រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើដំណើរទៅអ៊ីស្រាអែលនៅថ្ងៃសុក្រនេះ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងត្រៀមបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេចមួយ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ជា«បន្ទាន់»មួយ។
នៅក្នុងប្រទេសអ៊ីស្រាអែលលោក Blinken នឹងពិភាក្សាពីភាពចាំបាច់ដើម្បីធានាឲ្យក្រុមហាម៉ាស់បរាជ័យទាំងនៅក្នុងទីក្រុង Rafah ផងដែរ ដែលជាវិធានការមួយដើម្បីការពារជនស៊ីវិល ក៏ដូចជាមិនបង្អាក់ដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ និងលើកកម្ពស់សន្តិសុខជាទូទៅរបស់អ៊ីស្រាអែលជាដើម។ នេះបើយោងលើសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានប្រឆាំងផែនការរបស់អ៊ីស្រាអែល ដើម្បីវាយប្រហារថ្មើរជើងចូលទៅទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលអ៊ីស្រាអែលថាជារឿងចាំបាច់ដើម្បីខ្លួនសម្រេចបានជ័យជម្នះរបស់ខ្លួនលើក្រុមហាម៉ាស់ និងធានាថាក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលត្រូវបានក្រសួងការបរទេសចាត់ទុកថាជាក្រុមភេរវកម្មនោះ នឹងមិនអាចធ្វើការវាយប្រហារជាថ្មីម្តងទៀតទៅលើប្រទេសអ៊ីស្រាអែល ដូចថ្ងៃទី៧ ខែតុលាកន្លងទៅនោះឡើយ។
សហរដ្ឋអាមេរិករំពឹងថានឹងដាក់សេចក្តីព្រាងសេចក្តីសម្រេចមួយ ទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ ដែលនឹងគាំទ្រមិនងាករេទៅលើកិច្ចប្រឹងប្រែងការទូត ដើម្បីសម្រេចបានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានធ្វើការចរចាលើខ្លឹមសារនៃអត្ថបទព្រាងសេចក្តីសម្រេច ស្តីពីបទឈប់បាញ់រយៈពេល៦សប្តាហ៍ និងដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួន ដែលកំពុងជាប់ឃុំក្នុងប្រទេសអ៊ីស្រាអែល៕
អ្នកស្រី Nike Ching ប្រធានការិយាល័យ VOA ប្រចាំសេតវិមានផ្តល់ព័ត៌មានសម្រាប់អត្ថបទនេះ។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។