នៅពេលដែលកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានសំរុកចូលទៅក្នុងទីធ្លាលំនៅដ្ឋានមួយកន្លែង នៅប្រទេសប៉ាគីស្ថាន ដើម្បីសម្លាប់ អូសាម៉ា ប៊ិនឡាដិន ពួកគេបានរកឃើញឯកសារជាច្រើន ព្រមទាំងឧបករណ៍ផ្ទុកទិន្នន័យរបស់កំព្យូទ័រ។ សម្ភារៈ ដែលរឹបអូសបាននៅក្នុងពេលវាយប្រហារនោះ បានបង្កឲ្យមានការពិភាក្សាលើបញ្ហា ថាតើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានបកស្រាយតួនាទីរបស់ ប៊ិនឡាដិន និងក្រុមអាល់កៃដា ត្រឹមត្រូវដែរឬទេ។
មានការយល់ស្របគ្នាយ៉ាងទូលំទូលាយថា ផែនការវាយប្រហារដោយភេរវកម្មទៅលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានផុសចេញពីចិត្តគំនិតរបស់ អូសាម៉ា ប៊ិនឡាដិន។ ប៉ុន្តែ តួនាទីរបស់គាត់ ក្រោយពីកងកម្លាំងរបស់សហរដ្ឋអាមេរិក បណ្តេញ ប៊ិនឡាដិន និងអ្នកដើរតាមគាត់ ចេញពីជម្រកសុវត្ថិភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅចុងឆ្នាំដដែលនោះ មានមិនសូវច្បាស់លាស់ប៉ុន្មានទេ។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការធ្វើអន្តរាគមន៍ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញាមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងលោកខាងលិច បានប្រកាន់យកទស្សនៈដែលថា ក្រុមអាល់កៃដានៅទូទាំងពិភពលោក មិនសូវមានលក្ខណៈមជ្ឈការ(ប្រមូលផ្តុំ)ទេ ហើយច្រើនតែជាប្រតិបត្តិការដោយក្រុមសាខាដាច់ពីគ្នា។ ក្នុងន័យនេះ ប៊ិនឡាដិន គឺជាបុគ្គលដែលជំរុញទឹកចិត្ត ជាជាងជនដែលដឹកនាំប្រតិបត្តិការផ្ទាល់ៗតែម្តង។
ប៉ុន្តែ យ៉ាងហោចណាស់ ពេលពិនិត្យមើលដំបូង សម្ភារៈមួយចំនួន ដែលប្រមូលបានពីការវាយប្រហារនៅក្នុងទីធ្លាផ្ទះរបស់ ប៊ិនឡាដិន នៅទីក្រុងអាប់ប៊ូតាបាដ នៃប្រទេសប៉ាគីស្ថាន ហាក់បានចោទសួរទៅលើទស្សនៈបែបនោះ។ របាយការណ៍ បានលេចចេញផែនការបំផ្ទុះផ្លូវរថភ្លើង និងការដាស់តឿនរបស់ ប៊ិនឡាដិន ទៅដល់ក្រុមអ្នកប្រតិបត្តិតាមគាត់ ឲ្យបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើមុខសញ្ញាអាមេរិក។ មន្ត្រីអាមេរិកមួយចំនួន ត្រូវបានដកស្រង់សម្តី ដោយពិពណ៌នាផ្ទះនោះថាជា «មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង»។
