រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយចំនួននៅសប្តាហ៍នេះ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះ មានគោលបំណងដើម្បីបង្កើនចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឬអូតង់ និងដើម្បីសហការលើបញ្ហានានាដូចជាការប្រែប្រួលអាកាសធាតុ ការប្រឆាំងភេរវកម្ម និងកិច្ចប្រឹងប្រែងជាបន្តនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាដើម។
លោក Blinken មានគម្រោងចូលរួមនៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការអូតង់នៅថ្ងៃអង្គារនិងថ្ងៃពុធ ហើយក៏នឹងជួបពិភាក្សាផងដែរជាមួយនឹងអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg។
លោក Philip Reeker ឧបការីរដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកការិយាល័យកិច្ចការអឺរ៉ុបនិងអាស៊ីអឺរ៉ុបនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់អ្នកកាសែតមុនដំណើរទស្សនកិច្ចរបស់លោក Blinken ថា៖ «ដំណើរទស្សនកិច្ចនេះនឹងក្លាយជាឱកាសមួយសម្រាប់លោករដ្ឋមន្ត្រី [Blinken] និងរដ្ឋមន្ត្រីការបរទេសនានា [នៃបណ្ដាប្រទេសជាសមាជិកអង្គការអូតង់] នៅក្នុងការពិភាក្សាអំពីកិច្ចផ្តួចផ្តើមឆ្នាំ ២០៣០ របស់អង្គការអូតង់»។
លោក Reeker បានបញ្ជាក់ថា «សំណើនៅក្រោម [កិច្ចផ្តួចផ្តើមឆ្នាំ ២០៣០] សម្រាប់ការអនុវត្តរបស់សម្ព័ន្ធភាព [អង្គការអូតង់] នេះ មានដូចជាការព្រួយបារម្ភអំពីប្រទេសចិននិងរុស្ស៊ី បញ្ហាប្រែប្រួលអាកាសធាតុ សន្តិសុខអ៊ីនធឺណិត ការគំរាមកំហែងចម្រុះ ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខថាមពល ជំងឺរាតត្បាតជាសាកល និងបញ្ហាប្រឈមរួមផ្សេងៗទៀត»៕