ជីវប្រវត្តិ​របស់​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ លោក John Lewis

រូបឯកសារ៖ និមិត្តរូប​សិទ្ធិស៊ីវិល​លោក John Lewis​ មើល​រូប​ថត និង​ឯកសារ​ចាប់​ខ្លួន​​លោក​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ដោយសារ​ការ​តវ៉ា​ដោយ​អហិង្សា​នៅ​ក្រុង Nashville។

លោក John Robert Lewis ដែល​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិក និង​ជា​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​អាយុ ៨០ ឆ្នាំ ដោយសារ​ជំងឺ​មហារីក​លំពែង។ លោក​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​បាន​តស៊ូ​ដើម្បី​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​ពលរដ្ឋ​ស្បែក​ខ្មៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដំណើរ​ឆ្ពោះ​ទៅ​កាន់​តួនាទី​ជា​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ

លោក John Lewis កើត​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ១៩៤០ នៅ​ក្រៅ​ទីក្រុង Troy រដ្ឋ Alabama។ លោក​គឺ​ជា​កូន​របស់​អ្នក​ប្រវាស់​ស្រែ និង​បាន​ធំ​ដឹង​ក្ដី​នៅ​តំបន់​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​ជា​តំបន់​ប្រកាន់​ស្បែកស​និយម។ លោក​មិន​អាច​បោះ​ឆ្នោត ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មហាវិទ្យាល័យ ឬ​ក៏​ទទួល​បាន​ប័ណ្ណ​ចូល​បណ្ណាល័យ​សាធារណៈ​នោះ​ទេ ដោយសារតែ​លោក​មាន​ស្បែក​ខ្មៅ។

លោក Lewis បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​លោក Martin Luther King នៅ​ឆ្នាំ ១៩៥៧ ដោយ​ប្រាប់​លោក King ថា លោក​ចង់​ក្លាយជា​និស្សិត​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​ដែល​អាច​ចូល​រៀន​នៅ​មហាវិទ្យាល័យ Troy State College (បច្ចុប្បន្ន​នេះ​គឺ​សាកលវិទ្យាល័យ Troy University) ដែល​មាន​សុទ្ធតែ​និស្សិត​ស្បែក​ស។

លោក Lewis បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី The Atlantic ថា៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ចូល​រៀន ដោយ​ភ្ជាប់​ជាមួយ​នូវ​ព្រឹត្តិប័ត្រ​ពិន្ទុ​ថ្នាក់​វិទ្យាល័យ​របស់​ខ្ញុំ» ប៉ុន្តែ «ខ្ញុំ​មិន​ឮ​ដំណឹង​អ្វី​ទាំង​អស់​ពី​មហាវិទ្យាល័យ ដូច្នេះ​ខ្ញុំ​ក៏​មាន​គំនិត​ថា ខ្ញុំ​គួរតែ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​បណ្ឌិត King»។

ដោយ​ប្ដូរផ្ដាច់​ប្រឡូក​នៅ​ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​ស្មើ​គ្នា លោក Lewis បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Fisk University ដែល​ជា​សាកលវិទ្យាល័យ​មួយ​ជា​ប្រវត្តិសាស្ត្រ​កន្លង​មក​មាន​តែ​និស្សិត​ស្បែក​ខ្មៅ នៅ​ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee កាល​ពី​ឆ្នាំ ១៩៦៣ ដោយ​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែក​សាសនា និង​ទស្សនៈវិជ្ជា។

នៅ​ពេល​ជា​និស្សិត លោក​បាន​រៀបចំ​បាតុកម្ម​អង្គុយ​មួយ​កន្លែង​តវ៉ា​នៅ​កន្លែង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ដែល​ទុក​សម្រាប់តែ «និស្សិត​ស្បែក​ស» និង​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ។ លោក Lewis គឺ​ជា «អ្នក​ជិះ​រថយន្ត​ក្រុង​ដើម្បី​សេរីភាព» ម្នាក់ ក្នុង​ចំណោម​អ្នក​ជិះ​ដំបូង​គេ​បង្អស់​ចំនួន ១៣ នាក់ ដែល​រង​ការ​វាយ​ដំ និង​ចាប់​ខ្លួន ដោយសារ​បាន​ជិះ​រថយន្ត​ក្រុង​ឆ្លង​រដ្ឋ​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ស្បែក​ស​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

