សពទាហានមួកខៀវកម្ពុជាចំនួនបួនរូប ដែលបានពលីជីវិតក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិនៃសព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីក្នុងការទទួលសពទាហានទាំងបួនរូបនោះនាយប់ថ្ងៃអាទិត្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពីក្រុមមន្ត្រីរដ្ឋាភិបាល សាច់ញាតិ និងបងប្អូននៃគ្រួសារសព។
យុទ្ធជនពលីទាំងបួនរូប រួមមានលោក អ៊ឹម សំ លោក ស៊ាង នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង។ ពួកគេបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីពួកឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលកាលពីខែដើមខែឧសភា។
លោក ស៊ាង សែន វ័យ៧៥ ឆ្នាំ ឪពុកបង្កើតរបស់អនុសេនីយ៍ទោ ស៊ាង នរិន្ទ សំដែងក្ដីសោកស្ដាយចំពោះការបាត់បង់កូនប្រុសរបស់លោក ដែលជាកូនទីប្រាំក្នុងចំណោមកូន៧នាក់។
«រឿងបាត់បង់ជីវិតក្នុងក្រុមគ្រួសាររបស់យើង ឬ មួយបាត់បង់ជីវិតអ្នកណាម្នាក់ក៏ដោយចុះ កុំថាតែជាតិខ្លួនឯង ឲ្យតែជីវិតមនុស្សបាត់បង់ អ្នកណាមួយដែលថា មិនសោកស្ដាយ ហើយចុះទម្រាំដល់កូនរបស់ខ្លួនឯងផ្ទាល់ តើអ្នកណាមួយដែលថា មិនសោកស្ដាយ? ជីវិតរបស់កូន អ្នកណាក៏សោកស្ដាយដែរ»។
សពលោក ស៊ាង នរិន្ទ ត្រូវបានបូជានារសៀលថ្ងៃចន្ទនេះ នៅក្នុងវត្តក្រាំងធ្នុង ក្នុងសង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមមន្ត្រីយោធាថ្នាក់ឧត្ដមសេនីយ៍ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។
លោក ស៊ាង សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីបូជាសពនោះថា កូនប្រុសរបស់លោកមិនបានទៅច្បាំង ដើម្បីកសាងសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលនោះទេ តែជាយុទ្ធជនធ្វើការពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីនោះ។
ទោះជាលោកបង្ហាញការសោកស្ដាយចំពោះការស្លាប់របស់កូនប្រុសលោកក្តី លោកបានកោតសរសើរដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជួយជ្រោមជ្រែងដល់ការរៀបចំពិធីបុណ្យសពកូនប្រុសរបស់លោក។
«កូនខ្ញុំប៉ុណ្ណឹង និយាយពីតួនាទីខ្ញុំក្នុងសង្គមប៉ុណ្ណឹង កូនខ្ញុំស្លាប់រដ្ឋាភិបាលយកចិត្តទុកដាក់ប៉ុណ្ណឹង មិនមែនត្រឹមតែរដ្ឋាភិបាលទេ សូម្បីតែអង្គការក្រៅរដ្ឋាភិបាល ក៏យកចិត្តទុកដាក់ដែរ ដូចជាកាកបាទក្រហមអី លឿនបំផុត គ្រាន់តែខ្ញុំធ្វើបុណ្យភ្លាម មកដល់ភ្លាម។ អញ្ចឹងខ្ញុំអត់មានតូចចិត្តនឹងគេជួយទេ គេមកជួយសពកូនខ្ញុំទេ»។
ជាអ្នកអានវិយោគកថានៅមុនការបូជាសព លោក ស៊ាង នរិន្ទ ឧត្ដមសេនីយ៍ទោ ឈួន សំអាត នាយករងទីចាត់ការឃោសនាព័ត៌មាននៃអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បានលើកឡើងអំពីប្រវត្តិរបស់លោក ស៊ាង នរិន្ទ វ័យ៣៧ ឆ្នាំ ដែលបានចូលបម្រើកងទ័ពនៅឆ្នាំ ២០០៨ និងបានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់ពីឆ្នាំ២០១០ រហូតដល់ពេលលោកទទួលមរណភាព។
លោក ស៊ាង នរិន្ទ បានទៅបំពេញបេសកកម្មនៅប្រទេសលីបង់ ម៉ាលី និងចុងក្រោយនេះ គឺនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
ឧត្ដមសេនីយ៍ទោ ឈួន សំអាត មានប្រសាសន៍ថា៖
«ប៉ុន្តែគួរឲ្យអនិច្ចាណាស់ និងសោកស្ដាយបំផុតនោះ គឺក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ លោកអនុសេនីយ៍ទោ ស៊ាង នរិន្ទ រួមជាមួយយុទ្ធមិត្ត ត្រូវបានពួកឧទ្ទាម ជាឧក្រិដ្ឋជនសង្គ្រាម បានលបពួនស្ទាក់វាយប្រហារសម្លាប់ ផ្ដាច់យកអាយុសង្ខាររបស់លោក និងយុទ្ធមិត្តដទៃទៀត យ៉ាងឃោរឃៅព្រៃផ្សៃបំផុត ដែលធ្វើឲ្យយុទ្ធមិត្ត មានការតក់ស្លុត និងស្រណោះស្រណោកសោកស្ដាយជាពន់ពេក»។
សម្រាប់សពទាហានមួយខៀវបីនាក់ផ្សេងទៀត ត្រូវបានគេដឹកបញ្ជូនទៅធ្វើបុណ្យក្នុងខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។
ដោយឡែក លោកនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានថ្លែងឲ្យដឹងកាលពីពេលកន្លងមកថា ជាធម្មតាគ្រួសារសពត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៧០.០០០(ប្រាំពីរម៉ឺន)ដុល្លារ សម្រាប់សពម្នាក់ៗពីអង្គការសហប្រជាជាតិ។
លោក ស៊ាង សែន ឲ្យដឹងទៀតថា ការទទួលបានសំណង ឬយ៉ាងណា គឺអាស្រ័យលើរដ្ឋាភិបាល ហើយលោកក៏មិនទាមទារឲ្យមានការផ្ដល់សំណងឲ្យបានឆាប់ដល់ការស្លាប់របស់កូនប្រុសលោកដែរ៕