អង្គការសង្គមស៊ីវិលមួយចំនួនដែលបានចូលរួមក្នុងយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»បានប្តេជ្ញាថា នឹងបន្តធ្វើយុទ្ធនាការស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅទៀតរហូតទាល់តែមានការដោះលែងអ្នកការពារសិទ្ធិមនុស្សចំនួន៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ បើទោះបីជាថ្ងៃទីមួយនៃការសម្តែងមតិនេះកាលពីថ្ងៃច័ន្ទកន្លងទៅ ទទួលរងការបង្រ្កាប និងចាប់ឃាត់ខ្លួនអ្នកចូលរួមចំនួន៨នាក់ក៏ដោយ។
Your browser doesn’t support HTML5
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិង លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ពិសេសថា យុទ្ធនាការនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែក្នុងពេលកន្លងមកពេល ប្រជាពលរដ្ឋរងគ្រោះគឺបានក្រុមអ្នកការពារសិទ្ធិមនុស្សជួយការពារ ប៉ុន្តែពេលនេះពួកគាត់ក្លាយជាជនរងគ្រោះវិញ។ ដូច្នេះ មានការជួយឈឺឆ្អាលពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
លោក ប៉ា ងួនទៀង បានស្នើសុំឱ្យពលរដ្ឋមានការចូលរួមច្រើនបន្តទៀត ដោយសារតែបើសូម្បីតែអ្នកការពារសិទ្ធិមនុស្សត្រូវគេរំលោភបំពានលើសិទ្ធិរបស់គាត់ ដូច្នេះបើគ្មានអ្នកការពារសិទ្ធិទេពេលដែលពលរដ្ឋជួបការលំបាក នឹងមិនមានអ្នកណាចេញមុខនាំយកការលំបាកជូនដល់រដ្ឋាភិបាល ឬសភាជាតិទេ។
យ៉ាងណាក៏ដោយលោកទាំងពីរប្រកែកថា នេះមិនមានជាចលនាបដិវត្តន៍ដូចដែលរដ្ឋាភិបាលបានលាបពណ៌នោះទេ។
លោក ប៉ា ងួនទៀង បានបន្ថែមថា៖«យើងអត់មានលទ្ធភាពណាទៅ ធ្វើបែបហ្នឹងទេ។ នេះទីមួយ ហើយទីពីរការធ្វើបែបនេះ គឺជាទង្វើមួយខុសច្បាប់។ ហើយទីបី នរណាក៏ខ្លាចគុក នរណាក៏ខ្លាចបង្ក្រាបដែរ។ ប៉ុន្តែ ពួកយើងធ្វើសព្វថ្ងៃនេះ ដោយសារតែយើងទាល់ច្រក»៕