ក្រោយហេតុការណ៍ទូកទេសចរ បុកទូក ង មួយគ្រឿងបណ្តាលឲ្យកីឡាករអុំទូកពីរនាក់បាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ កាលពីព្រឹកថ្ងៃអាទិត្យ សមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះទាំងពីរអណ្តែតនៅកន្លែងផ្សេងគ្នាក្នុងខេត្តកណ្តាល។ ហេតុការណ៍នេះត្រូវបានសង្គមស៊ីវិលរិះគន់ថា រដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខ។
ការរកឃើញសាកសពកីឡាករទាំងពីរនាក់នេះ កើតឡើងស្របពេលដែលពិធីបុណ្យអុំទូកថ្ងៃទីមួយកំពុងចាប់ផ្តើម។
កាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា កន្លងទៅនេះ ទូកដឹកភ្ញៀវទេសចរបានបុកទូក ង មួយគ្រឿងដែលត្រៀមប្រណាំងក្នុងពិធីបុណ្យអុំទូក នៅកណ្តាលទន្លេខាងមុខព្រះបរមរាជវាំង បណ្តាលឲ្យកីឡាករចំនួនពីរនាក់បាត់ខ្លួន។ បើតាមសាក្សីដែលជាជនរងគ្រោះម្នាក់ប្រាប់ VOA នៅថ្ងៃកើតហេតុថា ក្រុមកីឡាករអុំទូកចំនួន៩នាក់បានសណ្ដោងទូកដែលមានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ មកពីវត្តអម្ពវ័ន្ត សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកត្រៀមប្រណាំងនៅមុខវាំង ប៉ុន្តែត្រូវបានទូកទេសចររបស់ក្រុមហ៊ុនវៀតណាមបុកលិច បណ្តាលឲ្យកីឡាករប្រណាំងទូកចំនួនពីរនាក់ធ្លាក់ចូលទៅក្រោមទូកទេសចរនោះ។
ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ លោក លី វណ្ណថេង ប្រាប់ VOA ថា នៅម៉ោងប្រមាណជា៨ព្រឹកថ្ងៃអាទិត្យនេះ ក្រោយការរាយការណ៍របស់ប្រជាពលរដ្ឋ សមត្ថកិច្ចបានរកឃើញសាកសពរបស់កីឡាករអុំទូកដែលបាត់ខ្លួនទាំង២នាក់ អណ្តែតនៅទីតាំងផ្សេងគ្នាក្នុងពេលតែមួយ។ លោកបន្តថា សពជនរងគ្រោះឈ្មោះ ឈឿន សុខុម ហៅ ចន អាយុ៣៣ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុច ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ ចាន់ចេស្តា អាយុ១៧ឆ្នាំ ត្រូវបានប្រទះឃើញនៅចំណុចមាត់ទន្លេ ភូមិកោះរះក្រោម ឃុំកោះរះក្រោម ស្រុកល្វាឯម ខេត្តកណ្តាល។
លោក លី វណ្ណថេង បន្ថែមថា សមត្ថកិច្ចបានបញ្ជូនសាកសពជនរងគ្រោះទាំងពីរទៅគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ លោកបន្តថា ទូកទេសចរនោះបានធ្វើដំណើរមុនពេលដែលមានបម្រាមពីខាងកំពង់ផែភ្នំពេញដែលហាមមិនឲ្យទូក និងនាវាគ្រប់ប្រភេទឆ្លងកាន់កន្លែងប្រារព្ធពិធី។ ទោះជាយ៉ាងណាលោកថា ទូកបង្កហេតុឈ្មោះ Cruiseco Advanturer កំពុងបន្តដឹកភ្ញៀវទេសចរណ៍ទៅកាន់ខេត្តសៀមរាប ហើយនឹងត្រឡប់មកដោះស្រាយក្រោយបញ្ចប់ពិធីបុណ្យអុំទូក។
លោក លី វណ្ណថេង បញ្ជាក់ថា៖
«តាមការបញ្ជាក់ពីឯកឧត្តមអគ្គកំពង់ផែភ្នំពេញនោះ គាត់បាននិយាយថា ការដែលគាត់ប្រជុំហ្នឹង គឺយើងមានកំណត់ម៉ោង ឧទាហរណ៍ថា ម៉ោងប៉ុន្មានដែលត្រូវនាវាចរណ៍មិនអាចឆ្លងកាត់តំបន់ហ្នឹងបាន ហើយក៏វាមានកាលបរិច្ឆេទច្បាស់លាស់ តែដោយឡែកថ្ងៃដែលគ្រោះថ្នាក់នេះគឺអត់ទាន់ដល់ថ្ងៃបរិច្ឆេទដែលថាត្រូវកំណត់ថា មិនឲ្យនាវាចរចូលនោះទេ ដោយសារថ្ងៃនោះជាថ្ងៃទី១១ទេ មិនទាន់ដល់ថ្ងៃទី១២ ឬ១៣ ដែលក្នុងព្រះរាជពិធីបុណ្យអុំទូកទេ»។
