ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump បានឈានខិតកាន់តែជិតទៅដល់ការប្រកួតប្រជែងគ្នាម្តងទៀតនៃការបោះឆ្នោតប្រធានាធិបតីដូចឆ្នាំ ២០២០ នៅថ្ងៃអង្គារម្សិលមិញ នៅពេលដែលបេក្ខជននិមួយៗបានឈ្នះនៅក្នុងការប្រកួតប្រជែងស្ទើរតែទាំងអស់ ដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សរៀងៗខ្លួន ដែលបានធ្វើឡើងនៅរដ្ឋមួយចំនួន នៅទូទាំងសហរដ្ឋអាមេរិក។
លោក Biden បានឈ្នះនៅក្នុងរដ្ឋចំនួន ១៥ ដែលគណបក្សប្រជាធិបតេយ្យបានធ្វើការបោះឆ្នោតបឋម រួមមាននៅក្នុងរដ្ឋ Virginia រដ្ឋ Texas រដ្ឋ Minnesota និងរដ្ឋ Colorado។ លោកបានចាញ់ការបោះឆ្នោតបឋមនៅដែនដី American Samoa។
លោក Trump បានទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួន ១៤។
ដោយមានការប្រឆាំងតិចតួចដែលលោកប្រឈមនៅក្នុងការប្រកួតប្រជែងខាងបក្សប្រជាធិបតេយ្យ ដែលជាការធម្មតាសម្រាប់ប្រធានាធិបតីកំពុងកាន់តំណែង លោក Biden បានឆ្ពោះទៅកាន់ការបោះឆ្នោតខែវិច្ឆិកា ហើយបានព្រមានថា ការជាប់ឆ្នោតមួយអាណត្តិទៀតសម្រាប់លោក Trump មានន័យថា ជាអាណត្តិដែលត្រូវបានកំណត់ដោយ«ភាពច្របូកច្របល់ ការបែកបាក់ និងភាពខ្មៅងងឹត»។
លោក Trump ដែលបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោកនៅរដ្ឋ Florida បាននិយាយថា សហរដ្ឋអាមេរិក«បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ» ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ នៅពេលដែលលោកបានស្តីបន្ទោសចំពោះចំណាត់ការសេដ្ឋកិច្ចនិងអន្តោប្រវេសន៍របស់លោក Biden។
ជ័យជម្នះរបស់លោក Trump កាលពីថ្ងៃអង្គា ររួមមានការប្រកួតប្រជែងនៅក្នុងរដ្ឋCalifornia រដ្ឋ Colorado រដ្ឋ Maine រដ្ឋ Minnesota រដ្ឋ North Carolina និងរដ្ឋ Texas។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ដែលជាគូប្រជែងដ៏សំខាន់ចុងក្រោយរបស់លោក Trump នៅក្នុងការប្រកួត ប្រជែងរបស់គណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងរដ្ឋ Vermont។
ជ័យជម្នះរបស់លោកស្រី Haley គឺជាលើកទី ២ ក្នុងអំឡុងនៃការតែងតាំង បន្ទាប់ពីទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ។
លោកស្រី Nikki Haley នឹងផ្អាកយុទ្ធនាការប្រធានាធិបតី។ នេះបើយោងតាមមនុស្សបីនាក់ដែលដឹងដោយផ្ទាល់ពីការសម្រេចចិត្តរបស់លោកស្រី។ ការសម្រេចចិត្តនៅថ្ងៃពុធនេះរបស់អតីតអភិបាលរដ្ឋ South Carolina និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិរូបនេះ នឹងនាំឲ្យលោក Donald Trump ក្លាយជាបេក្ខជនដ៏សំខាន់ចុងក្រោយដែលនៅសល់សម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។