ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Bidenនិងអតីតប្រធានាធិបតីលោកDonald Trumpប៉ះសម្តីគ្នាតាំងពីចាប់ផ្តើមជជែកដេញដោលគ្នានៅយប់ថ្ងៃព្រហស្បតិ៍ ដោយតតាំងគ្នាយ៉ាងក្លៀវក្លាអំពីបញ្ហាសេដ្ឋកិច្ចអាមេរិក ការបរទេសនិងចំណាកស្រុកពីព្រំ ដែនម៉ិកស៊ិកចូលក្នុងសហរដ្ឋអាមេរិក។
លោក Trumpបានប្រាប់ទស្សនិកជនដែលមើលតាមការផ្សាយទូទាំងប្រទេសចេញពីវេទិកាជជែកដេញដោលគ្នានៅទីស្នាក់ការធំរបស់បណ្តាញទូរទស្សន៍ CNNក្នុងក្រុង Atlantaថា«យើងដូចប្រទេសក្រីក្រអ៊ីចឹង។ នេះជារឿងគួរឲ្យអាម៉ាស់»។
លោក Trump បានថ្លែងដោយស្តីបន្ទោសលោក Bidenថា«គេលែងគោរពយើងទៀតហើយ។ គេគិតថាយើងល្ងង់»។
លោកBidenបកទៅវិញដោយសម្លឹងមើលលោកTrumpថា«នេះជាប្រធានាធិបតីអាក្រក់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក»ដោយលើកអំណះអំណាងតាមប្រវត្តិវិទូមួយក្រុមដែលកាលពីដើមឆ្នាំនេះ បានដាក់ចំណាត់ថ្នាក់ឱ្យលោក Trumpនៅចុងគេក្នុងចំណោមប្រធានាធិបតីទាំង៤៦រូបរបស់អាមេរិក។លោកBidenថ្លែងថា«ជននេះ គ្មានដឹងអីអំពីប្រជាធិបតេយ្យអាមេរិកាំងទេ»។
លោកTrumpដែលជារឿយៗ ក្លៀវក្លាក្នុងការជជែកដេញដោលគ្នាជាមួយលោក Biden ដែលមានសំឡេងស្អកនិងនិយាយទាក់ៗ បានតបទៅវិញដោយនិយាយថាលោក Bidenជាប្រធានាធិបតីអន់ជាងគេ។ លោកទាំងពីរ ចោទគ្នាទៅវិញទៅមកថានិយាយកុហក។ការស្ទង់មតិរបស់ CNNភ្លាមៗក្រោយការជជែកដេញដោលគ្នានោះបង្ហាញថាលោក Trumpឈ្នះការជជែកដេញដោលនោះដោយសំឡេង៦៧ទល់នឹង៣៣ភាគរយ។ អ្នកប្រជាធិបតេយ្យខ្លះ ក៏បានសម្តែងការភ្ញាក់ផ្អើលចំពោះលទ្ធផលរបស់លោក Bidenដែរ។
លោកTrumpម្តងហើយម្តងទៀតបានភ្ជាប់បញ្ហារបស់អាមេរិកទៅនឹងការហូរចូលជនចំណាកស្រុកតាមព្រំដែនអាមេរិកប៉ែកខាងត្បូងជាប់ម៉ិកស៊ិក ដោយនិយាយថាជនចំណាកស្រុកទាំងនោះ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចអាមេរិកដែលធំជាងគេក្នុងពិភពលោក ហើយដណ្តើមការងារពីពលរដ្ឋអាមេរិកាំង។
លោកTrumpបានអួតអំពីអាណត្តិរបស់លោកឆ្នាំ២០១៧ដល់២០២១ថា«យើងមានព្រំដែនដែលមានសុវត្ថិភាពជាងគេក្នុងពិភពលោក»។ លោកថា«ឥឡូវនេះ វាជាកន្លែងដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក»។
លោកBiden តបវិញថា«លោកTrump បំផ្លើស និងនិយាយកុហក» ដោយកត់សម្គាល់ថាឥឡូវជនចំណាកស្រុកឆ្លងចូលព្រំដែនមានចំនួនតិចជាងមុន៤០ភាគរយចាប់តាំងពីលោកបានដាក់កំហិតយ៉ាងតឹងរឹងកាលពីពេលថ្មីៗនេះ៕