លោក លី វណ្ណថេង បន្ថែមថា៖
«ដោយយោងតាមឧប្បត្តិហេតុនេះ យើងភាគីទាំងពីរបានព្រមព្រៀងថា នឹងដោះស្រាយក្រោយពេលបុណ្យសពចប់ យើងនឹងជួបដោះស្រាយគ្នា»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ VOA ថា សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទូកទេសចរបុកទូក ង នេះទៅតុលាការរួចហើយ។
ក្រុមកីឡាករអុំទូក និងប្រជាពលរដ្ឋ បង្ហាញពីការសោកស្ដាយចំពោះការស្លាប់របស់កីឡាករទាំងពីរនាក់ និងស្នើឲ្យអាជ្ញាធរបង្កើនការប្រុងប្រយ័ត្ន ជៀសវាងកុំឲ្យមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើង។
កាលពីថ្ងៃសុក្រ មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានប្រាប់ VOA ថា អាជ្ញាធរត្រៀមសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ព្រមទាំងមានបំពាក់កាមេរ៉ាតាមដានតំបន់ដែលមានប្រជាពលរដ្ឋច្រើន ដើម្បីចៀសវាងបាតុភូតដែលអាចកើតឡើងជាយថាហេតុ ក្នុងការប្រារព្ធពិធីបុណ្យអុំទូកទាំង៣ថ្ងៃ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា ការត្រៀមការពារសន្តិសុខរបស់រដ្ឋាភិបាលធ្វើឡើងគ្រាន់តែជាការបង្អួតប្រជាពលរដ្ឋ ប៉ុន្តែលោកថា ការត្រៀមរៀបចំនោះគ្មានប្រសិទ្ធភាពក្នុងការការពារ។
លោកមានប្រសាសន៍ថា៖
«ការជួយសង្គ្រោះហ្នឹងវាមានការយឺតយ៉ាវ វាធ្វើឲ្យយើងបារម្ភអំពីប្រសិទ្ធភាពនៃការបំពេញការងារក្នុងការរក្សាសុវត្ថិភាពនៅក្នុងពិធីបុណ្យហ្នឹងដែរ ទី១។ ទី២ បើយើងមើលទិដ្ឋភាពជារួម នៅពេលមានក្រុមកីឡាករដ៏ច្រើនកំពុងតែត្រៀមបម្រុងនៅក្នុងការប្រណាំងទូកហ្នឹង បែរជាមានការបណ្តែតបណ្តោយឲ្យទូកទេសចរវៀតណាមធ្វើដំណើរចូលមក អញ្ចឹងខ្ញុំថាសមត្ថកិច្ចនៅតែធ្វើកិច្ចការងាររបស់ខ្លួនមិនបានល្អសម្រាប់សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូកហ្នឹង»។
លោក សន ជ័យ បន្ថែមថា ការលិចទូក និងគ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពិធីបុណ្យអុំទូកតែងកើតមានស្ទើររាល់ឆ្នាំ ដែលជាការបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រង ដូច្នេះរដ្ឋាភិបាលគួរតែពង្រឹងការការពារបន្ថែម ដើម្បីធានាដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យប្រពៃណីមួយនេះ៣ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រីស្លាប់ជាង៣៥០នាក់ និងរបួសរាប់រយនាក់ផ្សេងទៀត និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ។ ក្នុងឆ្នាំ២០១៤ ពិធីបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាបានឡើងកម្ដៅ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនេះគឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន៕