ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយា បានធ្វើដំណើរទៅកាន់ទីក្រុង Fort Myers រដ្ឋ Florida កាលពីថ្ងៃពុធ ដោយបានជិះឧទ្ធម្ភាគចក្រ Marine One ពិនិត្យមើលការខូចខាតដែលបណ្ដាលមកពីព្យុះសង្ឃរា Ian និងបានជួបជាមួយនឹងមន្ត្រី ពលរដ្ឋ និងម្ចាស់អាជីវកម្មនានាដែលរងផលប៉ះពាល់ដោយសារព្យុះដ៏ប្រល័យនេះ។
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនេះបានកើនរហូតដល់យ៉ាងតិច ១០៩ នាក់ ដោយក្នុងនោះ ១០៥ នាក់គឺស្លាប់នៅក្នុងរដ្ឋ Florida ហើយក្រៅពីនេះគឺស្លាប់នៅក្នុងរដ្ឋ North Carolina។ ក្នុងចំណោមនោះ អ្នកស្លាប់ជាង ៥០ នាក់គឺនៅក្នុងស្រុក Lee នៃរដ្ឋ Florida ដែលរងគ្រោះខ្លាំងក្លាជាងគេបំផុតដោយសារខ្យល់ព្យុះនេះ។
លោក Biden បានជួបជាមួយនឹងថ្នាក់ដឹកនាំថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាន ដែលក្នុងនោះរួមមានទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis និងសមាជិកព្រឹទ្ធសភាលោក Marco Rubio និងលោក Rick Scott ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងរើបឡើងវិញពីគ្រោះមហន្តរាយនេះ។
កន្លងមក លោក Biden មានការខ្វែងគំនិតគ្នាជាមួយនឹងលោក DeSantis ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ខាងមុខ លើបញ្ហាអន្តោប្រវេសន៍និងបញ្ហាផ្សេងៗទៀត។ ចំណែកឯលោក Rubio និងលោក Scott វិញ លោកទាំងពីរធ្លាប់រិះគន់ខ្លាំងក្លាលើគោលនយោបាយរបស់រដ្ឋបាលលោក Biden។
ប៉ុន្តែនៅពេលឥឡូវនេះ គូប្រជែងនយោបាយទាំងនេះបានទុកការខ្វែងគំនិតគ្នាមួយឡែក ដោយងាកមកផ្ដោតលើកិច្ចប្រឹងប្រែងរើបឡើងវិញពីគ្រោះមហន្តរាយនេះ។
លោក Biden បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងលោក DeSantis ថា៖ «នេះគឺជាការចូលរួមទាំងអស់គ្នារបស់ជនរួមជាតិសហរដ្ឋអាមេរិក»។
លោក Biden បានសន្យាថានឹង «សម្របសម្រួលគ្រប់ផ្នែកទាំងអស់នៃរដ្ឋាភិបាលសហព័ន្ធដើម្បីជួយដល់តម្រូវការបន្ទាន់នានានិងការកសាងឡើងវិញរយៈពេលវែង» នៅក្នុងរដ្ឋ Florida។
លោក Biden បានបញ្ជាក់ថា ពលរដ្ឋនៅរដ្ឋ Florida ណាដែលមិនបានទិញធានារ៉ាប់រងគ្រោះមហន្តរាយប្រហែលជាអាចមានសិទ្ធិទទួលបានថវិការហូតដល់ ៨ ម៉ឺនដុល្លារពីរដ្ឋាភិបាលអាមេរិកដើម្បីជួសជុលឬក៏សាងសង់ផ្ទះក៏ដូចជាដើម្បីជួសជុលឬក៏ទិញយានយន្តរបស់ពួកគេឡើងវិញ។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ឱ្យពលរដ្ឋនៃរដ្ឋ Florida បានដឹងថា ខ្ញុំនិងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាំងចិត្តថាយើងនឹងចាកចេញពីទីនេះទេ។ យើងនឹងជួយអ្នករហូតទាល់តែដំណើរការរើបឡើងវិញពីគ្រោះមហន្តរាយនេះចប់រួចរាល់»។
លោក DeSantis បានថ្លែងអំណរគុណដល់លោក Biden ដែលបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋរបស់លោក និងបានសរសើរទីភ្នាក់ងារសហព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ (FEMA) ដោយបាននិយាយថា «យើងមានសំណាងខ្លាំងណាស់ដែលមានកិច្ចសម្របសម្រួលល្អជាមួយនឹងសេតវិមាននិងជាមួយនឹងទីភ្នាក់ងារ FEMA»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។
ទីក្រុង Fort Myers រដ្ឋ Florida —