លោក Biden លាតត្រដាង​ផែនការ​កែប្រែ​តុលាការ​កំពូល ដោយ​និយាយ​ថា​ទំនុកចិត្ត​សាធារណជន​អាមេរិក​ធ្លាក់ចុះ

លោកប្រធានាធិបតី Joe Biden ធ្វើដំណើរតាមយន្តហោះ Air Force One នៅអាកាសយានដ្ឋានអន្តរជាតិ Austin-Bergstrom ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងទីក្រុង Austin រដ្ឋ Texas។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​បង្ហាញ​ផែនការ​ដែល​គេ​ទន្ទឹងរង់ចាំ​ដ៏យូរ​មក​ហើយ​ដើម្បី​ផ្លាស់ប្តូរ​តុលាការកំពូល​សហរដ្ឋ​អាមេរិក ដោយ​អំពាវនាវ​ដល់​សភា​ឲ្យ​កំណត់​អាណត្តិ​និង​ក្រមសីលធម៌សម្រាប់​ចៅក្រម​ទាំង​៩​រូប​នៃ​តុលាការ​នេះ។ នេះ​បើយោងតាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP នៅ​ថ្ងៃ​ចន្ទ។ លោក Biden ក៏​កំពុង​ជំរុញ​ក្រុម​អ្នក​តាក់តែង​ច្បាប់​ឲ្យ​ផ្តល់​សច្ចាប័ន​ដល់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​កម្រិត​អភ័យឯកសិទ្ធិ​ប្រធានាធិបតី។

សេតវិមានកាល​ពី​ថ្ងៃ​ចន្ទ បាន​លាត​ត្រដាង​គម្រោង​របស់​លោក Biden ដើម្បីកែប្រែ​តុលាការ​កំពូល​ តែ​គម្រោង​នេះ ហាក់ដូចជា​មាន​លទ្ធភាព​តិចតួច​ក្នុងការ​ទទួល​បាន​ការអនុម័ត​ដោយ​សភា​ដែល​មាន​ចំនួនសមាជិក​មក​ពី​គណបក្ស​ធំៗទាំង២​ប្រហាក់ប្រហែល​គ្នា ហើយ​នៅ​សល់​ពេល​មិន​ដល់​១០០​ថ្ងៃ​ទៀតផង​មុន​ថ្ងៃ​បោះឆ្នោត។

សេតវិមាន​កំពុងប្រើប្រាស់ការខឹងសម្បារ​ដែល​កាន់តែ​កើនឡើង​ក្នុង​ចំណោម​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យចំពោះ​តុលាការ​កំពូល ដែល​មាន​សមាជិក​ទំនោរ​អភិរក្សនិយម ៦​ទល់​៣ ដែល​ចេញ​សេចក្តីសម្រេចផ្លាស់ប្តូរ​សេចក្តីសម្រេច​ជាប្រវត្តិសាស្ត្រ​ស្តីពី​សិទ្ធិ​រំលូតកូន​និង​អំណាច​ដាក់បទប្បញ្ញត្តិ​សហព័ន្ធ ដែល​នៅជា​ធរមាន​អស់រាប់​ទសវត្សរ៍​មក​ហើយ។

ក្រុម​អ្នក​សេរីនិយម​ក៏​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​លាតត្រដាងអំពី​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​ទំនាក់ទំនង​និង​ការ​សម្រេច​ចិត្តដ៏​គួរ​ឲ្យ​មន្ទិលដោយ​ចៅក្រមខ្លះ​ដែល​មាន​ទំនោរ​អភិរក្ស​និយម​ក្នុងតុលាការ​កំពូល​ដែល​បង្ហាញ​ថា​ភាព​ឥតលម្អៀង​របស់​ពួកគេ មិន​ត្រូវ​បាន​ប្រកាន់​ខ្ជាប់​នោះ​ទេ។

លោក Biden អំពាវ​នាវ​ឲ្យ​លុប​ចោល​ការតែងតាំងមួយ​ជីវិត​សម្រាប់​មុខតំណែងចៅក្រមតុលាការ​កំពូល។ លោក​ថា​សភា គួរ​តែ​អនុម័ត​ច្បាប់​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ប្រធានាធិបតី​កំពុង​កាន់តំណែង ត្រូវ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ម្នាក់រៀងរាល់​ពីរ​ឆ្នាំ​ម្តង​សម្រាប់​អាណត្តិ១៨​ឆ្នាំ បម្រើការនៅ​ក្នុង​តុលាការ​នេះ។

លោក Biden ក៏​ចង់​ឲ្យ​សភា​អនុម័ត​ច្បាប់​បង្កើត​ក្រម​សីលធម៌​សម្រាប់​ចៅក្រម​តុលាការកំពូល​ដែល​តម្រូវ​ឲ្យ​ចៅក្រម​ទាំង​នោះ បង្ហាញ​ពី​អំណោយ​នានា​ដែល​ខ្លួន​បាន​ទទួល មិនចូលរួមក្នុង​សកម្មភាព​នយោបាយ​ជាសាធារណៈ និង​ដក​ខ្លួន​ចេញ​ពី​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​ទំនាស់ផលប្រយោជន៍ខាង​ហិរញ្ញវត្ថុឬ​ខាង​បញ្ហាផ្សេងៗ​របស់ខ្លួន​ឬ​ប្តីប្រពន្ធ​របស់​ខ្លួន។

លោក Biden ក៏​អំពាវនាវ​ឲ្យ​សភា អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​កែប្រែ​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ថ្មីៗ​របស់​តុលាការកំពូល​ដែល​កំណត់​ថា​អតីត​ប្រធានាធិបតី​មាន​អភ័យឯកសិទ្ធិទូលំទូលាយ រួច​ផុត​ពី​ការ​ផ្តន្ទាទោស៕