បញ្ហាសមុទ្រចិនខាងត្បូងត្រូវបានសមាជិកអាស៊ានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែរហូតមកដល់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃនេះ សមាគមអាស៊ានដែលមាន១០ប្រទេសនេះមិនទាន់ចេញសេចក្តីថ្លែងការណ៍រួមណាមួយដែលបង្ហាញក្តីបារម្ភលើសកម្មភាពចុងក្រោយរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលប្រទេសមានជម្លោះដែនទឹកហៅថាជាសកម្មភាពគឃ្លើន និងបង្ហាញក្តីព្រួយបារម្ភ។
បន្ថែមពីនេះ កាលពីថ្មីៗនេះ ពោលគឺនៅមុនកិច្ចប្រជុំកំពូលអាស៊ានប៉ុន្មានថ្ងៃ ចិនបានបង្ហាញផែនទីថ្មីមួយដែលលាតសន្ធឹងកាន់តែធំនៅលើដែនទឹកសមុទ្រចិនខាងត្បូង។ ផែនទីនេះត្រូវបានបដិសេធដោយប្រទេសមានជម្លោះជាមួយចិន។
ជម្លោះនៅសមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាចម្រូងចម្រាសរាប់ទសវត្សរ៍មកហើយរវាងប្រទេសចិន និងសមាជិកមួយចំនួនរបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
អ្នកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន មិនបានអត្ថាធិប្បាយច្រើននោះទេ នៅពេលអ្នកសារព័ត៌មានបានចោទសំណួរកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែអ្នកស្រីបានកោតសរសើរអំពីដំណើរវិវឌ្ឍនៃការរៀបចំក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Code of Conduct) ពាក់ព័ន្ធនឹងដែនទឹកដ៏មានសារៈសំខាន់មួយនេះ។
កម្ពុជា ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មិនមានជម្លោះនៅសមុទ្រចិនខាងត្បូងឡើយ។ សំណួរត្រូវបានលើកឡើងថា តើហេតុអ្វីបានជាប្រទេសឥណ្ឌូណេស៊ី ខកខានមិនបានសម្តែងការបារម្ភខ្លាំងៗណាមួយអំពីសកម្មភាពរបស់ឆ្មាំការពារដែនសមុទ្ររបស់ចិនដែលត្រូវបានជំទាស់ប្រឆាំងយ៉ាងខ្លាំងដោយសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចនិងប្រទេសអាស៊ីផ្សេងទៀត។
កាលពីកន្លងទៅ រដ្ឋាភិបាលហ្វីលីពីនបានពណ៌នា«សកម្មភាពគឃ្លើន»របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប្រើកាណុងបាញ់ទឹកដោយឆ្មាំការពារដែនសមុទ្ររបស់ចិនប្រឆាំងនឹងនាវាហ្វីលីពីនដែលទាក់ទិននៅក្នុងបេសកកម្មផ្គត់ផ្គង់កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ។ ចិនក៏បានស្ថាបនាកោះសម្រាប់ទីតាំងយោធានៅក្នុងសមុទ្រចិនខាងត្បូង ហើយបានទាមទារបូរណភាពទឹកដីត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចរបស់ប្រទេសមានជម្លោះ។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ថ្លែងថា ទស្សនៈវិស័យរបស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង គឺចង់ឃើញសន្តិភាព ស្ថិរភាព និងវិបុលភាព។ ប៉ុន្តែវាគួរឲ្យសោកស្តាយដែលវាខុសពីនេះទាំងស្រុង។ លោកបញ្ជាក់ថា ហ្វីលីពីននឹងបន្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីជំរុញសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
លោកថ្លែងកាលពីថ្ងៃទី៥ ខែកញ្ញា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានថា ហ្វីលីពីននៅតែប្តេជ្ញាទៅកាន់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះក្នុងដែនទឹកសមុទ្រចិនខាងត្បូង ឲ្យស្របតាមច្បាប់អន្តរជាតិ។
