អន្តោប្រវេសន៍បានក្លាយជាបញ្ហាប្រឈមដ៏ខ្លាំងមួយនៃការកាន់ដំណែងជាប្រធានាធិបតីរបស់លោក Biden ដែលបានកត់សម្គាល់ដោយចំនួនអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនមានចំនួនយ៉ាងច្រើននិងជនចំណាកស្រុកផ្សេងទៀតដែលបានមកដល់ព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិចសិច។ លោកប្រធានាធិបតី Joe Biden បានសន្យាធ្វើទំនើបកម្មប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេសជាតិនិងស្ថាបនាឡើងវិញនូវកម្មវិធីតាំង ទីលំនៅថ្មីរបស់ជនភៀសខ្លួនដែលមានចំនួនទាបបំផុតក្នុងប្រវត្តិសាស្ត្រនៅក្រោមរដ្ឋបាលមុនៗ។
ក៏ប៉ុន្តែ ថ្វីបើបានចេញចំណាតើការបទបញ្ជាប្រធានាធិបតីដែលទាក់ទិននឹងអន្តោប្រវេសន៍ដែលមានចំនួនច្រើន លើសរដ្ឋបាលរបស់លោក Trump ក៏ដោយ ការខំប្រឹង ប្រែងរបស់លោក Biden បានធ្វើឱ្យមានការរិះគន់ពីភាគីទាំង២នៃវិសាលគមនយោបាយ។ ពួកអ្នករិះគន់មកពីភាគីខាងស្តាំបាននិយាយថារដ្ឋបាលមានការអត់អោនខ្លាំងពែក ខណៈដែលអ្នកនៅភាគីខាងឆ្វេងបាននិយាយថារដ្ឋបាលមានតឹងតែងពែក។
រដ្ឋបាលរបស់លោក Biden បានទទួលកេរដំណែលប្រព័ន្ធអន្តោប្រវេសន៍ប្រេះស្រាំ រួមមានកិច្ចការកកស្ទះនៃរឿងក្តីសុំសិទ្ធិជ្រកកោន ការកាត់បន្ថយនៃសមត្ថភាពដំណើការសុំឋានភាពជនភៀសខ្លួន និងគោលនយោបាយដូចជាគោលនយោបាយទី៤២ឬ Tittle 42 ដែលបានកែប្រែយ៉ាងខ្លាំងនូវទម្រង់អន្តោប្រវេសន៍។
ក្នុងអំឡុងនៃកិច្ចប្រជុំតាមអនឡាញមួយ លោក Muzaffar Chishti ជាអ្នកសិក្សាស្រាវជ្រាវនៅឯវិទ្យាស្ថានគោលនយោបាយអន្តោប្រវេសន៍ឬ MPI បានផ្តល់ឯកសាររបស់រដ្ឋបាលលោក Biden។ លោកបានកត់សម្គាល់ថាវិធីដោះស្រាយរបស់លោក Biden ដល់ការអនុវត្តចេញពីព្រំដែនត្រូវបានមើលឃើញថាជាការនិយមចូលចិត្តភាគច្រើនដោយអ្នកជំនាញនិងអ្នកគាំទ្រជនអន្តោប្រវេសន៍។
លោកបាននិយាយថាពួកមន្ត្រីរដ្ឋបាលបានផ្តោតលើការប្រតិបត្តិគោលការណ៍ណែនាំជាជាងព្យាយាមនិរទេសពួកគេ ដូច្នេះហើយ វិបត្តិនៅតាមព្រំដែនដែលមានឥទ្ធិពលអាក្រក់លើកេរដំណែលរបស់លោក។
លោកបានបញ្ជាក់ថាភាពជោគជ័យនៃអន្តោប្រវេសន៍ស្របច្បាប់នៅក្រោមលោក Biden ចង្អុលបង្ហាញដល់ទិដ្ឋាការដែលបានចេញឱ្យ ប្រវត្តចំនួននៃការចូលសញ្ជាតិនិងការកើនឡើងម្តងទៀតនៃការអនុញ្ញាតឱ្យជនភៀសខ្លួនចូលអាមេរិក។
