មានការសន្មត់ជាយូរណាស់មកហើយ នៅក្នុងមជ្ឈដ្ឋានជាច្រើនថា អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) បានលាក់ខ្លួននៅតាមផ្នែកដាច់ស្រយាលមួយចំនួននៃតំបន់កុលសម្ព័ន្ធ នៅប្រទេសប៉ាគីស្ថាន ដែលប្រហែលជានៅតាមភូមិតូចៗ ឬរូងភ្នំដាច់ឆ្ងាយពីគេ។ ប៉ុន្តែ គាត់មិនមែនត្រូវបានរកឃើញនៅក្នុងរូងភ្នំទេ ប៉ុន្តែបែរជានៅក្នុងផ្ទះ ដែលមានការការពារយ៉ាងរឹងមាំ និងរបងដ៏ខ្ពស់ នៅអាប់ប៊ុតតាបាដ (Abbottabad) ជាទីក្រុងមួយរបស់ប៉ាគីស្ថាន ដែលជាទីតាំងនៃមូលដ្ឋានយោធាសំខាន់ៗជាច្រើនទៅវិញ ដោយរាប់បញ្ចូលទាំងបណ្ឌិតសភាយោធារបស់នាយទាហានផងដែរ។
ការរកឃើញ អូសាម៉ា ប៊ីនឡាដិន នៅទីក្រុងអាប់ប៊ូតតាបាដ បានចោទជាសំណួរធ្ងន់ៗ ដែលសំណួរសំខាន់នោះគឺ ថាតើគាត់បានលាក់ខ្លួន ឬគាត់ត្រូវបានលាក់ដោយក្រុមអ្នកផ្សំគំនិត នៅក្នុងជួរសេវាកម្មស៊ើបការណ៍សម្ងាត់ ឬយោធារបស់ប៉ាគីស្ថានឬទេ? លោក ក្លែរ ម៉ាក់ខាស្គីល (Claire McCaskill) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ នៃរដ្ឋមីសស៊ូរី (Missouri) មានប្រសាសន៍ថា សំណួរនោះ នៅតែបើកចំហរនៅឡើយ។
«ពួកគេបានដឹង ឬក៏ពួកគេអសមត្ថភាព។ ហើយខ្ញុំគិតថា យើងមិនទាន់ច្បាស់ថាតើវាជាចម្លើយមួយណានៅឡើយទេ»។
លោក ស្ស៊ូន គ្រេហ្គ័ររី (Shaun Gregory) នាយកផ្នែកស្រាវជ្រាវសន្តិសុខប៉ាគីស្ថាន នៃសាកលវិទ្យាល័យប្រ៊ែដហ្វដ (University of Bradford) របស់ប្រទេសអង់គ្លេស ថ្លែងថា វាពិបាកជឿណាស់ ការណ៍ដែលថា នាយកដ្ឋានអន្តរសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប៉ាគីស្ថាន ឬហៅកាត់ថា ISI មិនបានដឹងថា អូសាម៉ា ប៊ីនឡាដិន នៅទីនោះ។
«វាពិតជាគួរឱ្យជឿបានទេថា បុរសដ៏ល្បីល្បាញរូបនេះ ដែលមានកម្ពស់ជិតពីរម៉ែត្រ ធ្វើដំណើរចុះឡើង ហើយអាចគេចផុតពីសហរដ្ឋអាមេរិកនិងISI អស់រយៈពេល១០ឆ្នាំ ប្រសិនបើយើងត្រូវជឿថា ពួកគេពិតជាកំពុងតាមប្រមាញ់រូបគាត់នោះ? ខ្ញុំគិតថា ចម្លើយចំពោះសំណួរនោះ គឺគ្មានទេ»។