ពីរ​ឆ្នាំ​ក្រោយ​មក ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​និស្សិត​បែប​អហិង្សា ដែល​ជា​គណៈកម្មាធិការ​ដ៏​មាន​ឥទ្ធិពល​មួយ លោក​បាន​ជួយ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្បែក​ខ្មៅ​រាប់​ពាន់​នាក់​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូចជា​រដ្ឋ Alabama និង​រដ្ឋ Mississippi ជា​ដើម។

កម្រងរូបភាព VOA៖ លោក John Lewis ពី​មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ទៅ​ជា​សមាជិក​រដ្ឋសភា (១៩៤០-២០២០)

ព្រឹត្តិការណ៍​ផ្លាស់ប្ដូរ​ជីវិត

ក្នុង​នាម​ជា​សកម្មជន​អាយុ ២៥ ឆ្នាំ​ម្នាក់ លោក Lewisត្រូវ​បាន​វាយ​ដំ​យ៉ាង​ដំណំ​ដោយ​ប៉ូលិស​ស្បែក​ស​រដ្ឋ Alabama នៅ​ពេល​លោក និង​បាតុករ​សន្តិវិធី ៦០០ នាក់​ទៀត បាន​ដើរ​តវ៉ា​ដើម្បី​សិទ្ធិ​បោះ​ឆ្នោត​នៅ​ពាសពេញ​ស្ពាន Edmund Pettus ក្នុង​ទីក្រុង Selma រដ្ឋ Alabama កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ១៩៦៥។ លោក Lewis បាន​រងគ្រោះ​ប្រេះ​ឆ្អឹង​លលាដ៍​ក្បាល។

រូបភាព​តាម​កញ្ចក់​ទូរទស្សន៍​អំពី​ហេតុការណ៍​ដែល​គេ​ស្គាល់​ថា «ថ្ងៃ​អាទិត្យ​បង្ហូរ​ឈាម» នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បញ្ចប់​ការ​រើសអើស​ជាតិ​សាសន៍។

ក្រោយ​មក​នៅ​ឆ្នាំ​ដដែល​នោះ លោក Lewis បាន​ឈរ​ជិត​លោក​ប្រធានាធិបតី Lyndon Johnson នៅ​ពេល​ដែល​លោក Johnson ចុះ​ហត្ថលេខា​លើ​ច្បាប់​ជា​ប្រវត្តិសាស្ត្រ​ស្ដី​ពី​សិទ្ធិ​បោះ​ឆ្នោត​ឆ្នាំ ១៩៦៥។ ច្បាប់​នេះ​ចាត់ទុក​ថា​ខុស​ច្បាប់​ចំពោះ​ការ​អនុវត្ត​ការ​បោះ​ឆ្នោត​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ទទួល​បាន​អំណាច​នយោបាយ។

ភាព​ជោគជ័យ

ចលនា​សិទ្ធិ​ពលរដ្ឋ​បាន​ធ្វើ​ឲ្យ​លោក John Lewis ងាក​ទៅ​ចាប់​អាជីព​ជា​អ្នក​នយោបាយ។ លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ទីក្រុង Atlanta រដ្ឋ Georgia នៅ​ឆ្នាំ ១៩៨១។ បន្ទាប់​មក លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ១៩៨៦ ដោយ​នៅ​ពេល​នោះ លោក​បាន​និយាយ​ថា​ជា «កិត្តិយស​ក្នុង​មួយ​ជីវិត» របស់​លោក។ លោក​បំពេញ​ការងារ​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​សង្កាត់​ទី ៥ នៃ​រដ្ឋ Georgia បាន ១៧ អាណត្តិ។

ដោយ​ពេល​ខ្លះ លោក​ត្រូវ​បាន​គេ​ហៅ​ថា «មនសិការ​នៃ​សភា» លោក Lewis បាន​តស៊ូ​ដើម្បី​ភាព​ស្មើ​គ្នា​នៃ​ប្រាក់​ចំណូល​សម្រាប់​ជាតិ​សាសន៍​ភាគ​តិច កំណែ​ទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​កាំភ្លើង និង​ការ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ពលរដ្ឋ​គ្រប់​រូប។

នៅ​ក្នុង​ការ​ទទួល​ស្គាល់​សមិទ្ធផល​របស់​លោក លោក Lewis បាន​ទទួលមេដាយ​សេរីភាព​ពី​ប្រធានាធិបតី (Presidential Medal of Freedom) ដែល​ជា​កិត្តិយស​ដ៏​ខ្ពស់​ជាង​គេ​បំផុត​របស់​ជាតិ​សម្រាប់​ពលរដ្ឋ​ស៊ីវិល ពី​លោក​ប្រធានាធិបតី Barack Obama នៅ​ក្នុង​ឆ្នាំ ២០១១៕