ក្រសួងការបរទេសអាមេរិកបាននិយាយថា សកម្មភាពថ្មីៗរបស់សភាដែលទទួលស្គាល់ថា មានអំពើប្រល័យពូជសាសន៍អាមេនីនោះ មិនឆ្លុះបញ្ចាំងពីគោលនយោបាយរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសបាននិយាយថា ជំហររបស់រដ្ឋបាលលោក Trump លើបញ្ហានេះមិនមានការផ្លាស់ប្តូរទេ។
ព្រឹទ្ធសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីសប្តាហ៍មុនទទួលស្គាល់ថា ការសម្លាប់រង្គាលជនជាតិអាមេនីជាង១លាននាក់ដោយពួក OttomanTurks កាលពីមួយសតវត្សរ៍មុនជាអំពើប្រល័យពូជសាសន៍។ កន្លងមកសភាបានអនុម័តច្បាប់ស្រដៀងគ្នានេះដោយមានការតវ៉ាយ៉ាងខ្លាំងពីប្រទេសតួកគីជាសម្ព័ន្ធមិត្តអូតង់។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Morgan Ortagus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា«ជំហររបស់រដ្ឋបាលនេះមិនផ្លាស់ប្តូរទេ។ទស្សនៈរបស់យើងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់របស់លោកប្រធានាធិបតីលើបញ្ហានេះតាំងពីខែមេសាឆ្នាំមុន។
នៅថ្ងៃទី២៤ខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំបានរំឭក Armenian Remembrance Day ទិវាអនុស្សាវរីយ៍អាមេនីនៅក្នុងសេចក្តីថ្លែងការណ៍ដែលរំឭកដល់«អ្នករងគ្រោះនៅក្នុងអំពើឃោរឃៅដ៏សាហាវបំផុតមួយក្នុងសតវត្សរ៍ទី២០»។
ដើម្បីរក្សានូវគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយ សេចក្តីថ្លែងការណ៍នេះមិនបានប្រើពាក្យ«អំពើប្រល័យពូជសាសន៍»ទេ។
វិធានការព្រឹទ្ធសភាធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយគណៈកម្មាធិការព្រឹទ្ធសភាដើម្បីដាក់ទណ្ឌកម្មប្រទេសតួកគីបន្ទាប់ពីការវាយលុករបស់តួកគីនៅក្នុងប្រទេសស៊ីរីនិងការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។
នេះគឺជាសកម្មភាពចុងក្រោយរបស់សភាដើម្បីជំរុញឱ្យលោក Trump ចាត់វិធានការកាន់តែខ្លាំងប្រឆាំងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី៕