ISI ត្រូវបានចោទប្រកាន់ជារឿយៗពីបទជួយឧបត្ថម្ភគាំទ្រដល់ក្រុមសកម្មប្រយុទ្ធមួយចំនួន ពោលគឺក្រុមតាលីបាននៅប្រទេសអាហ្វហ្កានីស្ថាន និងក្រុមបំបែកខ្លួននៅតំបន់កាស្មៀ (Kashmir) មានដូចជា ឡាស្កាអ៊ីតៃបា (Lashkar-i-Taiba)។ ប្រទេសប៉ាគីស្ថាន បានបដិសេធជាញឹកញាប់ ចំពោះការចោទប្រកាន់នោះដែរ។
តែទោះយ៉ាងណា លោក ប្រាយអិន ខ្លូវឡេ (Brian Cloughley) មន្ត្រីកងទ័ពអូស្ត្រាលីចូលនិវត្តន៍ ដែលធ្លាប់បម្រើការងារជាអនុព័ន្ធយោធា នៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមយោធាប៉ាគីស្ថាន បានថ្លែងថា ISI រក្សាទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ដើម្បីបម្រើឲ្យគោលបំណងស៊ើបការណ៍សម្ងាត់។ លោក និយាយថា លោកបានទទួលព័ត៌មាននេះ ដែលគ្មានមកពីប្រភពណាក្រៅពី លោកឧត្តមសេនីយ៍ អាសហ្វាក កាយ៉ានី (Asfaq Kayani) ប្រមុខកងទ័ពប៉ាគីស្ថាន ដែលការងារពីមុនរបស់លោក គឺជានាយកទីភ្នាក់ងារចារកម្មនោះទេ។
«កិច្ចការទាំងនេះ ផុសចេញពីការណ៍ពិតដែលថា ISI ពិតជាបាននិយាយជាមួយក្រុមមនុស្សអាក្រក់ហើយ លោក កាយ៉ានី បានប្រាប់រឿងនេះដល់រូបខ្ញុំផ្ទាល់ នៅពេលដែលលោក ជាអគ្គនាយករបស់ ISI។ ឥឡូវនេះ រឿងនេះមិនមែនល្ងង់ខ្លៅពេកទេ។ ដូចលោក កាយ៉ានី បាននិយាយជាមួយខ្ញុំថា៖ ខ្ញុំពិតជាបានធ្វើមែន ដោយសារខ្ញុំចង់ដឹងថាតើពួកគេនៅកន្លែងណា។ ប្រសិនបើខ្ញុំមិននិយាយជាមួយពួកគេទេ ពួកគេនឹងលាក់ខ្លួនបាត់ ហើយខ្ញុំនឹងមិនដឹងថាតើពួកគេនៅកន្លែងណានោះឡើយ»។
ប៉ុន្តែ បើទោះជា ISI បានជួយឧបត្ថម្ភគាំទ្រដល់ក្រុមមួយចំនួន ក៏មានការសន្មត់ជាទូទៅថា ISI នឹងមិនការពារបុរស ដែលកំពុងតាមរកចាប់ខ្លួនបំផុតនៅក្នុងពិភពលោកទេ។ តែទោះជាយ៉ាងណា លោក ស្ស៊ូន គ្រេហ្គ័ររី និយាយថា អូសាម៉ា ប៊ីនឡាដិន ដែលមានកំណើតជាជនជាតិអារ៉ាប់ប៊ី សាអូឌីត មានអ្នកជួយគាំទ្រដ៏មានឥទ្ធិពល នៅក្នុងទឹកដីកំណើតរបស់គាត់។
«អ្នកមិនត្រូវមើលរំលងទៅលើទំនាក់ទំនងរវាងជនជាតិអារ៉ាប់ប៊ី សាអូឌីត ដែលមានទ្រព្យសម្បត្តិ និងឥទ្ធិពល ជាមួយក្រុមអ្នកមានទ្រព្យសម្បត្តិ និងឥទ្ធិពល នៅប៉ាគីស្ថាន ដោយរាប់ទាំងក្នុងជួរយោធាផងដែរ។ មានខ្សែបណ្តាញ និងទំនាក់ទំនងលួចលាក់នៅទីនេះ ដែលយើងមិនអាចមើលឃើញនៅតាមបណ្តាញផ្សព្វផ្សាយរបស់លោកខាងលិច