លោកបញ្ជាក់បន្ថែមថា៖ «យើងមិនស្វែងរកជម្លោះឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងជាប្រជាពលរដ្ឋនិងជាថ្នាក់ដឹកនាំដែលជានិច្ចកាល ក្រោកឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអធិបតេយ្យភាពរបស់យើង សម្រាប់សិទ្ធិអធិបតេយ្យរបស់យើង និងយុត្តាធិការនៃផ្លូវសមុទ្រក្នុងដែនសមុទ្រចិនខាងត្បូង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា និងអ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន បាននៅឡើយទេ។
កម្ពុជាបានប្រកាន់ជំហរចង់ឲ្យជម្លោះនេះដោះស្រាយរវាងប្រទេសនិងប្រទេស ជាជាងប្រើប្រាស់យន្តការរបស់អាស៊ាន។
សមាជិកអាស៊ានមួយចំនួនរងការរិះគន់ថា ស្និទ្ធនឹងប្រទេសចិន ដែលធ្វើឲ្យពួកគេជំទាស់នឹងសេចក្តីថ្លែងការណ៍រួមណាមួយរបស់អាស៊ាន ដោយសារសមាគមថ្នាក់តំបន់មួយនេះឈរលើគោលការណ៍កុងសង់ស៊ីស ឬមូលមតិគ្នាទាំងស្រុង ទើបអាចសម្រេចលើកិច្ចការអ្វីមួយបាន។
លោក Yulius P Hermawan សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Parahyangan Catholic University ក្នុងប្រទេសឥណ្ឌូណេស៊ី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បើមើលពីការណ៍ដែលមេដឹកនាំអាស៊ានមិនបានបង្ហាញការឆ្លើយតបរួមមួយចំពោះសកម្មភាពថ្មីៗរបស់ចិន វាពិតជាការព្រួយបារម្ភមួយ។ លោកបារម្ភអំពីលទ្ធភាពខ្ពស់ដែលប្រទេសចិនអាចបញ្ជាអាស៊ានបាន។
លោកបញ្ជាក់ថា៖ «មេដឹកនាំអាស៊ានដែលប្រទេសរបស់ពួកគេមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះដែនសមុទ្រនេះ រួមទាំងឥណ្ឌូណេស៊ីទំនងជាមានការប្រយ័ត្នប្រយែងក្នុងការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ។ ពួកគេបានរក្សាភាពស្ងៀមស្ងាត់ ទោះបីនៅពេលសមាជិកអាស៊ានរបស់ពួកគេលើកឡើងអំពីការជំទាស់ខ្លាំងក្លានិងដោយចំហប្រឆាំងនឹងសកម្មភាពមិនសមរម្យរបស់ចិនក្នុងដែនអធិបតេយ្យរបស់ពួកគេ»។
លោកបន្ថែមថា ដំណើរនៃការបង្កើតក្រមប្រតិបត្តិលើបញ្ហាសមុទ្រចិនខាងត្បូងយឺតយ៉ាវខ្លាំង ខណៈចិនបានធ្វើសកម្មភាពដែលមិនស្របតាមក្រមប្រតិបត្តិនោះ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានថ្លែងទៅកាន់មេដឹកនាំអាស៊ាន ដោយលើកឡើងអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃមិត្តភាពរបស់ចិនជាមួយតំបន់អាស៊ីអាគ្នេយ៍ រួមមានការខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងរបៀបដែលភាគីបានដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនាក្នុងពេលកន្លងទៅ។
លោក Li ថ្លែងថា៖ «ដរាបណាយើងរក្សាមាគ៌ាត្រឹមត្រូវ មិនថា ព្យុះយ៉ាងណាអាចកើតមានឡើងនោះទេ កិច្ចសហប្រតិបត្តិការចិននិងអាស៊ាននឹងនៅរឹងមាំជារៀងរហូតហើយបន្តទៅមុខប្រឆាំងនឹងភាពមិនចុះសម្រុង។ យើងបានថែរក្សាសន្តិភាពនិងភាពស្ងប់ស្ងាត់នៅក្នុងតំបន់អាស៊ីបូព៌ានៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពចលាចលនិងការផ្លាស់ប្តូរ»។
គួរបញ្ជាក់ថាអនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ដែលចូលរួមកិច្ចប្រជុំអាស៊ាននេះដែរ ក៏បានលើកឡើងអំពីជម្លោះដែនទឹកមួយនេះ ដោយបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង៕