លោក Blinken ធ្វើ​ដំណើរ​ទៅ​ប្រេស៊ីល​និង​អាហ្សង់ទីន នៅពេល​ដែល​លោក Lula ធ្វើជា​ប្រធាន G20

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Bliken ធ្វើដំណើរទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Nene Tereza ប្រទេស​អាល់បានី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (Pool via REUTERS)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប្រេស៊ីល​និង​អាហ្សង់ទីន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​ធ្វើ​ការចរចា​និង​ជំរុញ​ទំនាក់​ទំនង​ជាមួយ​បណ្តាមេដឹកនាំ​ដែល​មាន​គំនិត​ឯករាជ្យ​មកពី​ប្រទេស​ទាំងពីរ ​ខណៈដែល​លោកចូលរួមកិច្ច​ប្រជុំរបស់ក្រុមរដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០ ​ឬ​ G20 ​នៅ​ក្នុង​ទីក្រុង Rio de Janeiro។

ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ក៏​ត្រូវ​គេ​រំពឹង​នឹង​ចូលរួម​ជំនួប​របស់​ក្រុម​ប្រទេស G20 ដែរ​ គឺ​អាច​នឹង​មាន​ជំនួប​ទល់មុខ​គ្នា​ដ៏​កម្រ​មួយ​រវាង​អ្នកការទូត​ជាន់​ខ្ពស់ទាំងពីរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​ប្រទេស​ប្រេស៊ីល​និង​អាហ្សង់ទីន ​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ របស់​លោក​ជា​អ្នក​ការទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក។

លោក Blinken នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inácio Lula da Silva នៅ​ក្នុង​រដ្ឋធានី​ប្រេស៊ីលីយ៉ា​ និងប្រធានាធិបតី​ថ្មី​អាហ្សង់ទីន ​លោក Javier Milei នៅ​ក្នុង​រដ្ឋធានី​បួណូស អៃរេស​ ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេភាគី​និង​បញ្ហា​សាកល​លោក។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា​លោក Blinken នឹង​បញ្ជាក់​ពី​ការគាំទ្រ​របស់​សហ រដ្ឋ​អាមេរិក​សម្រាប់​តំណែង​ប្រធាន​របស់​ប្រេស៊ីល​នៅ​ក្នុង​ក្រុម G20 ​ភាពជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រេស៊ីល​សម្រាប់​សិទ្ធិ​កម្មករ កិច្ចសហប្រតិបត្តិការ​ស្តីពី​អន្តរកាល​ថាមពល​ស្អាត​និងពិធី​បុណ្យ​រំឭក​ទំនាក់​ទំនង​ការទូត​ ២០០ ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ។

លោក Blinken ក៏​មាន​គម្រោង​ពិភាក្សា​បេសកកម្ម​គាំទ្រ​សន្តិសុខ​ពហុជាតិ​នៅ​ក្នុង​ប្រទេស​ហៃទី​ ជាមួយ​ដៃគូ G20 នៅ​ខាង​ក្រៅ​ជំនួប ដោះស្រាយ​ការអំពាវនាវ​របស់​ប្រជាពលរដ្ឋ​ហៃទី​ឱ្យ​ជួយ​ស្តារឡើងវិញ​នូវ​សន្តិសុខ​និង​ស្ថិរភាព។

អាហ្សង់ទីន​មាន​មោទនភាព​ដោយមាន​ប្រជាពលរដ្ឋ​អំបូ​ជ្វីហ្វ​ដ៏​ធំ​បង្អស់​មួយ​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Milei កាលពី​ពេល​ថ្មីៗនេះ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក Blinken នឹង​ចូលរួម​ការពិភាក្សា​ជាមួយ​លោក Milei ចំពោះ«ការធ្វើ​ឱ្យ​ជឿនលឿន​ទៅមុខ​រវាង​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា»។ ប្រធានបទ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​លើ​របៀបវារៈ​រួមមាន​រ៉ែ​សំខាន់ៗ​ និង​ការរីកលូតលាស់​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព៕