ដែលជនជាតិអារ៉ាប់ប៊ី សាអូឌីត បានផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅឲ្យជនជាតិប៉ាគីស្ថាន ដើម្បីធ្វើកិច្ចការមួយចំនួន។ តាមការយល់ឃើញរបស់ខ្ញុំ គឺថា ឧទាហរណ៍ ដូចក្នុងករណីលោក រ៉េម៉ុន ដេវីស (Raymond Davis) ប្រាក់សងជម្ងឺចិត្តសម្រាប់ការសម្លាប់មនុស្ស ដែលចេញទៅសងគ្រួសារជនរងគ្រោះ គឺបានមកពីជនជាតិអារ៉ាប់ប៊ី សាអូឌីត។ ខ្ញុំគិតថា មានផលប្រយោជន៍យ៉ាងច្រើន នៅក្នុងប្រទេសអារ៉ាប់ប៊ី សាអូឌីត ដែលចង់ឲ្យ អូសាម៉ា ប៊ីនឡាដិន មានសុវត្ថិភាព»។
លោក ដេវីស គឺជាបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធរបស់អាមេរិកហៅថាCIA ដែលត្រូវបានចាប់ខ្លួននៅប៉ាគីស្ថាន ពីបទសម្លាប់បុរសពីរនាក់ ដែលលោកបាននិយាយថា បុរសទាំងពីរនេះ បានប៉ុងប៉ងប្លន់លោក។ លោកត្រូវដោះលែងវិញ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ ត្រូវបានសងសំណងក្នុងទឹកប្រាក់ចំនួន ២,៤លានដុល្លារ ពីប្រភពសម្ងាត់ ប៉ុន្តែរឿងក្តីនេះ បន្តធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន ដែលមានភាពល្អក់កកររួចហើយកាន់តែអាក្រក់ឡើង។
មានការយល់ឃើញដែលអាចទទួលយកបាន ដែលថា ប៊ីនឡាដិន ស្ថិតនៅតាមផ្នែកដាច់ស្រយាលខ្លះ ក្នុងតំបន់កុលសម្ព័ន្ធ នៅប៉ាគីស្ថាន។ លោក ឡារី ហ្គោដសាន់ (Larry Goodson) អ្នកវិភាគនៃមហាវិទ្យាល័យសង្គ្រាមនៃកងទ័ពសហរដ្ឋអាមេរិក (U.S. Army War College) ថ្លែងថា លោក មិនបានដឹងទេថាតើ ប៊ីនឡាដិន បានលាក់ខ្លួន ឬត្រូវបានលាក់នៅទីក្រុងអាប់ប៊ូតតាបាដនោះទេ។ ប៉ុន្តែលោក បានបន្ថែមថា បើពិនិត្យមើលទៅលើការណ៍ពិតដែលថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានតាមស្វែងរកមេដឹកនាំអាល់កៃដានៅតាមតំបន់ខ្ពស់ និងទាប ការភៀសមកនៅតំបន់ដែលគាត់ត្រូវបានរកឃើញ ហាក់ដូចជាសមហេតុផលខ្លាំងណាស់។
«ខ្ញុំគ្រាន់តែចង់និយាយថា តើគាត់បានលាក់ខ្លួន ឬត្រូវបានលាក់ទុក ទីក្រុងអាប់ប៊ុតតាបាដជួយឲ្យគាត់ស្ថិតនៅឆ្ងាយពីព្រំដែន គេចចេញពីការវាយប្រហារយ៉ាងងាយស្រួលពីសំណាក់យន្តហោះគ្មានមនុស្សបើក ហើយអ្នកណាក៏ដោយ បានជាប់ពាក់ព័ន្ធនឹងការលាក់ខ្លួន អាចតាមដានមើលរូបគាត់យ៉ាងងាយ។ ដូច្នេះហើយ ខ្ញុំគិតថា គាត់ត្រូវស្ថិតនៅកន្លែងដែលគាត់រស់នៅនោះហើយ»។
