ប្រធានាធិបតីស.រ.អ.លោក Joe Biden មានកំណត់នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson ដើម្បីធ្វើការចរចាគ្នានៅសេតវិមាននៅពេលពួកមេដឹកនាំអង្គការអូតង់ប្រុងប្រៀបធ្វើសន្និសីទកំពូលនៅប្រទេសលីទុយអានី។
ប្រទេសស៊ុយអែតប្រឹងប្រែងសុំចូលជាសមាជិកអង្គការអូតង់ដែលជាចំណាត់ការមួយបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែនកាលពីឆ្នាំទៅ។ ពួកមេដឹកនាំអូតង់បានយល់ព្រមឱ្យស៊ុយអែតចូលរួមក្នុងសន្និសីទកំពូលរបស់ពួកគេកាលពីឆ្នាំ២០២២ តែប្រទេសតួកគីនិងប្រទេសហុងគ្រីមិនទាន់បានផ្តល់សច្ចាប័នដល់ការប្រឹងប្រែងរបស់ស៊ុយអែតក្នុងដំណើរការមួយដែលត្រូវតែមានការមូលមតិជាឯកច្ឆន្ទពីសមាជិកបច្ចុប្បន្នទាំងអស់។
ប្រទេសហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអូតង់ជាមួយប្រទេសស៊ុយអែតហើយបានទទួលការយល់ព្រមពេញលេញឱ្យចូលក្នុងអូតង់កាលពីខែមេសា។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា៖«លោកប្រធានាធិបតី Biden និងលោកនាយករដ្ឋមន្ត្រី Kristersson នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការខាងសន្តិសុខដែលកើនជាងមុនរបស់យើងនិងបញ្ជាក់ជាថ្មីអំពីទស្សនៈរបស់លោកទាំងពីរថាស៊ុយអែតគួរចូលរួមក្នុងអូតង់ឱ្យបានឆាប់រហ័សតាមអាចធ្វើបាន»។
តួកគីបានចោទប្រកាន់ស៊ុយអែតថាអត់ឱនខ្លាំងពេកឱ្យក្រុមនានាដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងចំណោមតួកគី ស៊ុយអែតនិងហ្វាំងឡង់ ប្រទេសស៊ុយអែតបានធ្វើកំណែទម្រង់មួយចំនួន មានរួមទាំងច្បាប់ប្រឆាំងនឹងភេរវកម្មផងដែរ។ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg គ្រោងនឹងអញ្ជើញប្រទេសទាំងបីឱ្យធ្វើការចរចាគ្នានៅថ្ងៃព្រហស្បតិ៍។
លោកស្រី Jean-Pierre ក៏បានថ្លែងដែរថាលោក Biden និងលោក Kristersson ក៏នឹងពិភាក្សាគ្នាដែរលើការសម្របសម្រួលគ្នាអំពីប្រទេសចិន ព្រមទាំងនឹងនិយាយអំពីការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនិងបច្ចេកវិទ្យាថ្មីៗ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAPនិង Reuters