ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានទទួលជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកBenjamin Netanyahu នៅសេតវិមានដើម្បីពិភាក្សាគ្នាដែលមានគោលបំណងធានាឲ្យមានបទឈប់បាញ់រយៈពេលយូរនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលបានឃុំខ្លួននៅទីនោះចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ពួកហាម៉ាស់លើអ៊ីស្រាអែល។
មេដឹកនាំទាំងពីរបានជួបគ្នានៅការិយាល័យសេតវិមាន ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំទាំងពីរបានថ្លែងសុន្ទរកថាបន្តបន្ទាប់គ្នាដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយលោក Netanyahu បានថ្លែងកាលពីថ្ងៃពុធនៅចំពោះមុខសភាសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានការពារសង្គ្រាមរបស់ប្រទេសលោកប្រឆាំងនឹងក្រុមហាម៉ាស់។ រីឯលោក Biden បានថ្លែងសុន្ទរកថាពីការិយាល័យសេតវិមានប្រកបដោយភាពស្រគត់ស្រគំ ដោយលោកបានដាក់ចេញនូវការគិតគូនៅពីក្រោយការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកកាលពីថ្ងៃអាទិត្យដកខ្លួនចេញពីការឈរឈ្មោះប្រធានាធិបតី ហើយគាំទ្រអ្នកស្រីអនុប្រធានាធិបតីរបស់លោក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា លោក Biden នឹងបង្ហាញ «ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់លោកចំពោះសន្តិសុខរបស់អ៊ីស្រាអែល» ហើយថាកិច្ចប្រជុំនឹងរួមបញ្ចូលការពិភាក្សាអំពីការគំរាមកំហែងដល់អ៊ីស្រាអែលពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ដូចជាក្រុមហាម៉ាស់ ក្រុមហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ និង ក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែន។
ក្រៅពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោក Biden និងលោក Netanyahu ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបង្ហាញពីការបញ្ឈប់ការប្រយុទ្ធ ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់នៅហ្កាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីនពីអ៊ីស្រាអែល និង ការកើនឡើងនៃជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា៕