ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងធ្វើតាមការសន្យារបស់លោកក្នុងយុទ្ធនាការរកសំឡេងឆ្នោត ដោយនឹងតែងតាំងចៅក្រមម្នាក់ដែលជាស្ត្រីស្បែកខ្មៅឲ្យឡើងកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមតុលាការកំពូលដែលមាននិន្នាការសេរីនិយលោក Stephen Breyer ចូលនិវត្តន៍។
«បុគ្គលដែលខ្ញុំនឹងតែងតាំងនោះ នឹងជាមនុស្សដែលមានចំណេះ លក្ខណៈសម្បត្តិ បទពិ សោធន៍ និងសុចរិតភាពយ៉ាងប្រសើរអស្ចារ្យ» នេះជាសម្តីរបស់លោក Biden នៅពេលដែលលោកឈរនៅក្បែរលោក Breyer ដែលបានបញ្ជាក់កាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងលា ចេញពីតំណែង ក្រោយពីបានបំរើការអស់ពេល២៨ឆ្នាំ។ លោក Biden បន្តទៀតថា «ហើយបុគ្គលនោះនឹងជាស្ត្រីស្បែកខ្មៅទី១ដែលនឹងទទួលការតែងតាំងជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក»។
លោក Biden បានថ្លែងថាលោកនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ។ លោកថាលោក នឹងប្រកាសឈ្មោះបេក្ខជនរបស់លោកនៅចុងខែកុម្ភៈ ហើយថា លោកនឹងធ្វើការជាមួយក្រុមមេដឹកនាំសភា ដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងដើម្បីអនុម័តការតែងតាំងនោះឲ្យបានទាន់ពេលវេលា។
លោកស្រី Jan Psaki អ្នកនាំពាក្យសេតវិមានកាលពីថ្ងៃព្រហស្សតិ៍ថា «យើងមិនទាន់បាននិយាយដល់ឈ្មោះអ្នកណាម្នាក់នៅឡើយ។ យើងមិនទាន់បានធ្វើបញ្ជីរាយនាមនៅ ឡើយ»។
លោក Biden អាចប្រឈមនឹងការដាក់សម្ពាធដោយសារពេលវេលាដើម្បីតែងតាំងអ្នកឡើងកាន់តំណែងម្នាក់នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ បើសិន ជា គណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាឡើងវិញ លោកប្រធានាធិបតីនឹងពិបាកក្នុងការអនុម័តិបេក្ខជនរបស់លោក៕