ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានសន្មតថាក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃអង្គារ ហើយលោកអតីតប្រធានាធិបតី Donald Trump មានប្រតិភូគ្រប់គ្រាន់ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលនាំឱ្យមានការប្រកួតប្រជែងគ្នាជាថ្មីនៅខែវិច្ឆិកាខាងមុខ។
ទាំងលោក Trump និងលោក Biden បានឈ្នះឆ្នោតក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារនៅរដ្ឋ Georgia រដ្ឋ Mississippi និងរដ្ឋ Washington ដែលធ្វើឱ្យលោកទាំងពីរមានប្រតិភូគ្រប់គ្រាន់សម្រាប់ចំនួនភាគច្រើននៅក្នុងបក្សរៀងៗខ្លួន។
កាលពីថ្ងៃអង្គារ លោក Biden បានខ្វះប្រតិភូ ១០២ នាក់ ដើម្បីទទួលបានចំនួនប្រតិភូភាគច្រើន ១.៩៦៨ នាក់ ដែលត្រូវការដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការខាងគណបក្សប្រជាធិបតេយ្យ។ ចំណែកឯលោក Trump វិញ លោកខ្វះប្រតិភូ ១៣៧ នាក់ក្នុងចំនួបប្រតិភូភាគច្រើន ១.២១៥ នាក់ ដែលត្រូវការដើម្បីទទួលបានការតែងតាំងពីបក្សសាធារណរដ្ឋ។
លោក Biden បានប្រឈមនឹងការប្រឆាំងតែឈ្មោះប៉ុណ្ណោះដើម្បីទទួលបានការតែងតាំងពីគណបក្សប្រជាធិបតេយ្យ។
ចំណែកឯលោក Trump វិញ លោកបានឈ្នះបេក្ខជនមួយចំនួននៃគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតបឋម រួមមានអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley និងអភិបាលរដ្ឋ Florida លោក Ron DeSantis។ បេក្ខជនឯទៀតៗរួមមានលោក Mike Pence អតីតអនុប្រធានាធិបតីរបស់លោក Trump ដែលបានដកខ្លួនជាច្រើនខែមកហើយដោយសារខ្វះការគាំទ្រពីអ្នកបោះឆ្នោតនៅក្នុងការប្រឈមនឹងការក្តោបក្តាប់របស់ក្រុមអ្នកបោះឆ្នោតច្រើននាក់របស់លោក Trump។
ទោះជាមិនទាន់មានការតែងតាំងជាផ្លូវការដោយគណបក្សក៏ដោយ ក៏លោក Biden និងលោក Trump បានធ្វើការឃោសនាបោះឆ្នោតយ៉ាងពេញទំហឹង ក្នុងពេល ៨ ខែមុនការបោះឆ្នោត ដោយរិះគន់គ្នាទៅវិញទៅមកតាមតែពួកគេអាចធ្វើបាន៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។