លោកបាននិយាយទៀតថាមនុស្សប្រហែល៣លាន៥សែននាក់បានត្រូវចូលសញ្ជាតិនៅក្រោមរដ្ឋបាលរបស់លោក Biden ដែលជាចំនួនខ្ពស់បំផុតនៃការកាន់ដំណែងជាប្រធានាធិបតីមួយអាណត្តិ។
ទោះជាយ៉ាងណាក៏ដោយ លោក Chishti បាននិយាយថាចំណាត់ការសន្តិសុខព្រំដែនរបស់លោកបានជោគជ័យតិចតួច។ រដ្ឋបាលនេះបានប្រឈមចំនួនជនចំណាកស្រុកដ៏ច្រើនលើសលុប ពួកគេភាគច្រើនបានមកពីប្រទេសនានាហួសពីប្រទេសម៉ិចសិចនិងតំបន់អាមេរិកកណ្តាល។
លោកបាននិយាយទៀតថា«ប្រធានាធិបតី Biden បានចូលកាន់តំណែងដោយមានវិបត្តិនៅឯព្រំដែនដែលបានកើតឡើងដោយវិបត្តិជំងឺកូវីដនិងគោលនយោបាយទី ៤២»។ លោកបានបន្ថែមទៀតថាការខកខានរបស់រដ្ឋបាលលោក Biden ហៅស្ថាន ភាពនោះថាជាវិបត្តិបានធ្វើឱ្យមានទស្សនៈនៃការចាត់ការមិនត្រឹមត្រូវ ថ្វីបើមានការខំប្រឹងប្រែងដើម្បីចាត់ចែងបញ្ហានោះតាមរយៈកម្មវិធីថ្មីដូចជា CBP app និងកិច្ចផ្តួចផ្តើមនៃការដោះលែងដោយមានលក្ខខណ្ឌមុនកំណត់ត្រូវដោះលែងផ្សេងៗទៀត។
ចំណាត់ការព្រំដែន
អ្នកស្រី Marielena Hincapié ជាសាស្ត្រាចារ្យនៅឯសាលាច្បាប់នៅសាកលវិទ្យាល័យ Cornell ដែលបានចូលរួមកិច្ចប្រជុំតាមអនឡាញបានសរសើរការខំប្រឹងប្រែងមេដឹកនាំរបស់ក្រសួងសន្តិសុខមាតុភូមិដើម្បីបង្កើនអត្រានៃការចូលសញ្ញាតិ ការពន្លឿនដំណើរការនៃប័ណ្ណអនុញ្ញាតិធ្វើការនិងការអនុវត្តគោលនយោបាយបញ្ចូលរបៀបថ្មីដូចជាសកម្មភាពពន្យាពេលសម្រាប់កម្មករដែលគ្មានក្រដាសស្នាមដែលមានការខ្វែងគំនិតរវាងនិយោជិកនិងនិយោជកចំពោះស្ថានភាពការងារនិងថ្លៃឈ្នួល។
អ្នកស្រីបាននិយាយថាវិធានការទាំងនេះបានផ្តល់អត្ថប្រយោជន៍មិនត្រឹមតែជនអន្តោប្រវេសន៍ ប៉ុន្តែក៏ផ្តល់ប្រយោជន៍ដល់កម្លាំងការងារនិងសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែរ។
អ្នកស្រី Hincapié ក៏បានរិះគន់ចំណាត់ការបញ្ហាព្រំដែនរបស់រដ្ឋបាលលោក Biden ដោយបានហៅវាថាជាការចាត់ចែងមិនត្រឹមត្រូវ។
អ្នកស្រីបានសង្កត់ពីតួនាទីរបស់អភិបាលរដ្ឋ Texas លោក Greg Abbott និងអភិបាល Florida លោក Ron DeSantis នៅក្នុងការធ្វើឱ្យកាន់តែធ្ងន់ធ្ងឡើងនូវវិបត្តិដឹកតាមរថយន្តក្រុងនិងតាមជើងយន្តហោះនូវជនចំណាកស្រុករាប់ពាន់នាក់ទៅក្រុងញូវយ៉ក Chicago និងទីក្រុងផ្សេងទៀត។
