ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរិះគន់ការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃចន្ទដែលបានផ្តល់អភ័យឯកសិទ្ធយ៉ាងច្រើនដល់ប្រធានាធិបតីឱ្យផុតពីការកាត់ទោសចំពោះសកម្មភាពផ្លូវការដែលបានធ្វើឡើងខណៈដែលកាន់តំណែង នៅក្នុងរឿងក្តីមួយទាក់ទិននឹងការខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីលោក Donald Trumpដើម្បីប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។
លោកប្រធានាធិបតី Biden បាននិយាយក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយពីសេតវិ មានកាលពីរសៀលថ្ងៃចន្ទថា«មិនមាននរណាម្នាក់នៅពីលើច្បាប់ទេ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ»។
លោក Biden បានសន្យាបន្តគោរពព្រំដែនអំណាចប្រធានាធិបតី ក៏ប៉ុន្តែ បានព្រមានថាប្រធានាធិបតីនៅពេលអនាគតអាចមិនគោរព។
លោក Biden បានបន្តទៀតថា៖«ប្រធានាធិបតីណាក៏ដោយ រួមទាំងលោក Donald Trumpឥឡូវនេះរួចផុតមិនគោរពច្បាប់»។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថាការសម្រេចកាលពីថ្ងៃចន្ទជាការវាយប្រហារជាបន្តបន្ទាប់ថ្មីៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើគោលការណ៍ច្បាប់ដែលបានបង្កើតជាយូរយាមកហើយនៅក្នុងប្រទេសជាតិរបស់យើងដោយតុលាការ យោងដល់ការសម្រេចប្រឆាំងសិទ្ធិនៃការពន្លូតកូននិងច្បាប់សិទ្ធិបោះឆ្នោតក្នុងសករាជសិទ្ធិស៊ីវិលក្នុងចំណោមការសម្រេចនានាដែល«ធ្វើឱ្យអន្តរាយនីតិរដ្ឋនៅក្នុងប្រទេសជាតិនេះ»។
តុលាការកំពូលបាននិយាយថាខណៈដែលលោក Trumpមានអភ័យឯកសិទ្ធសម្រាប់ការអនុវត្តផ្លូវការខណៈដែលនៅកាន់តំណែង មិនមានអភ័យឯកសិទ្ធសម្រាប់ការអនុវត្តក្រៅផ្លូវការទេ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានទុកបញ្ហានេះឱ្យតុលាការជាន់ទាបធ្វើការសម្រេចថានៅក្រោមកាលៈទេសៈណាខ្លះដែលលោកTrumpអាចត្រូវកាត់ទោស៕