មេដឹកនាំ​អាមេរិក​និង​ជប៉ុន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ទ្វេភាគី

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida (ឆ្វេងកណ្តាល) និងភរិយា លោកស្រី Yuko Kishida (ស្តាំកណ្តាល) ចូលរួមក្នុងពិធីមកដល់នៅមូលដ្ឋានទ័ពអាកាស Andrews រដ្ឋ Maryland ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida មក​កាន់​សេតវិមាន​នៅ​ថ្ងៃ​ពុធ​នេះ​សម្រាប់​ទស្សនកិច្ច​ផ្លូវការ​មួយ​ដែល​មាន​បំណង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ដើម្បី​ទប់ទល់​នឹង​វិធានការ​គឃ្លើន​របស់​ចិន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

មេដឹកនាំ​ទាំងពីរ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​សួន​កុលាប​នៃ​សេតវិមាន​នៅ​ក្រោយ​ការ​ប្រជុំ​បិទ​ទ្វារ​របស់​ពួកគេ។ គេ​រំពឹងថា​លោក​ទាំងពីរ​នឹង​ប្រកាស​អំពី​ផែនការ​នៅ​ក្នុង​ការ​កែប្រែ​រចនាសម្ព័ន្ធ​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​ឆ្លើយតប​ឱ្យ​បាន​លឿន​ចំពោះ​វិបត្តិ។ បញ្ជាការដ្ឋាន​យោធា​អាមេរិក​នៅ​ជប៉ុន​មាន​ទាហាន​អាមេរិក​ចំនួន ៥៤.០០០ នាក់​កំពុង​ឈរជើង។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​ថា ទស្សនកិច្ច​នេះ «គូស​បញ្ជាក់​អំពី​មហិច្ឆតា​ដ៏​ធំ​នៃ​សម្ព័ន្ធភាព​របស់​យើង»។

លោក Sullivan បាន​បញ្ជាក់​ថា លោក Biden និង​លោក Kishida នឹង​ប្រកាស​អំពី​វិធានការ​ពង្រឹង «កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​និង​សន្តិសុខ​ដើម្បី​ឱ្យ​មាន​ការ​សម្របសម្រួល​និង​សមាហរណកម្ម​កងកម្លាំង​របស់​យើង​កាន់តែ​ប្រសើរ​ជាងមុន និង​ឱ្យ​មាន​ការ​ធានា​ថា ពួកគេ​នៅ​ឈរជើង​និង​ភ្ជាប់​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត​ដែល​មាន​ចិត្ត​ដូចគ្នា»៕