អ្នកស្រី Hincapié ក៏បានចង្អុលបង្ហាញដល់ការពាក់ព័ន្ធបន្ថែមនៅកម្រិតថ្នាក់រដ្ឋដែរ ដោយនិយាយថា«មិនត្រឹមតែមានការដឹកជញ្ជូនជនចំណាកស្រុកតាមរថយន្តក្រុងនិងជើងហោះហើរដែលលោក DeSantis បានធ្វើប៉ុណ្ណោះទេ តែក៏ការវិវាទដែរ»។
អ្នកស្រីបាននិយាយទៀតថា«ហើយ ខ្ញុំប្រាកដមើលឃើញការណ៍នេះជាក្រុមផ្ទៃក្នុងនិងគមនាគមន៍របស់លោក Biden ដែលខកខានមិនបានធ្វើឱ្យយល់ថានេះជាសង្គ្រាមព័ត៌មានហើយការពិតគឺថាពួកគេបានបដិសេធមិនហៅវាថាជាវិបត្តិនៅពេលដែលការណ៍នេះជាអ្វីដែលពួកអ្នកបោះឆ្នោតបានឃើញ ពួកគេបានរក្សាការស្ងៀមស្ងាត់ហើយបានសម្រេចមិនយកបញ្ហាអន្តោប្រវេសន៍ជាអាទិភាព ហើយការធ្វើដូច្នេះ ពួកគេបានចុះចាញ់»។
ការផ្លាស់ប្តូរនៃចំណាកស្រុក
រដ្ឋបាលរបស់លោក Biden ក៏បានប្រឈមការផ្លាស់ប្តូរក្នុងទម្រង់នៃចំណាកស្រុកដែរ។
អ្នកស្រី Colleen Putzel-Kavanaugh ជាអ្នកវិភាគគោលនយោបាយនៅឯ MPI បាននិយាយថាតថភាពនៅឯព្រំដែនសហរដ្ឋអាមេរិកនិងម៉ិចសិចបានផ្លាស់ប្តូរម្តងទៀតក្នុងអំឡុងនៃអាណត្តិរបស់លោក Biden ដោយជនចំណាកស្រុកបានមកដល់ក្នុងចំនួនដ៏ធំមកពីតំបន់អឌ្ឍន៍គោលខាងលិចនិងមកពីប្រទេសនានាជុំវិញពិភពលោក។
អ្នកស្រីបាននិយាយថាប្រជាសាស្ត្រនៃជនចំណាកស្រុកក៏បានផ្លាស់ប្តូរពីមនុស្សពេញវ័យខ្លួនមួយទៅជាក្រុមគ្រួសារ ហើយពួកគេជាច្រើនបានស្វះស្វែងសុំសិទ្ធិជ្រកកោន ដែលធ្វើឱ្យស្មុគ្រស្មាញកាន់តែខ្លាំងឡើងដល់ដំណើការព្រំដែន។
ច្បាប់សហរដ្ឋអាមេរិកផ្តល់សិទ្ធិជ្រកកោនដល់មនុស្សដែលប្រឈមការធ្វើទុកបុកម្នេញនៅក្នុងប្រទេសរបស់ខ្លួនដែលផ្អែកលើពូជសាសន៍ សាសនា សញ្ជាតិ គំនិតនយោបាយ ឬសមាជិកភាពនៅក្នុងក្រុមពិសេសណាមួយ។
ក៏ប៉ុន្តែ ការផ្លាស់ប្តូរនៅក្នុងការមកដល់របស់ជនចំណាកស្រុកមកពីការឆ្លងកាត់មិនប្រក្រតីទៅដល់ការមកដល់ស្របច្បាប់នៅឯច្រកចូលនានាបានក្លាយជារឿងនៃការ ជោគជ័យមួយនៃយុទ្ធសាស្ត្រនៃការរៀបចំចាត់ចែងព្រំដែនរបស់លោក Biden។
ចំនួនជនចំណាកស្រុកដែលប្រទះឃើញនៅព្រំដែនប្រចាំខែបានធ្លាក់ចុះពីចំនួនខ្ពស់បំផុតនៅខែឆ្នូ ឆ្នាំ២០២២ ដោយបានធ្លាក់ចុះពីជាង៣សែននាក់ទៅដល់ប្រហែល១ សែន៦ពាន់នាក់នៅខែតុលា ឆ្នាំ២០២៤។ នេះបើតាមតួលេខរបស់ CBP។
បញ្ហាជាច្រើនឆ្នាំនឹងមក
