រើ​សារធាតុ​វិទ្យុសកម្ម ជា​ការអះអាង​ដែល​អ៊ុយក្រែន​និង​សម្ពន្ធមិត្ត​លោក​ខាង​លិច​របស់​អ៊ុយក្រែន​បាន​ច្រានចោល​ថា​ជា​ការឃោសនា៕