ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ក្រុមអន្តរកាលរបស់លោក Joe Biden មិនរង់ចាំរហូតដល់ព័ត៌មានពីការព្យាករណ៍ថា បានឈ្នះឆ្នោត ទើបចាប់ផ្តើមធ្វើការងារនោះទេ។
តាំងពីមុនការព្យាករណ៍ពីជ័យជម្នះរបស់លោក Biden កាលពីថ្ងៃសោរ៍ម៉្លេះ លោក Ted Kaufman អ្នកជំនួយការដ៏យូរអង្វែងរបស់លោក Biden បានដឹកនាំកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យប្រាកដថា លោកអតីតអនុប្រធានាធិបតី អាចចាប់ផ្តើមបង្កើតរដ្ឋាភិបាលនៅពេលគេព្យាករណ៍ពីជ័យជម្នះភ្លាម។
លោក Biden ដំបូងឡើយបានស្នើសុំឲ្យលោក Kaufman ចាប់ផ្តើមការងារក្រុមអន្តរកាលក្នុងករណីឈ្នះឆ្នោតកាលពីខែមេសា ភ្លាមៗបន្ទាប់ពីលោកអតីតអនុប្រធានាធិបតីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
លោក Kaufman ជាអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរដ្ឋ Delaware ដែលត្រូវបានតែងតាំងដើម្បីទទួលអាសនៈទំនេររបស់លោក Biden ក្រោយលោកបានជាប់ជាអនុប្រធានាធិបតីក្នុងអាណត្តិលោក Barack Obama។ លោក Kaufman ក៏ធ្លាប់ធ្វើការក្នុងក្រុមរដ្ឋាភិបាលអន្តរកាលរបស់លោក Obama កាលពីឆ្នាំ២០០៨ ផងដែរ៕