លោក ស៊ូន ហ្គ្រេហ្គ័ររី (Shaun Gregory) នាយកផ្នែកស្រាវជ្រាវផ្នែកសន្តិសុខរបស់ប៉ាគីស្ថាន (Pakistan Security Research Unit) នៅឯសាកលវិទ្យាល័យប្រេដហ្វដ (University of Bradford) នៃប្រទេសអង់គ្លេស មានប្រសាសន៍ថា មានការវាយតម្លៃឡើងវិញ ដែលកំពុងកើតឡើងនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោកខាងលិច ចំពោះអ្វីដែលពួកគេដឹងឮ ឬបានគិតថា ពួកគេបានដឹងអំពី ប៊ិនឡាដិន និងក្រុមអាល់កៃដា។
«អ្វីដែលខ្ញុំបានឮដែលស៊ីសង្វាក់គ្នាមួយពីសហការីនៅឯផ្នែកទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក នោះគឺភស្តុតាងបន្តិចម្តងៗដែលបញ្ជាក់ថាគាត់បានដឹងរឿងច្រើនជាងអ្វី ដែលគេបានសង្ស័យអស់ជាច្រើនឆ្នាំមកហើយ»។
ប៉ុន្តែ លោកបានឲ្យដឹងបន្ថែមថា ទស្សនៈពីខាងដើម ដែលថាប៊ិនឡាដិន មិនបានគ្រប់គ្រងប្រតិបត្តិការភេរវកម្មដោយផ្ទាល់ទេ ហាក់ដូចជាត្រូវបានពង្រឹងឡើង។
«ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានស្តាប់ឮការនិយាយ នាពេលសព្វថ្ងៃនេះ ដែលថា គាត់ប្រហែលជាមានទំនាក់ទំនងធំធេងជាងមុន ជាមួយមនុស្សទាំងឡាយ ប៉ុន្តែគាត់មិនមែនជាមេគំនិតជាយុទ្ធសាស្ត្រទេ។ តាមទស្សនៈខាងលើនោះគឺថា គាត់មិនមែនជាអ្នករៀបចំគម្រោងការខាងយោធា ហើយប្រហែលជាថា តួនាទីរបស់គាត់ស្ទើរតែដូចទៅនឹង តួនាទីរបស់លោក មូឡា អូម៉ា (Mullah Omar) នៃក្រុមតាលីបាន របស់ប្រទេសអាហ្វហ្កានីស្ថាន»។
ក្រុមអ្នកវិភាគ ថ្លែងថា តាមពិត ការវាយតម្លៃកាន់តែហ្មត់ចត់ទៅលើសម្ភារៈទាំងនោះ ដែលបានឃើញកន្លងមក បញ្ជាក់ទៅលើទស្សនៈដែលមានជាយូរមកហើយ ដែលថា តាមពិត ប៊ិនឡាដិន មិនមែនជាមេដឹកនាំប្រតិបត្តិការផ្ទាល់នោះទេ។ លោក ផូល ភីឡា (Paul Pillar) មន្រ្តីជើងចាស់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាយូរមកហើយ និងអតីតមន្ត្រីស៊ើបការណ៍សម្ងាត់ជាតិ ប្រចាំនៅតំបន់ដើមបូព៌ា និងអាស៊ីខាងត្បូង ថ្លែងថា ប៊ិនឡាដិន មានគំនិតជាច្រើន ប៉ុន្តែមិនអាចឈានដល់ដំណាក់កាលរៀបចំផែនការទេ។
«ប្រសិនបើអ្នកពិតជាបានពិនិត្យមើលឲ្យបានដិតដល់ទៅលើអ្វីដែលស្តែងចេញកន្លងមក ខ្ញុំមិនគិតថា វាបានផ្លាស់ប្តូរទស្សនៈទាំងស្រុងស្តីពីតួនាទី ដែល ប៊ិនឡាដិន ធ្លាប់មានកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលជាទស្សនៈដែលបានចែករំលែកគ្នាដោយអ្នកជំនាញភាគច្រើន ដែលយល់ថាគាត់មិនបានចាកចេញពីកិច្ចការប្រតិបត្តិការទាំងស្រុងនោះទេ ទោះក្នុងមធ្យោបាយណាមួយក៏ដោយ ប៉ុន្តែតួរនាទីសំខាន់របស់គាត់ គឺជាអ្នកឃោសនា អ្នកចេញមនោគមវិជ្ជា ប្រភពមនោគមវិជ្ជា និងជានិមិត្តរូប»។