ខណៈដែលការខំប្រឹងប្រែងរបស់លោក Biden ដើម្បីធ្វើទំនើបកម្មប្រព័ន្ធអន្តោប្រវេសន៍និងដោះស្រាយការសុំសិទ្ធិជ្រកកោនជាការមានសារៈសំខាន់ ពួកអ្នកជំនាញនិយាយថាបញ្ហាប្រឈមបន្តមានឡើងនៃការបម្លាស់ទីលំនៅមិនប្រក្រតីនិងសន្តិសុខព្រំដែននឹងស្ថិតនៅជាចំណុចយកចិត្តទុកដាក់ខ្លាំងមួយនៅក្នុងគោលនយោបាយអន្តោប្រ វេសន៍របស់សហរដ្ឋអាមេរិកជាច្រើនឆ្នាំខាងមុខទៀត។
លោក Chishti បាននិយាយទៀតថា«ខ្ញុំនិយាយដោយសង្ខេបថាយើងមានវិបត្តិដ៏សំខាន់ពិតប្រាកដ២នៅក្នុងប្រទេសរបស់យើង។ យើងមានវិបត្តិទីផ្សារការងារចាប់តាំងពីកម្រិតទាប មធ្យមដល់កម្រិតខ្ពស់និងវិបត្តិព្រំដែន។ ដោយហេតុនេះហើយបានជាមនុស្សទាំងនេះជាច្រើនដែលបានចូលក្នុងប្រទេសនេះ ទោះបីពួកគេបានមកមិនប្រក្រ តីក៏ដោយ ដែលត្រូវបានស្រូបដោយទីផ្សារការងារ។
លោក Chishti បានចង្អុលដល់សុន្ទរកថានៅឆ្នាំ២០២២មកពីលោក Jerome Powell ប្រធានធនាគារសហព័ន្ធអំពីទីផ្សារការងារសហរដ្ឋអាមេរិកនិងសក្កដានុពលរបស់វា។ លោក Powell បាននិយាយថាអន្តោប្រវេសន៍ជាប្រភពដ៏សំខាន់មួយនៃការផ្គត់ផ្គង់ការងារហើយការធ្លាក់ចុះដ៏សំខាន់ក្នុងកម្រិតជនអន្តោប្រវេសន៍ក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩បានធ្វើឱ្យធ្ងន់ធ្ងរដល់តម្រូវការនៃការផ្គត់ផ្គង់ពលកម្ម។
ការធ្លាក់ចុះនៃជនអន្តោប្រវេសន៍នាំឱ្យកម្មករតិចតួចបំពេញការងារ ជាពិសេសក្នុងផ្នែកដែលពឹងផ្អែកលើពលកម្មជនអន្តោប្រវេសន៍ ដូចជាការថែទាំសុខភាព សេវាកម្មសណ្ឋាគារឬភោជនីយដ្ឋាននិងកសិកម្ម។ លោក Powell បានទទួលស្គាល់ថាដើម្បីដោះស្រាយបញ្ហានៃការផ្គត់ផ្គង់ពលកម្ម រួមទាំងតាមរយៈគោលនយោបាយអន្តោប្រ វេសន៍ អាចជួយបន្ធូបន្ថយសម្ពាធដើម្បីបង្កើនប្រាក់ឈ្នួលនិងកាត់បន្ថយអតិផរណាដោយមិនធ្វើឱ្យប៉ះពាល់ជាដុំកំភួនដល់កម្រិតការងារ។
លោក Chishti បាននិយាយទៀតថា«មូលហេតុគ្មានអ្វីកើតឡើងលើការផ្លាស់ប្តូរឬការ ធ្វើកំណែទម្រង់ដល់ប្រព័ន្ធអន្តោប្រវេសន៍របស់យើង ដូច្នេះ យើងអាចទទួលមនុស្សស្របច្បាប់កាន់តែច្រើនឡើងសម្រាប់តម្រូវការទីផ្សារការងាររបស់យើង ព្រោះតែវិបត្តិនៅតាមព្រំដែន»។
លោកបាននិយាយបន្ថែមថា«មានវិបត្តិ២ ក៏ប៉ុន្តែ វិបត្តិទាំងនេះកំពុងជាប់គ្នា។ ប្រសិនបើ យើងមិនអាចត្រួតត្រាវិបត្តិព្រំដែនបាន យើងនឹងមិនអាចដោះស្រាយវិបត្តិទីផ្សារការងារបានទេ»៕