លោកប្រធានាធិបតី Joe Biden ស្វាគមន៍លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃសុក្រនេះ ដែលជាមេដឹកនាំបរទេសដំបូងគេធ្វើទស្សនកិច្ចនៅសេតវិមានដោយគូសបញ្ជាក់ តួនាទីសំខាន់របស់រដ្ឋាភិបាលក្រុងតូក្យូនៅក្នុងយុទ្ធសាស្រ្តសហរដ្ឋអាមេរិក ទប់ទល់បញ្ហាប្រឈមកាន់តែខ្លាំងពីប្រទេសចិន។
មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថា គេរំពឹងថា លទ្ធផលនៃកិច្ចប្រជុំកំពូលមួយថ្ងៃនេះ មានដូចជាវិធានការបង្វែរបណ្តាញផ្គត់ផ្គង់ដែលពឹងផ្អែកលើប្រទេសចិនខ្លាំងពេក និងការតាំងចិត្តរបស់ប្រទេសជប៉ុនដាក់ទុនមានទឹកប្រាក់២ពាន់លានដុល្លារធ្វើការជាមួយសហរដ្ឋអាមេរិកបង្កើតជម្រើសថ្មីក្រៅពីបណ្តាញ 5G របស់ក្រុមហ៊ុន Huawei របស់ចិន។
មន្ត្រីរូបនោះបាននិយាយថា គេក៏រំពឹងដែរថា លោក Biden និងលោក Suga នឹងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងប្រទេសចិនផងដែរ រួមទាំងស្ថានភាពនៅក្រុងហុងកុងនិងតំបន់ស៊ីនជាង។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានបន្តទៀតថា កិច្ចប្រជុំកំពូលរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយអំពីកោះតៃវ៉ាន់ដែលកំពុងរងសម្ពាធខាងយោធាពីប្រទេសចិន។
វានឹងក្លាយជាសេចក្តីថ្លែងការណ៍រួមរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងមេដឹកនាំជប៉ុនលើកដំបូងស្តីពីតៃវ៉ាន់ តាំងពីឆ្នាំ១៩៦៩។ ប៉ុន្តែវាមិនទំនងជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងទទួលបានពីលោក Suga ទេ ព្រោះលោកបន្តមរតកគោលនយោបាយស្វែងរកតុល្យភាពសន្តិសុខជាមួយទំនាក់ទំនងសេដ្ឋកិច្ចនៅពេលលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីខែកញ្ញា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកាលពីខែមីនាវវាងសហរដ្ឋអាមេរិកនិងជប៉ុន មន្រ្តីភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បង្ហាញការព្រួយបារម្ភរួមអំពីសិទ្ធិមនុស្សនៅហុងកុងនិងតំបន់ស៊ីងជាង៕
លោកប្រធានាធិបតី Biden ស្វាគមន៍លោក Suga នាយករដ្ឋមន្ត្រីជប៉ុនជាភ្ញៀវទីមួយ និងជាសម្ព័ន្ធមិត្តសំខាន់
វ៉ាស៊ីនតោន —