លោក​ Biden​ បើក​សេតវិមាន​ទទួល​ភ្ញៀវ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​​អាមេរិក​ថ្ងៃទី​៤ ខែ​កក្កដា​

លោក​ប្រធានាធិបតី ​Joe Biden និង​ភរិយា​អ្នកស្រី Jill Biden ​មើល​​​​កាំជ្រួ​ច​​ពី​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​ពិធី​បុណ្យ​ឯករាជ្យជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២១។​

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ដំបូង​មួយ​ចាប់​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែង​លោក​ប្រធានាធិបតី ​Joe Biden​បានប្រារព្ធពិធី​ជប់លៀង​នៅ​សេតវិមាន​ដើម្បី​អមអរ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិកថ្ងៃទី៤ ខែ​កក្កដា​កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក ​Biden ​ថ្លែងថា៖ ​«ថ្ងៃ​នេះ​កាន់​តែ​កៀក​ជាង​ពេល​ណាៗ​ទំាង​អស់​ក្នុង​ការ​ប្រកាស​ឯករាជ្យ​ពី​វីរុស​ដ៏​កាច​សាហាវ​នេះ»។​

សេតវិមាន​បាន​បើក​ទទួល​ស្វាគមន៍​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញរាប់​រយ​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​មាន​អាហារ ​Hamburgers​ និង​អាហារ​ផ្សេងៗ​ទៀត។​

ក្នុង​ចំណោមភ្ញៀវ​ទាំង​នោះ​មាន​បុគ្គលិក​ជួរ​មុខ​ដែល​ជួយ​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​និង​គ្រួសារ​របស់​ទាហាន។​

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ភ្ញៀវ​កាល​ពី​ថ្ងៃ​អាទិត្យ​លោក​ Biden ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង។​

លោក​ថ្លែង​ថា៖​ «ជនរួម​ជាតិ​អាមេរិកាំង​ទំាងអស់​ការ​ចាក់​វ៉ាក់សាំង​គឺជា​រឿង​ស្នេហាជាតិ​ដែល​អ្នក​អាច​ធ្វើ​បាន»។​

រដ្ឋបាល​របស់​លោក​ Biden ​បាន​កំណត់ថា​ត្រឹម​ថ្ងៃ​៤​ ខែ​កក្កដា​នេះ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​៧០%​នៃ​ពលរដ្ឋ​អាមេរិកាំងពេញ​វ័យ​ទាំងអស់។​ ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សំាងបាន​ប្រមាណ​៦៧%​យ៉ាង​ហោច​ណាស់​១​ដូស។​

ពិធី​កាល​ពី​ថ្ងៃ​អាទិត្យ​ក៏​ត្រូវ​បាន​កត់​សម្គាល់​ថាជា​ព្រឹត្តិ​ការណ៍​ដំបូង​មួយ​នៃ​ព្រឹត្តិ​ការណ៍​ដែលរបង​ដែល​ត្រូវ​បាន​ដាក់ព័ទ្ធ​ជុំវិញ​សេតវិមាន​ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​ក្នុង​ឆ្នាំ​២០២០​និងការ​វាយ​លុក​ថ្ងៃទី​៦ ​ខែ​មករា​ទៅ​លើ​វិមាន​សភា​នោះ​ត្រូវ​បាន​ដក​ចេញ។​ឥឡូវ​អ្នក​ទេសចរ​អាច​ដើរ​ទៅ​ដល់​របង​ខាង​ជើង​វាលស្មៅ​នៅ​មុខ​សេតវិមាន។​

ទោះបីនេះ​ជា​ព្រឹត្តិ​ការណ៍​ធំបំផុត​ចាប់​តាំង​ពីលោក​ Biden​ បាន​ចូល​កាន់​តំណែង​នៅ​ក្នុង​ខែ​មករា​ក៏​ដោយ​ក៏​ចំនួន​មនុស្ស​មាន​តិចជាង​ព្រឹត្តិ​ការណ៍​ទិវា​ឯករាជ្យ​នៅ​សេតវិមាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។​ដោយ​មាន​ការ​បាញ់កាំជ្រួច​និង​ការ​ប្រមូល​ផ្តុំជនជាតិ​អាមេរិក​បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​លើកទី​២៤៥​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ប្រកប​ដោយ​អត្ថន័យ​ជា​ថ្មី​វិញ​ ខណៈ​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ១៩​បាន​បន្ត​ធ្លាក់​ចុះ​ប៉ុន្តែ​ក៏មាន​ការ​រំឭក​ផង​ដែរ​ថា​នៅ​សហ​រដ្ឋ​អាមេរិក​មាន​មនុស្ស​ជាង​៦០​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​គឺ​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់៕​

ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។