សមាជិកគណបក្សប្រជាធិបតេយ្យដែលបានជួបប្រជុំគ្នាក្នុងរដ្ឋសភា អស់ពេលរាប់ម៉ោងកាលពីព្រឹកថ្ងៃអង្គារ បាននិយាយថា ពួកគេគាំទ្រលោកប្រធានាធិបតី Joe Biden ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
លោក Pete Aguilar សមាជិកសភាមកពីរដ្ឋ California ដែលជាប្រធានក្រុមនៃសមាជិកសភាគណបក្សប្រជាធិបតេយ្យក្នុងសភា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃអង្គារថា កិច្ចប្រជុំក្រុមសមាជិកគណបក្សនេះ គឺដើម្បីពិភាក្សាអំពីសមត្ថភាពរបស់លោកប្រធានាធិបតី Biden ក្នុងដំណើរការយុទ្ធនាការនេះហើយក៏ជា «លំហាត់ដើម្បីស្តាប់មតិគ្នាយ៉ាងពិតប្រាកដ»ដោយផ្តោតលើមតិផ្សេងគ្នាអំពីរបៀបត្រូវឆ្ពោះទៅមុខ។
មិនមានសមាជិកសភាគណបក្សប្រជាធិបតេយ្យណាមួយថែមទៀតបានអំពាវនាវឱ្យលោក Biden ដើរចេញពីការប្រកួតទេបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ។
ភាពតានតឹងបានកើនឡើង អំពីថាតើលោក Biden គួរឬមិនគួរនៅតែជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ។ សមាជិករដ្ឋសភា ដែលបានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃអង្គារ នៅទីស្នាក់ការរបស់គណបក្ស មិនត្រូវបានអនុញ្ញាតឱ្យយកទូរស័ព្ទដៃចូលដើម្បីកុំឱ្យមានការបែកធ្លាយដឹងមុន។ ក្រុមមេដឹកនាំគណបក្សបានហៅកិច្ចប្រជុំនេះថាជាការពិភាក្សាក្នុងគ្រួសារ។
លោក Biden បានប្រកែកយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនចុះចេញ ដោយសារតែមានការព្រួយបារម្ភ អំពីអាយុរបស់លោក និងអំពីសមត្ថភាពរបស់លោក ដើម្បីធ្វើយុទ្ធនាការទេ។ នៅក្នុងលិខិតមួយច្បាប់ដែលមានសម្តីខ្លាំងៗ លោក Biden បានប្រាប់គណបក្សរបស់លោក ឱ្យផ្តោតការយកចិត្តទុកដាក់ឡើងវិញទៅលើការគំរាមកំហែងដែលបង្កឡើងដោយលោក Donald Trump ដែលជាបេក្ខជននៃគណបក្សសាធារណរដ្ឋទៅវិញ៕