លោក Blinken៖ បទឈប់បាញ់អ៊ីស្រាអែលនិងក្រុម Hezbollah «នៅបន្តមានសុពលភាព» ទោះបីជាមានការវាយប្រហារម្តងហើយម្តងទៀត

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថ្លែង​​​អំឡុងសន្នសីទកាសែត​​​នៅ​​​កិច្ច​​​ប្រជុំរដ្ឋមន្ត្រីការបរទេស​​​អង្គការ​​​អូតង់ទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី​​​៤ ធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែលនិងក្រុម Hezbollah ក្នុងប្រទេសលីបង់«នៅបន្តមានសុពលភាព» ទោះបីជាភាគីសង្រ្គាមបានបន្តកំណត់គោលដៅដាក់គ្នាទៅវិញទៅមកម្តងហើយម្តងទៀតជាមួយនឹងការវាយប្រហារថ្មីៗក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ។

លោក Blinken បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរបស់អង្គការអូតង់នៅទីក្រុង ប្រ៊ុចសែលថា «បទឈប់បាញ់កំពុងបន្តសុពលភាព» ហើយយើងកំពុងប្រើយន្តការដែលត្រូវបានបង្កើតឡើងនៅពេលដែលមានការព្រួយបារម្ភណាមួយកើតឡើងអំពីការរំលោភបំពានណាមួយដែលត្រូវបានចោទប្រកាន់ឬជឿថាមានការរំលោភបំពាន"។

ទាំងអ៊ីស្រាអែលនិងក្រុម Hezbollah បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ដែលទើបសម្រេចបានមួយសប្តាហ៍ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១៤ ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសលីបង់ និងបានបង្កឱ្យអ្នកស្រុកយ៉ាងច្រើននៃភាគីទាំងពីរនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ត្រូវផ្លាស់ទីលំនៅ។

លោក Blinken បាននិយាយថា «ខ្ញុំគិតថាជាមូលដ្ឋាន ភាគីទាំងពីរគឺអ៊ីស្រាអែលនិងក្រុម Hezbollah តាមរយៈរដ្ឋាភិបាលលីបង់ចង់បាននិងបន្តចង់បានបទឈប់បាញ់។ប៉ុន្តែយើងត្រូវតែធ្វើឱ្យប្រាកដថាវាត្រូវបានរក្សា។ ហើយយើងប្តេជ្ញាចិត្តធ្វើវា។"

គណៈកម្មាធិការមួយរួមមានប្រទេសបារាំង កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អ៊ីស្រាអែល លីបង់ និងដឹកនាំដោយសហរដ្ឋអាមេរិក មានភារកិច្ចរក្សាការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមភាគីផ្សេងៗ ហើយធានាថាការរំលោភបំពាននានាត្រូវបានកំណត់ និងដោះស្រាយដើម្បីជៀសវាងការបង្កើនជម្លោះណាមួយ។

ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ភាគីទាំងពីរត្រូវបានគេសន្មត់ថានឹងដកថយពីតំបន់ព្រំដែន ដោយមានតែកងទ័ពលីបង់និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តនៅតំបន់ប្រទាញប្រទង់៕