ក្រុមអ្នកវិភាគ ថ្លែងថា ប្រតិបត្តិការប្រឆាំងភេរវកម្ម បានគាបសង្កត់ទៅលើក្រុមអាល់កៃដា ដោយបានចាប់ខ្លួន ឬសម្លាប់មេដឹកនាំថ្នាក់កណ្តាល និងត្រួតពិនិត្យមើលទៅលើការទំនាក់ទំនងរបស់ពួកគេ។ ជាងនេះទៅទៀត លោក ភីឡា បានគូសបញ្ជាក់ថា ឧបទ្ទវហេតុ ឬផែនការភេរវកម្មក្រោយថ្ងៃទី៩ ខែកញ្ញា ជាច្រើន ដូចជាអ្នកបំផ្ទុះគ្រាប់បែកនៅទីលានTimes Square ឈ្មោះFaisal Shahzad និង អ្នកបាញ់កាំភ្លើងនៅ Fort Hood ឈ្មោះ វរៈសេនីយ៍ត្រី នីដាល ហាសាន (Nidal Hassan) ត្រូវបានរៀបផែនការនៅខាងក្រៅអ្វីដែលក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ បានហៅថាជា «ទីបញ្ជាកាកណ្តាលរបស់ក្រុមអាល់កៃដា»។
«វាមិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការណ៍ពិតដែលមានការកើនឡើងកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលថាការផ្តួចផ្តើមគំនិតភាគច្រើន និងការដឹកនាំព្រមទាំងការរៀបចំផែនការ និងហ្វឹកហ្វឺន បានកើតឡើងឆ្ងាយពីបញ្ជាការកណ្តាលរបស់ក្រុមអាល់កៃដា និងនៅខាងក្រៅ»។
បេក្ខជននាំមុខគេដើម្បីជំនួស ប៊ិនឡាដិន គឺជាអនុប្រធានរបស់គាត់ ឈ្មោះ អាយម៉ាន អាល់ហ្សាវ៉ារី (Ayman al-Zawahri)។ ប៉ុន្តែ ក្រុមអ្នកវិភាគ ថ្លែងថា គាត់ត្រូវបានរំពឹងថានឹងប្រឈមមុខនឹងការជំទាស់។ ក្រុមអាល់កៃដា ដោយមានសាខាដាច់ពីគ្នារបស់ខ្លួន នៅប្រទេសយ៉េម៉េន និងកន្លែងផ្សេងៗទៀត មិនមែនជាអង្គការតែមួយគត់នោះទេ។ លោក ជេរ៉េមី ប៊ីនី (Jeremy Binnie) អ្នកវិភាគខាងភេរវកម្ម នៅឯអង្គការ IHS Jane's និយាយថា បើគ្មានប៊ិនឡាដិនទេ ក្រុមសាខារបស់អាល់កៃដា អាចផ្តោតខ្លាំងទៅលើគោលដៅក្នុងស្រុក ជាជាងគោលដៅជាសកល ដែលធ្លាប់បានប្រកាន់យកដោយមេដឹកនាំដែលបានស្លាប់ទៅនោះ។
«មានមនុស្សទាំងអស់នេះ ដែលមានទស្សនៈខុសៗគ្នាស្តីពីក្រុមអាល់កៃដា។ លោក ហ្សាវ៉ារី នឹងព្យាយាមចូលអន្តរាគមន៍នៅទីនោះ។ សមត្ថភាពរបស់គាត់ក្នុងការចូលជំនួស ប៊ិនឡាដិន ក្នុងនាមជាឥស្សរៈជនមួយរូប ដែលមនុស្សគ្រប់រូប យល់ព្រមទទួល និងចាត់ទុកថាជាមេដឹកនាំដ៏អស្ចារ្យ ហើយមានលក្ខណៈជាមនុស្សហ្មត់ចត់ (ខ្ពង់ខ្ពស់)។ ក្នុងន័យនេះ វាជាការលំបាកខ្លាំងណាស់ ដែលត្រូវចូលជំនួស ប៊ិនឡាដិន»។
ដូចដែលលោក ផូល ភីឡា បានគូសបញ្ជាក់ថា ការស្លាប់របស់ប៊ិនឡាដិន ពិតជាបាននាំមកនូវអារម្មណ៍ធូរស្បើយសម្រាប់ជនជាតិអាមេរិកាំង ចំពោះការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែវាមិនមែនជាការសំពងឲ្យស្លាប់ជារៀងរហូត ដល់ក្រុមអាល់កៃដា ឬក្រុមជីហាដនោះឡើយ៕
ប្រែសម្រួលដោយ លី សុខឃាង