លោកស្រី លីហ្សា ឃឺធីស (Lisa Curtis) អ្នកសិក្សាស្រាវជ្រាវស្តីពីតំបន់អាស៊ីខាងត្បូង (South Asia Research Fellow) នៅឯមូលនិធិបេតិកភ័ណ្ឌ បាននិយាយថា ការសាងសង់ផ្ទះមានរបងយ៉ាងរឹងមាំ ដូចជាផ្ទះរបស់ប៊ីនឡាដិន គួរតែបានបង្កឲ្យមានការមន្ទិលសង្ស័យ ឬយ៉ាងហោចណាស់ក៏ ចង់យល់ដឹងដែរ នៅក្នុងតំបន់នោះ ហើយគួរតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរ។
«រឿងនោះពិតជាផ្ទុយពីការជឿជាក់ដែលថា ពួកគេមិនបានដឹងអ្វីច្រើនអំពីថាតើនរណា រស់នៅក្នុងទីធ្លាមួយនោះ ហើយតើពួកគេកំពុងធ្វើអ្វីខ្លះ។ វាហាក់ដូចជាពិបាកយល់ខ្លាំងណាស់។ ហើយខ្ញុំគិតថា អ្វីដែលយើងអាចនិយាយបាននោះគឺថា អាជ្ញាធរ មិនបានផ្តល់អាទិភាពដល់ការតាមប្រមាញ់ ប៊ីនឡាដិន ឬប្រហែល មិនអើពើតែម្តង»។
ប៉ុន្តែ លោក ប្រាយអិន ខ្លូវឡេ បានបញ្ជាក់ថា ទីធ្លាផ្ទះយ៉ាងធំនិងមានការការពារយ៉ាងរឹងមាំ មិនមែនសុទ្ធតែងាយឱ្យគេចាប់អារម្មណ៍ទេ។ តំបន់នោះ ពោរពេញទៅដោយក្រុមអ្នកមានទ្រព្យសម្បត្តិ ដោយរាប់បញ្ចូលទាំងអតីតក្រុមមន្ត្រីយោធា ដែលចង់បានភាពជាឯកជន។
«ពួកគេមានទីធ្លាផ្ទះយ៉ាងធំ។ ផ្ទះតូចៗស្ថិតនៅខាងក្នុងទីធ្លា ដែលមានរបងដ៏ខ្ពស់។ មនុស្សគ្រប់គ្នា មានរបងខ្ពស់ៗ។ គ្មានអ្វីពិសេសទេ ចំពោះរឿងនេះ។ ហើយជាធម្មតា ក្រុមមនុស្សដែលរស់នៅក្នុងកន្លែង ដូចជា ទីក្រុងអាប់ប៊ុតតាបាដ ជាក្រុមមនុស្សដែលដកខ្លួនថយពីសង្គម។ ពួកគេជាក្រុមមនុស្ស ដែលចូលនិវត្តន៍។ ពួកគេមិនត្រូវការការមករំខាន។ ហើយពួកគេក៏មិនចង់ជ្រៀតជ្រែកកិច្ចការអ្នកដទៃដែរ»។
សវនាការរបស់រដ្ឋសភា ត្រូវបានគ្រោងធ្វើឡើងដើម្បីពិនិត្យមើលថាតើ ប៉ាគីស្ថានបានដឹងអ្វីខ្លះអំពីកន្លែងលាក់ខ្លួនរបស់ អូសាម៉ា ប៊ីនឡាដិន ហើយសមាជិកខ្លះនៃរដ្ឋសភា បានអំពាវនាវសុំឲ្យមានការវាយតម្លៃឡើងវិញចំពោះជំនួយរបស់សហរដ្ឋអាមេរិក ទៅឲ្យប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួលដោយ លី សុខឃាង