លោក Blinken ថា មាន«ឱកាសពិត»សម្រាប់​កិច្ចព្រម​ព្រៀង​ដោះលែង​ចំណាប់​ខ្មាំង​ បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​ក្រុមហាម៉ាស់

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ឆ្វេង) ជួប​ជាមួយ​ព្រះអង្គម្ចាស់ Mohammed bin Salman ក្នុង​ទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​លោក Antony Blinken ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ការ​សម្លាប់​មេដឹកនាំក្រុម​ហាម៉ាស់ លោក Yahya Sinwar របស់​អ៊ីស្រាអែល​ បង្ហាញ​ពី «ឱកាស​ពិត​ប្រាកដ» ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ ​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​ដែល​នៅសល់ ​និងនៅតែ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្ហាហ្សា។

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅទីក្រុង ​Tel Aviv មុនពេល​ហោះហើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ លោក Blinken បាន​និយាយ​ថា ​អ៊ីស្រាអែល​បាន​ទទួល​ជោគជ័យ​ជាច្រើន​នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ហាម៉ាស់ រួម​ទាំងការ​បន្ទាប​បន្ថោក​សមត្ថភាព​យោធា​របស់​ក្រុម​នេះ។ អ្នកការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​រូបនេះ បាន​និយាយ​ថា អ្វីដែល​នៅ​សេសសល់​គឺការ​នាំយក​ចំណាប់​ខ្មាំង​មកផ្ទះវិញ ​ហើយ​បញ្ចប់​សង្គ្រាម។

លោក Blinken បាន​ជួប​ជាមួយ​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​ព្រះអង្គម្ចាស់ Mohammed bin Salman អស់​រយៈពេល​មួយម៉ោង​នៅ​ទីក្រុង Riyadh ហើយ​កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា ហើយ​បន្ទាប់​មក​ចក្រភព​អង់គ្លេស​សម្រាប់​កិច្ចពិភាក្សា​បន្ថែម​ជាមួយ​មន្ត្រី​ដើម្បី​ព្យាយាម​រារាំង​ការប្រយុទ្ធ​របស់​អ៊ីស្រាអែល​ជាមួយ​ក្រុម​ហាម៉ាស់​នៅហ្កាហ្សា ​និង​ជាមួយហេសបូឡា​នៅ​លីបង់។ ក្រុម​សកម្មប្រយុទ្ធ​ទាំងពីរ​ត្រូវបាន​គាំទ្រ​ទាំង​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ដោយ​អ៊ីរ៉ង់។

អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ម្នាក់​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក Blinken បាន​សង្កត់ធ្ងន់​ទៅ​កាន់​ព្រះអង្គម្ចាស់ bin Salman អំពី​«សារៈសំខាន់​នៃការ​ធ្វើឲ្យចប់​សង្រ្គាម​នៅក្នុង​តំបន់​ហ្កាហ្សា និង​ការដោះលែង​ចំណាប់​ខ្មាំង​ទាំងអស់»។ ក្រុម​ហាម៉ាស់​ត្រូវ​បាន​គេ​ជឿ​ថា ​នឹង​នៅ​មានចំណាប់ខ្មាំង​ប្រហែល ១០០ នាក់ទៀត​ បើ​ទោះ​បី​ជា​មួយ​ភាគ​បី​ស្លាប់ហើយ​ក៏​ដោយ។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា លោក Blinken និង​ព្រះអង្គម្ចាស់ bin Salman «បាន​បន្តការ​ពិភាក្សា​អំពី​របៀប​បង្កើត​សន្តិសុខ ​អភិបាលកិច្ច និង​ការ​កសាង​ឡើងវិញ​នៅក្នុង​រយៈពេល​ក្រោយ​ជម្លោះ»។

លោក Blinken បាន​និយាយ​ថា ការ​បញ្ចប់​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស់​ត្រូវតែ​ធ្វើឡើង​ក្នុង​របៀប​មួយ​ដែល​រារាំង​ពួក​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ឲ្យ​នៅក្រៅ​តំបន់​ហ្កាហ្សា និង​ធានា​ថា ​ទាហាន​អ៊ីស្រាអែល​មិនត្រូវ​ឈរជើង​នៅទីនោះ។

លោក​ Blinken បាន​និយាយ​ថា ​ផែនការ​សម្រាប់​តំបន់​ហ្កាហ្សា​ក្រោយ​សង្រ្គាម រួមទាំង​បញ្ហា​ដូចជា​អភិបាលកិច្ច ​សន្តិសុខ ​ការ​កសាង​ឡើងវិញ​ និងអ្វី​ដែល​សហគមន៍​អន្តរជាតិ​អាចធ្វើ​ដើម្បី​ជួយ​ប៉ាឡេស្ទីន​ នឹង​ក្លាយជា​ប្រធាន​បទ​នៃការ​ពិភាក្សា​របស់លោក ជាមួយ​ដៃគូ​អារ៉ាប់​នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

ក្រសួង​ការបរទេស​បាន​និយាយ​ថា ​លោក Blinken នឹង​ជួប​ជាមួយ​សមភាគី​អារ៉ាប់​នៅថ្ងៃ​សុក្រ​នៅ​ទីក្រុងឡុងដ៍​ បន្ទាប់​ពី​ឈប់សំចត​នៅថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​កាតា៕