លោកប្រធានាធិបតី Joe Biden បានចូលរួមពិធីរំឭកខួប២០ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅថ្ងៃសៅរ៍ ដោយក្រៀមក្រំនិងមានការស្មឹងស្មាធ នៅពេលដែលលោកទៅមើលកន្លែងទាំងបីដែលបានរងការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិក។
លោក Biden និងអ្នកស្រី Jill Biden ដែលជាភរិយា បានចូលរួមពិធីនៅឯកន្លែងដែលយន្តហោះចំនួន៤គ្រឿង និងអ្នកប្លន់យន្តហោះចំនួន១៩នាក់ បានធ្វើការវាយប្រហារមកលើសហរដ្ឋអាមេរិកដែលជាដើមចមនាំឲ្យសហរដ្ឋអាមេរិក បានចាប់ផ្តើមចូលពាក់ព័ន្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេល២០ឆ្នាំ។ មន្រ្តីក្រុងនិងរដ្ឋ បាននិយាយថា ក្នុងចំណោមកន្លែងទាំងបី កន្លែងដំបូងគេដែលលោកបានទៅ គឺកន្លែងរងការវាយប្រហារនៅក្នុងទីក្រុងញូវយ៉ក ដែលមានការពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង បើទោះជាអភិបាលក្រុងលោក Bill de Blasio បាននិយាយសង្កត់ធ្ងន់ថា «មិនមានការគំរាមកំហែងជាក់លាក់ និងគួរឲ្យកត់សម្គាល់ មកលើទីក្រុងញូវយ៉កនេះក៏ដោយ»។
ខួបនៃការវាយប្រហារនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងក្រោយពីការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដែលឥឡូវនេះ ត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធតាលីបង់ដែលជាក្រុមតែមួយដែលបានផ្តល់កន្លែងសុវត្ថិភាពដល់ក្រុមអ្នកដែលបានរៀបចំផែនការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
នៅក្នុងសេចក្តីអត្ថាធិប្បាយដែលត្រូវបានថតទុកជាមុន លោក Biden បានប្រើឱកាសដ៏ក្រៀមក្រំនេះ ដើម្បីអំពាវនាវឱ្យមានការរួបរួមគ្នាម្តងទៀតនៅក្នុងសហរដ្ឋអាមេរិកដែលកំពុងតែបែកបាក់គ្នាកាន់តែខ្លាំងឡើង។
លោក Biden បានថ្លែងថា៖ «ការរួបរួមគ្នា គឺជាអ្វីដែលបង្ហាញអំពីអត្តសញ្ញាណរបស់យើងជាពលរដ្ឋអាមេរិកាំង។ ចំពោះខ្ញុំ សហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពល្អបំផុត ដោយសារតែបានរៀនពីបទពិសោធន៍នៃព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា គឺថានៅក្នុងស្ថានភាពងាយរងគ្រោះបំផុត យើងប្រើប្រាស់កម្លាំងទាំងអស់ដែលយើងមានក្នុងនាមជាមនុស្សដើម្បីប្រយុទ្ធ ក្នុងគោលបំណងរក្សាព្រលឹងជាតិសហរដ្ឋអាមេរិក។ ការរួបរួមគ្នា គឺជាកម្លាំងដ៏ធំបំផុតរបស់យើង។ ការរួបរួមគ្នាមិនមែនមានន័យថា យើងត្រូវតែជឿលើរឿងតែមួយនោះទេ។ យើងត្រូវតែមានការគោរព និងជំនឿជាមូលដ្ឋានចំពោះគ្នាទៅវិញទៅមក និងចំពោះប្រជាជាតិនេះទាំងមូល»។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយា គឺអ្នកស្រី Jill Biden អតីតប្រធានាធិបតីលោក Barack Obama និងភរិយា គឺអ្នកស្រី Michelle Obama និងអ្នកផ្សេងទៀតចូលរួមពិធីរំឭកខួប២០ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
លោក Biden បានចាប់ផ្តើមដំណើររបស់លោកនៅក្នុងទីក្រុងញូវយ៉ក គឺនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) ដែលយន្តហោះពីរគ្រឿង បានបើកបុកអាគារនេះនៅប៉ែកខាងជើង និងខាងត្បូងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា កាលពីពីរទសវត្សរ៍មុន។
