លោក Biden នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព

រូបឯកសារ៖​ គេហទំព័រ HealthCare.gov ជាកន្លែងដែលមនុស្សអាចទិញការធានារ៉ាប់រងសុខភាព។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​ទាំង​ការ​បង្កើត​រយៈពេល​ចុះ​ឈ្មោះ​ពិសេស​សម្រាប់​ការធានា​រ៉ាប់រង​សុខភាព ដែល​អាច​ជួយ​ដល់​អ្នក​ដែល​បាន​បាត់បង់​ការ​ធារា​រ៉ាប់រង​សុខភាព​ក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ផង​ដែរ។​

ការ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព​តាមរយៈ​កន្លែង​ធ្វើការ​គឺ​ជា​មធ្យោបាយ​ជា​ទូទៅ​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិក​ក្នុង​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព ប៉ុន្តែ​ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ការងារដូច្នេះ​ហើយ​ធ្វើ​ឲ្យ​តួលេខ​អ្នក​គ្មាន​ការ​ធារា​រ៉ាប់រង​សុខភាព​កើនឡើង។​

បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​Biden​នឹង​អនុញ្ញាតឲ្យ​មាន​រយៈពេល​ពិសេសបី​ខែ​សម្រាប់​ចុះ​ឈ្មោះ​ទទួល​ការ​ធានា​រ៉ាប់រង​សុខភាព​ដែល​បង្កើត​ឡើង​ក្រោម​ច្បាប់​ថែទាំ​សុខភាពក្នុង​តម្លៃ​សមរម្យ​Affordable Care Act​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Obamacare។ ច្បាប់​នេះ​ត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ ២០១០ នៅ​ពេល​ដែល​លោក Biden នៅ​ជា​អនុប្រធានាធិបតី​នៅឡើយ។

ជាទូទៅ​កម្មវិធី​នេះ​ដាក់​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​ត្រឹម​តែ​រយៈពេល​ ៦​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​មុន​ការ​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នេះ​ថា៖ «ខណៈ​ដែល​យើង​បន្ដ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ វា​រឹត​តែ​សំខាន់​ដែល​ពលរដ្ឋ​អាមេរិក​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព​ដែលមាន​តម្លៃ​សមរម្យ»។

បទបញ្ជា​នីតិប្រតិបត្តិ​នេះ​ក៏​នឹង​ណែនាំដល់​ទីភ្នាក់ងារ​សហព័ន្ធ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​លើ​គោល​នយោបាយ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការការពារ​កម្មវិធី​នេះ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ជាប់ខ្លួន​ស្រាប់​ដោយ​រួម​ទាំង​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩​ផង​ដែរ៕