នៅឯសន្និសីទសារព័ត៌មានជាលើកទី ១ របស់លោកនៅក្នុងរយៈពេល ៨ ខែ ប្រធានា ធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចំណាយពេលជិត ១ ម៉ោង ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីចលនាកើនឡើងនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោកផ្ទាល់ ដែលទាមទារឱ្យលោកចុះចេញពីការប្រកួតយកតំណែងប្រធានាធិបតីមួយអាណត្តិទៀត ពីព្រោះតែការព្រួយបារម្ភថា ការចងចាំរបស់លោកធ្លាក់ចុះ។
លោកប្រធានាធិបតី Biden មានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើការពិនិត្យប្រសាទសាស្ត្រ ៣ លើក ហើយកាលពីពេលចុងក្រោយនេះ គឺនៅខែកុម្ភៈ។ ការពិនិត្យនេះប្រាប់ឱ្យដឹងថា ខ្ញុំមានសុខភាពល្អ»។
លោកប្រធានាធិបតីបន្ថែមទៀតថា ប្រសិនបើវេជ្ជបណ្ឌិតណាមួយ «គិតថាខ្ញុំត្រូវពិនិត្យប្រសាទសាស្ត្រម្តងទៀត។ ខ្ញុំនឹងធ្វើការពិនិត្យម្តងទៀត»។
លោក Biden ដែលមានអាយុ ៨១ ឆ្នាំ នៅតែបន្តនិយាយថា «អាយុកាន់តែចាស់កាន់តែឆ្លាត» ហើយលោកអាចដោះស្រាយភាពតានតឹងនៃការងារសម្រាប់មួយអាណត្តិទៀត។
អ្នកសារព័ត៌មានបានសួរលោកប្រធានាធិបតីអំពីអ្វីដែលកើតមានឡើងដល់ការសន្យារបស់លោកក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២០ ថា លោកគឺជាបេក្ខជនចម្លងទៅឱ្យអ្នកដឹកនាំវ័យក្មេងរបស់គណបក្សប្រជាធិបតេយ្យ ដែលត្រូវបានគេបកស្រាយនៅពេលនោះថា ជាការចង្អុលបង្ហាញថា លោកនឹងមិនឈរឈ្មោះម្តងទៀតនៅឆ្នាំ ២០២៤ នេះទេ។
លោក Biden បានឆ្លើយថា៖ «អ្វីដែលបានផ្លាស់ប្តូរនោះគឺស្ថានភាពធ្ងន់ធ្ងរដែលខ្ញុំបានទទួល គឺសេដ្ឋកិច្ច គោលនយោបាយការបរទេសរបស់យើង និងការបែកបាក់នៅក្នុងប្រទេស»។
លោកក៏បានមានប្រសាសន៍ដែរថា ប្រសិនបើអតីតប្រធានាធិបតីលោក Donald Trump វិលត្រឡប់ទៅកាន់សេតវិមានសម្រាប់អាណត្តិទី ២ នោះលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនឹងប្រឈមគ្រោះថ្នាក់។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរមកពីក្រុមអ្នកយកព័ត៌មានរាប់សិបនាក់ លោក Biden បានសរសើរការសម្រេចជោគជ័យរបស់លោក នៅក្នុងការដោះស្រាយវិបត្តិបរទេសនិងសេដ្ឋកិច្ច។ ក៏ប៉ុន្តែ អ្វីដែលនឹងនៅតែមានបញ្ហានៅក្នុងចំណងជើងសារ ព័ត៌មានបន្ទាប់ពីការថ្លែងជាសាធារណៈនៅពេលថ្មីៗបំផុតរបស់លោកនាពេលនេះ គឺការឆ្លើយតបរបស់លោកចំពោះវិបត្តិធំបំផុតដែលលោកប្រឈម ដែលចេញមកពីគណបក្សផ្ទាល់របស់លោក។
នៅពេលសួរថាតើលោកនឹងស្ថិតនៅក្នុងការប្រកួតប្រជែងនេះឬទេ ប្រសិនបើក្រុមរបស់លោកបង្ហាញទិន្ន័យដែលចង្អុលបង្ហាញថា អនុប្រធានាធិបតីលោកស្រី Kamala Harris មានឱកាសប្រសើជាងដើម្បីផ្តួលលោក Trump នោះ លោកប្រធានាធិបតីបាននិយាយថា លោកនឹងប្រយុទ្ធ ប្រសិនបើក្រុមអ្នកជំនួយការរបស់លោកប្រាប់លោកថា «មិនមានផ្លូវដែលយើងអាចឈ្នះ»។ បន្ទាប់មក លោកបាននិយាយខ្សឹបដាក់មេក្រូថា «មិនមានការស្ទង់មតិណានិយាយដូច្នេះទេ»៕