នៅក្នុងពិធីរំឭកខួបកាលពីព្រឹកថ្ងៃសៅរ៍នោះ ក៏មានការចូលរួមពីសំណាក់អតីតប្រធានាធិបតីលោក Bill Clinton និងអតីតរដ្ឋមន្រ្តីការបរទេសអ្នកស្រី Hilary Clinton ដែលជាភរិយា និងអតីតប្រធានាធិបតីលោក Barack Obama និងអ្នកស្រី Michelle Obama ជាភរិយា រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។
បន្ទាប់មកទៀត លោក Biden បានទៅគោរពវិញ្ញាណក្ខន្ធអ្នកដំណើរដែលបានស្លាប់ដោយការក្រោកឈរប្រឆាំងនឹងពួកអ្នកប្លន់យន្តហោះ នៅឯទីវាលមួយក្នុងក្រុង Shanksville រដ្ឋ Pennsylvania ដោយអ្នកដំណើរទាំងនោះ បានព្យាយាមរារាំងមិនឲ្យយន្តហោះនោះ បើកទៅបុកវិមានសភារបស់សហរដ្ឋអាមេរិក ទៅតាមការគ្រោងទុកនោះទេ។
អនុប្រធានាធិបតីអ្នកស្រី Kamala Harris បានចាប់ផ្តើមប្រារព្ធពិធីរំឭកខួបនេះនៅព្រឹកថ្ងៃសៅរ៍នោះ នៅក្នុងក្រុង Shanksville រួមជាមួយអតីតប្រធានាធិបតីលោក George W. Bush និងអ្នកស្រី Laura Bush ដែលជាភរិយា។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris យកដៃប៉ះទីរំឭកវិញ្ញាណក្ខន្ធជាតិ Flight 93 ក្នុងអំឡុងពេលរំឭកខួបលើកទី២០ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅក្រុង Stoystown រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
នៅពេលរសៀលលោក Biden បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅឯមន្ទីរបញ្ចកោណ ដែលជាអគាររបស់រដ្ឋាភិបាលមួយផ្សេងទៀតដែលត្រូវបានក្រុមចោរប្លន់យន្តហោះយកជាគោលដៅនៃការវាយប្រហារនោះដែរ។
លោក Biden បានថ្លែងថា៖ «សាមគ្គីភាពនិងភាពរឹងមាំ សមត្ថភាពក្នុងការងើបឡើងវិញនិងការស្តារឡើងវិញក្រោយពីការវាយប្រហារ ការរួបរួមគ្នាក្នុងការបម្រើការងារ ការងើបឡើងបម្រើការងារ និងការពារប្រទេសរបស់មនុស្សនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ប្រឆាំងនឹងក្រុមភេរវជននោះ គឺបានបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញថា អ្នកណាដែលបង្កមហន្តរាយដល់សហរដ្ឋអាមេរិកនោះ សហរដ្ឋអាមេរិក នឹងតាមចាប់ខ្លួនអ្នក ហើយយើងនឹងធ្វើឲ្យអ្នកសងយើងវិញ។ កិច្ចការពារប្រទេស នឹងគ្មានថ្ងៃបញ្ចប់ឡើយ មិនថាថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ»។
អ្នកកាន់ទុក្ខនៅឯពិធីរំឭកខួប២០ឆ្នាំ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ដោយអាណិតអាសូរដល់«គ្រួសាររបស់ជនរងគ្រោះចំនួន ២.៩៧៧ នាក់មកពីជាង៩០ប្រទេសដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅក្នុងទីក្រុងញូវយ៉ក សង្កាត់ Arlington រដ្ឋ Virginia និងនៅក្នុងក្រុង Shanksville រដ្ឋ Pennsylvania ផងដែរ»។
ក្នុងចំណោមមនុស្សចំនួន ២.៩៩៦ នាក់ដែលបានស្លាប់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ មាន១៩ នាក់ ជាអ្នកប្លន់យន្តហោះ។ ដោយមិនបានលើកឡើងទាល់តែសោះអំពីអ្នកប្លន់យន្តហោះទាំង១៩នាក់នោះ នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Biden បានបង្ហាញដោយស្ងៀមស្ងាត់ថា ឃាតករទាំង១៩នាក់នោះ នឹងមិនទទួលបានការរំឭកវិញ្ញាណក្ខន្ធ និងការលើកលែងទោសដល់ពួកគេនោះទេ៕