លោក Biden និង​លោក Xi នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ជិត​ទីក្រុង San Francisco

ប្រធានាធិបតីចិន លោក Xi Jinping មកដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco រដ្ឋ California នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ឯ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នៅ​ជិត​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។

ការ​ស្ដារ​បណ្ដាញ​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​រវាង​យោធា​នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​គឺ​ជា​អាទិភាព​កំពូល​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​រវាង​លោក​ទាំង​ពីរ។

ប្រទេស​ចិន​បាន​កាត់​ផ្តាច់បណ្ដាញ​ទំនាក់ទំនង​ទាំង​នេះ​កាលពី​ខែ​សីហា​ឆ្នាំ ២០២២ នៅ​ពេល​ដែល​អ្នកស្រី Nancy Pelosi ដែល​ជា​ប្រធាន​រដ្ឋសភា​អាមេរិក​នៅ​ពេល​នោះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។ កោះ​តៃវ៉ាន់​គឺ​ជា​កោះ​ស្វ័យ​គ្រប់គ្រង​ដែល​ចិន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​របស់​ខ្លួន។

ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ឡើង​កាលពី​ខែ​កុម្ភៈ បន្ទាប់ពី​លោក Biden បាន​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​បាឡុង​ចារកម្ម​របស់​ចិន​ដែល​ហោះ​កាត់​ពី​លើ​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​នៃ​រដ្ឋបាល​របស់​លោក Biden ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken អ្នកស្រី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Janet Yellen និង​អ្នកស្រី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Gina Raimondo ផង​ដែរ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់ VOA កាលពី​ថ្ងៃ​អង្គារ​ថា លោក Biden ទន្ទឹង​រង់ចាំ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Xi ដែល​ជំនួប​នេះ​កើតឡើង​បន្ទាប់ពី​មាន «បញ្ហា​រកាំរកូស​ជា​ច្រើន​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ»។

ជំនួប​រវាង​លោក Biden និង​លោក Xi នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​ចូល​មក​ដល់​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។ ការ​ស្ទង់​មតិ​លើ​អ្នក​បោះឆ្នោត​បាន​បង្ហាញ​ថា អនុ​ប្រធានាធិបតី​តៃវ៉ាន់​លោក William Lai ដែល​ជា​ឥស្សរជន​នាំ​មុខ​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (Democratic Progressive Party) ដែល​ជា​គណបក្ស​កាន់​អំណាច​មាន​ទំនោរ​ទៅ​រក​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ កំពុង​នាំ​មុខ​លើ​លោក Hou Yu-ih ដែល​ជា​អតីត​អភិបាល​ក្រុង New Taipei និង​ជា​បេក្ខជន​គណបក្ស Kuomingtang ដែល​មាន​ទំនោរ​ចង់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ចិន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។